8/31/2011

របៀបសូត្រកំណាព្យ


របៀប​កែ​ប្រែ​ទម្លាប់​អាក្រក់​



ពាក្យ​ចាស់​លោក​ពោល​ថា "ទម្លាប់​ធំ​ជាង​ច្បាប់​" ។ ពាក្យ​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​អានុភាព​របស់​ទម្លាប់។ អ្វី​ក៏​​ដោយ​ដែល​ក្លាយ​ទៅ​ជា​ទម្លាប់​ហើយ​ពិបាក​កែ​ណាស់។ ដូច្នេះ​មនុស្ស​គ្រប់​រូប​គួរ​ជៀស​វាង​ឲ្យ​បាន​នូវ​ទម្លាប់​អាក្រក់​ទាំង​ឡាយ។ តែ​បើ​ទម្លាប់​អាក្រក់​ដក់​ជាប់​ក្នុង​ខ្លួន​ហើយ​គួរ​រក​វិធី​កែ​ខៃ​ឲ្យ​ជ្រះ​​ស្រឡះ​។ ដើម្បី​នឹង​កែ​ទម្លាប់​អាក្រក់​បាន​ត្រូវៈ
១. តាំង​ចិត្ត​កែ​យ៉ាង​ពិតប្រាកដៈ ត្រូវ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ថា​ អ្នក​ត្រូវ​ការ​កែ​ប្រែ​ទម្លាប់​អាក្រក់​ ហើយ​ត្រូវ​ការ​ទម្លាប់​ល្អៗ​ជំនួស​វិញ។ រាល់​ពេល​ដែល​អ្នក​កែ​បាន​ នោះ​សន្ទុះ​ចិត្ត​របស់​អ្នក​ក៏​កាន់​តែ​ខ្លាំង​ឡើង​ដែរ។
២. គ្មាន​ករណី​លើក​លែងៈ ដើម្បី​កែ​ទម្លាប់​អាក្រក់​បាន​ប្រការ​សំខាន់បំផុត គឺ​ត្រូវ​គោរព​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​ករណី​លែក​លែង។ កុំ​គិត​ថា "ខុស​តែ​មួយ​មិន​អី​ទេ..." ។ ត្រូវ​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ជានិច្ច។
៣.​ ស្វែង​រក​ឱកាស​អនុវត្ត​ន៍​ទម្លាប់​ល្អៈ ជំនួស​ទម្លាប់​អាក្រក់ៗ​ដោយ​ទម្លាប់​ល្អ ហើយ​អនុវត្ត​ន៍​ជា​ប្រចាំ​រហូត​ក្លាយ​ជា​រឿង​ធម្មតា​ប្រចាំ​ថ្ងៃ។
ប្រែ​សម្រួលដោយ សេវាកម្ម​បក​ប្រែ​អ៊ិន​លីត 

ទម្លាប់​៧​យ៉ាង​ដែល​មាន​ឥទ្ធិពល​ក្រៃ​លែង​ដល់​សុខភាព



១. មិន​ជក់​បារី
២. ធ្វើ​លំហាត់​ប្រាណ​ ឬ​បញ្ចេញ​កម្លាំង​តាម​ការ​គួរ
៣. មិន​សេព​សុរា​ឬ​គ្រឿង​ស្រវឹង បើ​មាន​ត្រឹម​តិច​តួច
៤.​ ទទួល​ទាន​ដំណេក​ទៀង​ទាត់​ពី​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ
៥. រក្សា​ទម្ងន់​ឲ្យ​នៅ​កម្រិត​ល្មម
៦. បរិភោគ​អាហារ​ពេល​ព្រឹក​ក្នុង​កម្រិត​ទៀត​ទាត់
៧. មិន​បរិភោគ​អាហារ​រាយ​រង​ឡេះឡោះ​ក្រៅ​ពី​ពេល​អាហារ​ធំៗ
-ស្ត្រី​ដែល​អាច​អនុវត្តន៍​បាន​ពី​៦​ទៅ​៧​ចំនុច អាច​រស់នៅ​បាន​យូរ​ជាង​ស្ត្រី​ដែល​អនុវត្ត​ន៍​បាន​ត្រឹម​តែ​០ទៅ​៣​ចំនុច​ ចំនួន​៧​ឆ្នាំ។
-បុរស​ដែល​អាច​អនុវត្តន៍​បាន​ពី​៦​ទៅ​៧​ចំនុច​ អាច​រស់​នៅ​បាន​យូរ​ជាង​បុរស​ដែល​អនុវត្តន៍​បាន​ត្រឹម​តែ​០​ទៅ​៣​ចំនុច ចំនួន​១១​ឆ្នាំ។
ប្រែ​សម្រួល​ដោយ​ សេវាកម្ម​បក​ប្រែ​អ៊ិន​លីត

កុំ​ជឿ​១០​យ៉ាង



កុំ​ដាក់​ជំនឿ​ដោយ​ប្រាស​ចាក​ហេតុផល
១. កុំ​ជឿ​ដោយ​ឮតៗគ្នា
២. កុំ​ជឿ​តាម​ល្បី​ល្បាញ
៣. កុំ​ជឿដំណឹង​ពីមាត់​មួយ​ទៅ​មាត់​មួយ
៤. កុំ​ជឿ​ដោយ​ផ្អែក​តាម​តម្រា​ក្បួន​ខ្នាត
៥. កុំ​ជឿ​ដោយ​គូស​ដៅ​ខ្លួន​ឯង
៦. កុំ​ជឿ​ដោយ​គ្នាន​គ្នេ​គិត​ប៉ាន់​ស្មាន
៧. កុំ​ជឿ​ដោយ​ត្រិះ​រិះ​គយ​គន់​តាម​អាការៈ​ប្រហាក់​ប្រហែល
៨. កុំ​ជឿ​ដោយ​សំអាង​ថា​សម​ឬ​ស្រប​តាម​គំហើញ
៩. កុំ​ជឿ​ដោយ​អាង​ឬ​ឃើញ​ថា​អ្នក​ឲ្យ​យោបល់​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​គួរ​ជឿ​ជាក់
១០. កុំ​ជឿ​ដោយ​សារ​អ្ន​ក​នោះ​ជា​គ្រូ​របស់​ខ្លួន។
ពុទ្ធោវាទ

បុគ្គល​តែង​ពោល​ពាក្យ​៣​យ៉ាង​



១. ពោល​ពាក្យ​ដូច​ដុំ​លាមកៈ មនុស្ស​តែង​បរិភោគ​អាហារ​ជា​ធម្មតា។ តែ​ការ​បរិភោគ​អាហារ​ខុស​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​រាគ​រុះ លាមក​ធំ​ក្លិន​ស្អុយ។ លុះ​ខ្យល់​បក់​មក​ក៏​នាំ​ក្លិន​ស្អុយ​ទៅ​គ្រប់​ទិស​ទី។ យ៉ាង​ណាម៉ិញ​ពាក្យ​សំដី​ស្មោក​គ្រោក​មាន​ពាក្យ​កុហក ពាក្យ​ញុះ​ញង់​ ពាក្យ​ប្រមាថ​ត្រគោះ​បោះបោក និង​ពាក្យ​ឡេះឡោះ​ឥត​ប្រយោជន៍​ជា​ដើម ជាហេតុ​នាំ​ឲ្យ​ខូត​ប្រយោជន៍​ និង​រង្កៀស​ចិត្ត​អ្នក​ស្តាប់។ កេរ្តិ៍​ឈ្មោះ​អ្នក​និយាយ​​ក៏​ស្អុយ​រលួយ​ដូច​ក្លិន​លាមក​ សព្វ​ទីកន្លែង។
២. ពោល​ពាក្យ​ដូច​ផ្កាៈ ធម្មតា​ផ្កា​កាលណា​វារីក វា​ចោល​ក្លិន​ក្រអូប​ ហើយ​ខ្យល់​បក់​នាំ​ក្លិន​ក្រអូប​ទៅ​គ្រប់​ទិស​ទី។ អ្នក​ផង​ទាំង​ឡាយ​សប្បាយ​ចូល​ចិត្ត​យក​ផ្កា​នោះ​មក​ធ្វើ​ជា​គ្រឿង​តុបតែង​លំអ​ខ្លួន។ ទោះ​បី​ផ្កា​នោះ​មាន​ដើម​មិន​ល្អ សំបក​គ្រើម​ ស្លឹក​ជូរ​ចត់​ខា ផ្លែ​អត់​រស​ជាតិ​ក៏​ដោយ ក៏​គេ​នៅ​តែ​ចូល​ចិត្ត។ ដូច​នេះ​ ដើម​ ស្លឹក មែក ផ្លែ និង​ចំណែក​ផ្សេងៗ​ទៀត​នៃ​ដើម មាន​តម្លៃ​ដោយ​សារ​តែ​ផ្កា។ យ៉ាង​ណា​ម៉ិញ​មនុស្ស​ទោះ​បី​មាន​រូប​អាក្រក់​ក៏​ដោយ តែ​ពោល​ពាក្យ​សំដី​ប្រកប​ដោយ​គុណ​ធម៌ សីលធម៌ ដែល​ញ៉ាំង​ប្រយោជន៍​ឲ្យ​អ្នក​ដទៃ​និង​ខ្លួន​ឯង​ហើយ អ្នក​នោះ​ក៏​មាន​ឈ្មោះ​ក្រអូប​ដូច​ជា​ផ្កាអញ្ចឹង​ដែរ ហើយ​អ្នក​ផង​ទាំង​ពួង​ក៏​ចូល​ចិត្ត​គោរព​រាប់​អាន។ បុគ្គល​ពោល​ពាក្យ​យ៉ាង​នេះ​មាន​២​បែបៈ ក) ពោល​ពាក្យ​ល្អ​ទាំង​ទី​កំបាំង​មុខ​និង​ទី​ចំពោះ​មុខៈ នៅ​ចំពោះ​មុខ​ប្រើ​ពាក្យ​ ព្រះ​តេជគុណ​ លោក​ពូ អ្នក​មីង អ្នក​នាង... លុះ​ទីកំបាំង​មុខ​ក៏​ប្រើ​ពាក្យ​ដដែល។ ខ) ពោល​ពាក្យ​ល្អ​តែ​ចំពោះ​មុខៈ នៅ​កំបាំង​មុខ​ប្រែ​ជា​ហៅ​ អ្នក​នេះ​ អ្នក​នោះ អានេះ​ អានោះ​ ទៅ​វិញ។
៣. ពោល​ពាក្យ​ផ្អែម​ដូច​ទឹក​ឃ្មុំៈ ធម្មតា​ទឹក​ឃ្មុំ​សុទ្ធ​រមែង​ផ្អែម​ឆ្ងាញ់​ជាង​ទឹក​ឃ្មុំ​មិនសុទ្ធ​ដែល​លាយ​ទៅ​ដោយ​ទឹក។ ទឹក​ឃ្មុំ​មិន​សុទ្ធ​ធ្វើ​ឲ្យ​អ្ន​កបរិភោគ​ទ្រលាន់។ យ៉ាង​ណា​ម៉ិញ​អ្នក​ដែល​ពោល​ពាក្យ​ពីរោះ មិន​ប្រាថ្នា​លាភ​សក្ការៈពី​អ្នក​ដទៃ​​ពោល​ចេញ​ពី​ចិត្ត​បរិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​ឃ្មុំ​សុទ្ធ​ តម្លៃ​របស់​គេ​នៅ​តែ​មាន​ជា​ដរាប។ ចំណែក​ឯ​អ្នក​ពោល​ពាក្យ​ពីរោះ​ព្រោះតែ​លាភ​សក្ការៈ (ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា) ប្រៀប​ដូច​ជា​ទឹក​ឃ្មុំ​មិន​សុទ្ធ ពេល​គេ​ដឹង​ការ​ពិត​ក៏​រក​តម្លៃ​ប្រើ​ប្រាស់​គ្មាន។
(ស្រង់ចេញ​ពី​ទស្សនាវដ្តីកម្ពុជ​សូរិយា)

បើសិន​ទ្វីប​លោក


បើសិន​ទ្វីប​លោក​មាន​សច្ចៈ             ខ្ញុំ​សូម​ថ្នម​ថ្នាក់​ហើយ​ភក្តី
បើ​សិន​ទ្វីប​លោក​ចេះ​ប្រណី             ខ្ញុំ​សូម​បម​បី​ហើយ​ស្នេហា​។
បើ​សិន​ទ្វីប​លោក​ពោល​ពាក្យ​ពិត      ខ្ញុំ​សូម​ស្នេហ៍​ស្និទ្ធថើប​ភ័ត្រ្តា
បើ​សិន​ទ្វីប​លោក​មាន​មេត្តា             ខ្ញុំ​សូម​ស្នេហា​លុះ​អវសាន
បើ​សិន​ទ្វីប​លោក​ចេះ​សន្តោស        ខ្ញុំ​សូម​រូប​នោះ​ទុក​ក្នុង​ប្រាណ
បើ​សិន​ទ្វីប​លោក​បាន​សុខ​សាន្ត      ខ្ញុំ​សូមផ្ញើ​ប្រាណ​ក្នុង​លោក​នេះ។
តែ​លោកិយ​នេះ​គឺ​លោក​ទុក្ខ            លោក​ខ្វះ​ក្តី​សុខ​មនុស្ស​ស្រី​ប្រុស
លោក​ខ្វាក់​ច្រឡំត្រូវ​ជា​ខុស            លោក​ខ្វះ​សន្តោស​ខ្វះ​មេត្តា។
លោក​ខ្វះ​សីលធម៌​ខ្វះ​ពាក្យ​ពិត       លោក​ខ្វះ​អាណិត​ខ្វះ​ករុណ
លោក​ស្អុយ​រលួយ​លោក​សោកា     លោកិយ​លោកា​គឺលោក​កម្ម។
លោកិយ​ច្រណែន​លោក​ព្យាបាទ    ខ្ញុំ​សូម​ឲ្យ​ឃ្លាត​កុំ​ចង​ចាំ
បើ​សិន​ខ្ញុំ​ស្លាប់​សូម​ផ្តែផ្តាំ              សូម​ឲ្យ​លោ​កកម្ម​កុំ​ចង​ពៀរ។

សុខ​ សុត្ថាល ឆ្នាំ១៩៧២

របៀប​ដាក់​ឈ្មោះ​កូន​ចៅ​ខ្មែរ​នៅ​សម័យ​​បូរាណ



នៅ​សម័យ​បូរាណ​ ខ្មែរ​ដាក់​ឈ្មោះ​កូន​ចៅ​ទៅតាម​ក្បូន​ខ្នាត សឹង​រក​គ្រូ​អាចារ្យ​គន់​គូរ​ទស្ស​ទាយ​​មើល​តាម​​ពាលា​រាសីត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត​ចំនួន​ព្យាង្គ​ក៏​ត្រូវ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដែរ ដែល​មាន​ជា​លំដាប់​តាម​ពូជ​ពង្ស​ដូច​តទៅៈ
ក. ចំពោះ​ព្រះ​រាជ​បុត្រ​ព្រះ​មហាក្សត្រ
ព្រះ​នាម​នីមួយៗ​មាន​​ពី​បួន​ព្យាង្គ​ឡើង​ទៅ​ដូច​ជា​ ព្រះ​រាជ​បុត្រ​ព្រះ​បាទ​ជ័យ​វរ្ម័ន្ត​ទី​៧ វិរកុមារ​ សុរិយ​កុមារ។
ខ. ចំពោះ​រាជវង្សា​នុវង្ស​ និង​មន្រ្តី​ដែល​ព្រះ​រាជា​តែង​តាំង​ជា​ក្សត្រ​ពេញ​អង្គ
ព្រះ​នាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ​ ដូច​ជា​ វិរយៈ ប៉ូរក្ខស៊ី ពិស្ណុលោក​(​មន្ត្រី​រាជ​វង្ស)។
គ. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កត្តិ​យស
នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ពីរ​ព្យាង្គ​ដូចជា សម្បត្តិ ចំរើន​ សុខា ។ល។
ឃ. ចំពោះ​បុត្រ​ប្រជា​រាស្ត្រ​សាមញ្ញ​ទូទៅ
នាម​បុត្រ​មាន​តែ​មួយ​ព្យាង្គ​ឬ​មួយ​ម៉ាត់​ទេ​ពោល​គឺ ឈ្មោះ​ សុខ​ សៅ ម៉ែន ម៉ុក ជា​ គង់ ។ល។
បើ​រាស្ត្រ​ណា​បាន​ធ្វើ​ជា​មន្ត្រីកាល​ណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះទាំង​នោះ​​ នូវ​គោរម្យងារ​ដូចជា​ ពញា ឧកញ៉ា ។ល។
(ស្រង់ចេញ​ពី​សៀវភៅ បរិវា​ស័ព្ទ​ក្នុង​ភាសា​ខ្មែរ និពន្ធ​ដោយ​ស៊ី​សុវត្ថិ ប៉ូរក្ខស៊ី ឆ្នាំ១៩៧២)

"​កណ្តុំ​ឆែប​....ឆា​"?​ តើ​ពាក្យ​នេះ​មាន​ន័យ​ថា​ម៉េច?


"កណ្តុំ​ឆែប​....ឆា" ....​យើង​ច្រើន​ឮ​ពាក្យ​នេះ​ឧទាន​ឡើង​​​ពេល​អ្នក​ណា​ម្នាក់​ភ្ញាក់​នឹង​រឿង​ហេតុ​ណាមួយ​ភ្លាមៗ​ដោយ​មិន​បាន​ព្រាង។ តើ​ពាក្យ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា? សៀវភៅ​បរិវាស័ព្ទ​ក្នុង​ភាសា​ខ្មែរ​បរិយាយ​ថា​ ខ្មែរ​យើង​ច្រើ​ន​ប្រឌិត​ពាក្យ​ពេជន៍​ ដើម្បី​យក​មក​ប្រើ​តាម​សេចក្តី​ត្រូវ​ការ​នៃ​អ្នក​ស្រុក
មាន​ជា​អាទិ​ពាក្យ​ "​កណ្តុំ​ឆែប​...​ឆា​" ដែល​អ្នកខ្លះ​ច្រើន​ភ្លាត់មាត់​នៅ​វេលា​ចាក់​ក្រឡេក​ប្រលែង​គ្នា​លេង។ បើ​ពុំ​បាន​គិត​យើង​ស្មាន​ថា​ជា​ឧទានស័ព្ទ​។ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ពាក្យ​ចំអាស់​មួយ​បែប ដែល​អ្នក​ប្រាជ្ញា​បុរាណ​ចេះ​យក​ពាក្យ​ "​ឆា"​ មក​ដាក់​បញ្ឆោត​ ភ្ជាប់​ពី​ខាង​ក្រោយ​បង្អស់​ ដើម្បី​បង្វែរ​ដាន​អ្នក​ផង​កុំ​ឲ្យ​នឹក​សង្ស័យរក​អត្ថន័យ​ប្រាកដ​ឃើញ។
ពាក្យ​នេះ​យើង​ព្យាយាម​វែក​ញែក​រក​ហេតុ​ផល​ទៅ យើង​អាច​រក​ឃើញ​ច្បាស់​ថា ជា​ពាក្យ​គន្លាស់​កាត់ មាន​សេចក្តី​ថា "​កណ្តុំ​ឆែប​មួយ​ដួយ​" គន្លាស់​មក​ថា "​កណ្ត(?)យ​ឆែប​មួយ​ដុំ"។
ប្រភពៈ សៀវភៅ​បរិវាស័ព្ទ​ក្នុង​ភាសា​ខ្មែរ​ដោយ​ស៊ី​សុវត្ថិ ប៉ូរក្ខស៊ី ឆ្នាំ​១៩៧២

ដើម​កំណើត​អប្សរា​


អប្សរា....​ ពាក្យ​នេះ​ធ្វើ​ឲ្យ​យើង​នឹក​ទៅ​ដល់​រូប​ទេព​អប្សរ​ទាំង​ឡាយ​ដែល​បុព្វ​បុរស​ខ្មែ​រ​បាន​ឆ្លាក់​នៅ​​តាម​ប្រាង្គ​ប្រាសាទនានា។ រូប​អប្សរា​ តែង​មាន​ទឹកមុខ​ញញឹមស្ងប់​ឥត​ទុក្ខ​កង្វល់​ និង​មាន​កាយវិការ​ទន់​ភ្លន់​ល្វត​ល្វន់​រេរាំ​ហាក់​ដូច​ជា​របាំ​សួគ៌។ តើ​អប្សរា​មាន​ដើម​កំណើត​មក​ពី​ណា?
កំណើត​អប្សរា​មាន​ដំណាល​មក​ពី​រឿង​កូរ​សមុទ្រ​ទឹក​ដោះ។ នៅ​ក្នុង​សមុទ្រ​ទឹក​ដោះ​មាន​ទឹក​អម្រឹត​និង​វត្ថុ​ទិព្វ​ច្រើន​រក​នឹង​គណនា​ពុំ​អស់។ ដោ​យ​ចង់​ឃើញ​នូវ​វត្ថុ​ទិព្វ​ទាំង​នោះ​ និង​ចង់​បាន​នូវ​ជីវិត​អមតៈ ពពួក​ទេព្តា​ និង​ពពួក​យក្ស​ សហការ​គ្នា​កូរ​សមុទ្រ​ទឹក​ដោះដោយ​សន្យាគ្នា​ថា​ បើ​ទឹក​អម្រឹត​លេច​ឡើង​ចំមុខ​ពពួក​ទេព្តា​នោះ​ទឹក​អម្រឹត​បាន​ទៅ​ពពួក​ទេព្តា បើទឹក​អម្រឹត​លេច​ឡើង​ចំមុខ​ពពួក​យក្ស​នោះ​ទឹក​អម្រឹត​បាន​ទៅ​ពពួក​យក្ស។ បន្ទាប់ពី​សន្យា​គ្នា​ម៉ឹង​ម៉ាត​ដូច្នេះ​ហើយ ភាគី​ទាំង​ពីរ​ក៏​ចាប់​ផ្តើម​មហា​បេសកកម្ម​របស់​ខ្លួនដោយ​មាន​នាគ​ឈ្មោះ​វាសុកី ធ្វើ​ជា​ខ្សែសម្រាប់​ទាញ​កូរ​មហា​សមុទ្រ​ទឹក​ដោះ និង​យក​ភ្នំ មុន្ទរៈដែល​នៅ​ចំ​កណ្តាល​សមុទ្រ​ទឹក​ដោះ​ធ្វើ​ជា​ប្រដាប់​បង្វិល​កូរ។ ការ​កូរ​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំទិព្វ​នៅ​ទេវលោក​។ វត្ថុទិព្វ​ដែល​កើត​ចេញ​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​រួម​មានៈ
១. ផ្កា​ បណ្ណ​ជាតិៈ ថ្វាយ​ទៅ​​ព្រះ​ព្រហ្ម​យក​ទៅ​ដាំ​នៅ​ព្រហ្ម​លោក​ទាំង​ដប់​ប្រាំ​មួយ​ជាន់
២. ដំរី​ក្បាល​បី​ឈ្មោះ​ ព្ធរាវ័ណៈ ថ្វាយ​ទៅ​ព្រះ​ឥន្ទ្រ​ធ្វើ​ជា​យាន​ជំនិះ
៣. ព្រះ​នាង​ ស្រី​លក្ស្មីៈ ថ្វាយ​ទៅ​ព្រះ​វិស្ណុ​ធ្វើ​ជា​អគ្គ​មហេសី
៤. សេះ​ស​ឈ្មោះ ឧច្ច័យ​ស្វរៈ មិន​ថ្វាយ​ឲ្យ​អាទិទេព​អង្គ​ណា​ទេ រក្សា​ទុក​ជា​និមិត្ត​រូប​គោរព​ប្រតិបត្តិ​សីល​ប្រាំ​​សម្រាប់​ឋាន​ទាំង​បី គឺ​ឋាន​ទេវលោក ឋាន​មនុស្ស​លោក​ និង​ឋាន​បាតាលលោក។
៥. ទឹក​អម្រឹតៈ ជា​វត្ថុ​សក្តិ​សិទ្ធិ​ធ្វើ​ឲ្យ​មាន​អាយុ​វែង​ឥត​ដែន​កំណត់
៦. អប្សរាៈ អប្សរ​រាប់​សិប​អង្គ​លេច​ចេញ​ឡើងអណ្តែត​ពាស​ពេញ​លំហ​អាកាស​​រេរាំ​របាំសួគ៌​ បន្ទាប់​ពី​វត្ថុ​សក្តិ​សិទ្ធិ​ទី​ប្រាំ​គឺ​ទឹក​អម្រឹត​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​យក្ស​។ ប្រមុខ​អប្សរ​​ធ្វើ​សញ្ញា​ឲ្យ​បរិវារ​ រាំ​របាំង​ទេព​ពង្វក់​ចិត្ត​ពួក​យក្ស​ឲ្យ​ភ្លឹក​ភ្លេច​ផឹក​ទឹក​អម្រឹត។ រស​របាំ​ទាក់​ទាញ​ពួក​អសុរៈ​ឲ្យ​ស្រើប​ស្រាល​ ស្លុត​ស្លុង​អារម្មណ៍​ទៅ​តាម​ក្បាច់​រាំ។ ឃើញ​ឱកាស​ល្អ​ ព្រះ​វិស្ណុ​ក៏​កាឡា​ខ្លួន​ជា​ព្រះ​ពាយ​ឆក់​យក​ទឹក​អម្រឹត​ឲ្យ​ពួក​ទេវតា​ផឹក​ទាំង​អស់​ដើម្បី​ឲ្យ​មាន​ជីវិត​អមតៈ​។ ពេល​បេសកកម្មកូរ​សមុទ្រ​ទឹក​ដោះ​បាន​ចប់​សព្វ​គ្រប់​ហើយ ពួក​ស្រី​ទេព​អប្សរ​ទាំង​អស់​បាន​ក្លាយទៅ​ជា​ស្រី​របាំ​សួគ៌​រាំថ្វាយ​ព្រះ​ឥន្ទ្រ​តាំងតែតពី​នោះ​មក។
របាំ​របស់​ពពួក​ស្រី​ទេព​អប្សរ​នោះ​ សន្មត់​ហៅ​ថា​ របាំ​អប្សរា​។ របាំ​អប្សរា​រាំលើក​ទី​មួយ​នៅ​ឋាន​សមុទ្រ​ទឹក​ដោះហៅ​ថា​ របាំ​ទឹក​អម្រឹត។ ពេល​រេរាំ​ពពួក​ទេព​អប្សរ​តែង​កាន់​ផ្កា​បណ្ណជាតិ​ជា​និច្ច​ ដែល​តំណាង​ឲ្យ​ទេវលោក សុភមង្គល​ និង​ភាព​រុង​រឿង​របស់​សត្ត​និករ​គ្រប់​ឋាន។
អត្ថបទ​ដើមៈ សៀវភៅ​កំណើត​អប្សរា រៀប​រៀង​ដោយ​ ញ៉ែប សែ និង​ ចក់​ ឬទ្ធី បោះ​ពុម្ព​ឆ្នាំ​២០១០ ដោយ​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​សាស្ត្រា

ប្រជុំ​ពាក្យ​គន្លាស់​កាត់​ឬ​បរិវារស័ព្ទ​ខ្មែរ​

បរិវារ​ស័ព្ទ​

តើ​អ្វី​ទៅ​ដែល​គេ​ហៅ​ថា​បរិវា​ស័ព្ទ?
បរិវារស័ព្ទ = បរិវារ + ស័ព្ទ គឺ​ជា​ស័ព្ទ​ហែហម ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុង​ចំណោម​សមាសនាម​នីមួយៗ​ ប្រៀប​ធៀប​ដូច​ជា​បរិវារ​​ ដើម្បីសម្រួល​សម្តី​និយាយ និង​ប្រគំ​ស្នូរ​សំឡេង​ពិរោះ ផ្តួល​តាម​សំឡេង​ស័ព្ទ​ដើម ឲ្យ​មាន​សភាព​ជាប់​ចុង​ជួន​ សម្រួល​ដល់​ត្រចៀក​អ្នក​ស្តាប់​នោះ​ម្យ៉ាង​ដើម្បី​ជាគុណ​ស័ព្ទ​ពន្យល់​យ៉ាង​ ច្បាស់​នូវ​លក្ខណៈ ឬ​គុណ​សម្បត្តិ​នៃ​ពាក្យ​ដើម​នោះ​ទៀត​ផង។
កញ្ជក់​កញ្ជែងៈ ចាប់​ទាញ​កន្ត្រាក់​ដោយ​ឥត​គួរ​ប្រណី។ បរិវារស័ព្ទៈ កញ្ជែង​ដោយ​ឥត​កោត​ក្រក់​ គឺ​កញ្ឆក់​ដោយ​ឥត​កោត​ក្រែង​។
កណ្តោច​កណ្តែងៈ ត្រមោច​ឯក​ឯង​ក្នុង​ទី​ស្ងាត់។ បិរវារស័ព្ទៈ កណ្តែង​តែ​ម្នាក់​អោច គឺ​កណ្តោច​តែ​ម្នាក់​ឯង។
កម្ទេច​កម្ទីៈ កម្ទី​ជា​ធូលិច គឺ​កម្ទេច​ជា​ធូលី។
កាក់​កបៈ កាក់​គ្រប់​ដំណប​ គឺ​កប​គ្រប់​ដំណាក់។
កៀន​កោះ កោះ​ចន្លៀន​គឺ​កៀន​ចន្លោះ។
កំប្លុក​កំប្លែងៈ កំប្លុក​ថ្លែង គឺ​កំប្លែង​ថ្លុក។
កំព្រី​កំព្រាៈ កំព្រី​ដោយ​ឥត​មេជា គឺ​កំព្រា​ដោយ​ឥត​មេជី។
ក្តី​ក្តាំៈ ក្តាំព្រោះ​ប្រកាន់​រៀង​ខ្លួន​តាម​ចំណី គឺ​ក្តី​ព្រោះ​ប្រកាន់​រៀង​ខ្លួន​តាម​ចំណាំ។
ក្បាច់ក្បូរៈ គេ​ច្រើន​ប្រើ​ពាក្យ​នេះ​ក្នុង​វគ្គ "​មិន​ដឹង​ជា​ក្បាច់​ក្បូរ​អ្វីទេ! ឬ​ចេះ​តែ​ក្បាច់​ក្បូរ​ណាស់" ដែល​យើង​អាច​បក​ស្រាយ​ថាៈ ពុំ​មាន​ការ​ចាំបាច់​អ្វីឡើយ! ឬ​ពុំ​ចាំ​បាច់​ទេ! ដូច្នេះ​បរិវាស័ព្ទ ក្បូរ​អាច​គន្លាស់​បាន​ជា​ពាក្យ ក្បូរ​ចាំ​ដាច់​ គឺ​ក្បាច់​ចាំ​ដូរ។
ក្បាល​ក្បូងៈ ក្បូង​ដូច​លលាដ៏​ដាល​ គឺ​ក្បាល​ដូច​លលាដ៏​ដូង។
ក្មេង​ក្មាងៈ ក្មាង​អ្នក​ជិត​ខេង គឺ​ក្មេង​អ្ន​ជិត​ខាង។
ក្រវេ​ក្រវូៈ ជា​គ្រាម​ភាសា​មាន​ន័យ​ថា​រវល់ ឈឺ​ឆ្អាល។ ក្រវេ​រឿង​របស់​កូ គឺ​ក្រវូ​រឿង​របស់​គេ។
ក្រីក្រៈ ជន​ក្រីក្រ​ជា​ជន​ខ្សត់​ខ្សោយ​លំបាក​ណាស់ មិន​ថា​តែ​សម្បត្តិ​ទេ គឺ​រហូត​ដល់​តំរិះ​វិជ្ជា​ផង​ ។ល។ បរិវារស័ព្ទៈ ក្រី​អប្រ គឺ​ក្រ​អប្រិយ ពោល​គឺ​ជន​ក្រខ្សត់​លំបាក​ដែល​ជា​ជន​មិន​គួរ​ស្រឡាញ់​រាប់​អាន។
ខិត​ខំៈ ខិត​ធ្វើ​ការ​ឲ្យ​អស់​ពី​ចំ គឺ​ខំធ្វើការ​ឲ្យ​អស់​ពី​ចិត្ត។
ខ្ជះ​ខ្ជាយៈ ខ្ជាយ​ជះ​ចោល​ដោយ​រាត់រះ គឺ​ខ្ជះ​ជះ​ចោល​ដោយ​រាត់​រាយ។
ខ្នល់​ខ្នើយៈ ខ្នល់​សម្រាប់​កើយ​ គឺ​ខ្នើយ​សម្រាប់​កល់។
ខ្លាំង​ក្លាៈ ក្លា​គ្រប់ប្រកាំង គឺ​ខ្លាំង​គ្រប់​ប្រការ។
ខ្វល់​ខ្វាយៈ ខ្វាយ​ក្នុង​រូប​កល់ គឺ​ខ្វល់​ក្នុង​រូប​កាយ។ ខ្វាយ​រក​ម​ធ្យោ​បល់ គឺ​ខ្វល់​រក​មធ្យោ​បាយ។
គិត​គូរៈ គូរ​ដើម្បី​ឲ្យ​ធិត គឺ​គិត​ដើម្បី​ឲ្យ​ធូរ។
គំរោះ​គំរើយៈ គំរើយ​ព្រៃ​ផ្សៃ​យ៉ាង​ជម្លោះ​ គឺ​គំរោះ​ព្រៃ​ផ្សៃ​យ៉ាង​ជម្លើយ។
គ្រាំគ្រាៈ ដែល​ចាស់​ណាស់​ ទ្រេត​ទ្រោម ទ្រុឌ​ទ្រោម។ បរិវារស័ព្ទៈ គ្រា​ដោយ​ចាស់​ជរាំ គឺ​គ្រាំ​ដោយ​ចាស់​ជរា។
ឃោរឃៅៈ កាច​ខ្លាំង​ឥត​មេត្តា​ប្រណី។ បរិវារស័ព្ទៈ ឃៅ​ដោយ​ចិត្ត​អាស្រូ គឺ​ឃោរ​ដោយ​ចិត្ត​អាស្រូវ។
ងងឹត​ងងល់ៈ ងងល់​មើល​មិន​យឹត​ គឺ​ងងឹត​មើល​មិន​យល់។
ងរ​ងក់ៈ ងក់​មួយ​សំប៊រ គឺ​ងរមួយ​សំបក់។
ចង្អៀត​ចង្អល់ៈ ចង្អល់​តប់​ប្រមៀត គឺ​ចង្អៀត​តប់​ប្រមល់។
ចាន​ក្បានៈ ក្បាន​គ្នា​តែ​នឹង​ចែ គឺ​ក្បែរ​គ្នា​តែ​នឹង​ចាន។
ចែ​ចង់ៈ ចែ​ល្បូង​ឲ្យ​ព្រម​ដោយ​តាម​ដោយ​ផ្លូវ​ស្នង់ គឺ​ចង់​ល្បួង​ឲ្យ​ព្រម​ ដោយ​តាម ដោយ​ផ្លូវ​ស្នេហ៍។
ចែ​ចូវៈ ចូវ​ដើម្បីបើក​ផ្លែ គឺ​ចែ​ដើម្បីបើក​ផ្លូវ។
ចំណី​ចំណុកៈ ចំណុក​ច្រើន​គ្រប់​ម៉ី គឺ​ចំណី​ច្រើន​គ្រប់​មុខ។
ឆោម​ឆាយៈ ឆាយ​ល្អ​ល្បី​ទៅ​ឆ្ងោម​ គឺ​ឆោម​ល្អ​ល្បីទៅ​ឆ្ងាយ។
ឆ្មើង​ឆ្មៃៈ ឆ្មៃ​វាយ​ឫក​ឲ្យ​មាន​តម្លើង គឺ​ឆ្មើង​វាយ​ឫក​ឲ្យ​មាន​តម្លៃ។
ឆ្លេ​ឆ្លាៈ ឆ្លេ​ដោយ​ស្ទុះ​ហា គឺ​ឆ្លា​ដោយ​ស្ទុះ​ហេ។
ឆ្អែត​ឆ្អន់ៈ ឆ្អន់​គ្រប់​ក្រែត គឺ​ឆ្អែត​គ្រប់​គ្រាន់។
ជាតិ ​ជៅៈ​ រសជាតិ​សំខាន់​ដែល​មាន​ប្រចាំក្នុង​អាហារ ក្នុង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ ឬ​ក្នុង​តម្រេក។ល។ សម្ល​នេះ​មាន​ជាតិ​ជៅ​ណាស់។ បរិវារ​ស័ព្ទ​ជៅ​នេះ​អ្នក​ប្រាជ្ញ​បុរាណ ប្រហែល​ជាមាន​គំនិត​ប្រដូច​ទៅ​នឹង​រស​ជាតិ​ដ៏​សំខាន់ ពិសេស​ជាង​គេ​ក្នុង​លោក ពោល​គឺ រស​ជាតិ​ឆ្ងាញ់​មួយ​ប្រភេទ ក្នុង​តម្រេក ដូច្នេះ​ បរិវារ​ស័ព្ទ ជៅ​នេះ​យើង​អាច​ដោះ​ស្រាយ​បាន​ជា​វគ្គ​មួយ​ថា៖ ជៅ​នៅ​កៀន​ភ្លាត​ គឺ​ជាតិ​នៅ​កៀន​ភ្លៅ ពោល​គឺ​មាន​តែ​រសជាតិ​កន្លែង​នេះ​ហើយ​ដែល​មាន​ឱជា​រស​សំខាន់​ជាង​គេ​ក្នុង​ លោក។
ជ្រុល​ជ្រួសៈ ជ្រួស​ដើរ​ហ៊ុល គឺ​ជ្រុល​ដើរ​ហួស។
ជ្រោម​ជ្រែងៈ ជ្រោម​ដោយ​ចោម​រែង គឺ​ជ្រែង​ដោយ​ចោម​រោម។
ឈូ​ឆរៈ ឆរ​ដោយ​អរអ៊ូ គឺ​ឈូ​ដោយ​អ៊ូ​អរ ឬ​ឆរ​ទៅ​ស្រ៊ូ គឺ​ឈូ​ទៅ​ស្រ។
ញាប់​ញ័រៈ ញាប់​ដោយ​សន្ធ័រ គឺ​ញ័រ​ដោយ​សន្ធប់។
ញញឹម​ញញែមៈ ញញែម​សប្បាយ​ចិត្ត​ដោយ​ផ្អែម​ល្ហឹម គឺ​ញញឹម​សប្បាយ​ចិត្ត​ដោយ​ផ្អែម​ល្ហែម។
ដាច់​ដោចៈ ដោច​ល្ហាច់ គឺ​ដាច់​ល្ហោច ឬ​ដាច់​ហិន​ហោច។
ដំណែ​ដំណឹងៈ ដំណែ​ដោយ​ហូរ​ហឹង​គឺ​ដំណឹង​ដោយ​ហូរ​ហែ។
ឋិត​ថេរៈ ថេរ​បាន​យូរ​ជាកាលកិត គឺ​ឋិត​បាន​យូរ​ជា​កេរកាល។
តាក់​តែងៈ តាក់​ឲ្យ​បាន​ល្អ​ចែង គឺ​តែង​ឲ្យ​បាន​ល្អ​ជាក់។
តឹង​តែងៈ តែង​ឲ្យ​ដូច​ខ្សែ​ខ្លឹង​គឺ​តឹង​ឲ្យ​ដូច​ខ្សែ​ខ្លែង។
តូច​តាចៈ តាច​មែន​តែ​ច្រើន​កូច គឺ​តូច​មែន​តែ​ច្រើន​កាច។ តាច​គ្មាន​អំណូច គឺ​តូច​គ្មាន​អំណាច។
ត្រាណ​ត្រើយៈ ត្រាណ​អវសោយ​ គឺ​ត្រើយ​អវសាន។
ត្រួត​ត្រាៈ ត្រា​មើល​ពិនិត្យ​គួត គឺ​ត្រួត​មើល​ពិនិត្យ​ការ។
ត្អូញ​ត្អែរៈ ត្អែរ​ចែ​ប៉​ប្រូញ គឺ​ត្អូញ​ចែ​ប៉​ប្រែ។
ថ្កុំ​ថ្កើងៈ ថ្កុំ​ឧត្តម​ឧត្តើង គឺ​ថ្កើង​ឧត្តុង្ក​ឧត្តម។
ថ្នាក់​ថ្នមៈ ថ្នាក់​មិន​ឲ្យ​អម គឺ​ថ្នម​មិន​ឲ្យ​អាក់។
ថ្លោះ​ធ្លោយៈ ធ្លោយ​ដោយ​មានការ​បណ្តែត​បណ្តោះ គឺ​ថ្លោះ​ដោយមានការ​បណ្តែត​បណ្តោយ។
ទាក់​ទងៈ ទង​ឲ្យ​ត្រូវ​តាម​ទំនាក់ គឺ​ទាក់​ឲ្យ​ត្រូវ​តាម​ទំនង។
ទូលំ​ទូលាយៈ ទូលំ​ធាយ គឺ​ទូលាយ​ធំ។
ធន​ធានៈ ធាន​ដែល​ជា​សម្បត្តិ​អ្នក​មុន គឺ​ធន​ដែល​ជា​សម្បត្តិ​អ្នក​មាន ពោល​គឺ​សម្បត្តិ​ដែល​គង់​វង់​នៅ​ឬ​កំពុង​ទ្រទ្រង់​នៅ។
ធ្ងន់​ធ្ងរៈ ធ្ងរ​ដូច​នៅ​ក្រោម​គំនន់​ គឺ​ធ្ងន់​ដូច​​នៅ​ក្រោម​គំនរ។
នឹក​នាៈ នា​រក​គ្នី​គ្នឹក​ គឺ​នឹក​រក​គ្នី​គ្នា។
នែប​និត្យៈ និត្យ​ឲ្យ​ជែប គឺ​នែប​ឲ្យ​ជិត។
បន្លែ​បន្លុកៈ បន្លុក​គ្រប់​ម៉ែ គឺ​បន្លែ​គ្រប់​មុខ។
បី​បមៈ បម​ដោយ​ថ្នី គឺ​បីដោយ​ថ្នម។
ប្រែ​ប្រួលៈ ប្រួល​ព្រោះ​មានការ​មិន​ស្រែ គឺ​ប្រែ​ព្រោះ​មានការ​មិន​ស្រួល។
ផូរ​ផង់ៈ ផង់​ដោយ​ត្រចូរ គឺ​ផូរ​ដោយ​ត្រចង់។
ផ្កេក​ផ្តិតៈ ផ្តិត​ស្រឡាញ់​ដោយ​ជាប់​ចេក គឺ​ផ្តេក​ស្រឡាញ់​ដោយ​ជាប់​ចិត្ត។
ពោះ​ពង់ៈ មាន​ផ្ទៃ​ពោះ​ មាន​គ័គ៌។ ពង់​មូល​ធ្លោះ គឺ​ពោះ​មូល​ថ្លុង។
ភ្លើត​ភ្លើនៈ ភ្លើន​សប្បាយ​ភ្លេច​ខ្លួន​ដោយ​ភាន់​ចិត្ត​ក្រអ៊ើន គឺ​ភ្លើន​សប្បាយ​ភ្លេច​ខ្លួន​ដោយ​ភាន់​ចិត្ត​ក្រអើត។
មនុស្ស​ម្នាៈ ម្នា​ចាំ​ការ​ពុះ​ គឺ​មនុស្ស​ចាំការ​ពារ ឬ​ម្នា​ជា​បរិពុះ គឺ​មនុស្ស​ជា​បរិពារ។
មមើ​មមាយៈ មមាយ​និយើ គឺ​មមើ​និយាយ ឬ​មមាយ​រាយ​មើ​ គឺ​មមើ​រាយ​មាយ។
ម៉ឹង​ម៉ាត់ៈ ម៉ាត់​ដោយ​ដាច់​ណឹង គឺ​ម៉ឹង​ដោយ​ដាច់​ណាត់។
យូរ​យាៈ យារ​ហួស​ច្រើន​វេលូរ គឺ​យូរ​ហួស​ច្រើន​វេលា។
យំ​យែកៈ យែក​ស្រុម​ គឺ​យំ​ស្រែក។
រវើ​រវាយៈ រវាយ​និយាយ​ផ្តេស​ផ្តាស​រាយ​មើ គឺ​រវើ​និយាយ​ផ្តេស​ផ្តាស​រាយ​មាយ។
រួស​រាយៈ រាយ​មាត់​យ៉ាង​ពព្រួស គឺ​រួស​មាត់យ៉ាង​ពព្រាយ។
លះ​លែងៈ លះ​គ្នា​ដាច់​ជ្រះ​ស្រឡែង គឺ​លែង​គ្នា​ដាច់​ជ្រះ​ស្រឡះ ឬ​លះ​គ្នា​ដោយ​ដាច់​សង្វែង គឺ​លែង​គ្នា​ដោយ​ដាច់​សង្វាស។
ល្អ​ល្អាច់ៈ ល្អាច់​ដ គឺ​ល្អ​ដាច់។
វាង​វៃៈ វាង​ដោយ​ជំនាញ​យ៉ាង​រហ័ស​ពុំ​មាន​លំអ៊ៃ គឺ​វៃ​ដោយ​ជំនាញ​យ៉ាង​រហ័ស​ពុំ​មាន​លំអៀង។
វិសេស​វិសាលៈ វិសាល​ល្អ​ប្រសើរ​ត្រកេស​ គឺ​វិសេស​ល្អ​ប្រសើរ​ត្រកាល។
សង​សឹកៈ សឹក​តប​វិញ​ដោយ​អំពើ​អាក្រក់​ពន់​ឡង គឺ​សង​តប​វិញ​ដោយ​អំពើ​អា​ក្រក់​ពន្លឹក។
សម​សួនៈ សួន​នឹង​ខ្លំ គឺ​សម​នឹង​ខ្លួន ពោល​គឺ​ឫក​ពារ​សម​តាម​វណ្ណៈ​ខ្លួន មិន​ហួស​ប្រមាណ។
សម្ល​សម្លុកៈ សម្លុក​បង់​ប្រហ​ គឺ​សម្ល​បង់​ប្រហុក។
ស្នេហ៍​ស្នងៈ ស្នង​នៃ​មាស​បែ គឺ​ស្នេហ៍​នៃ​មាស​បង។
ស្បថ​ស្បែៈ ស្បែ​ដោយ​ពាក្យ​សច្ចា​ប្រកាស​ថា​មិន​កត់ គឺ​ស្បថ​ដោយ​ពាក្យ​សច្ចា​ថា​មិន​កែ។
ស្លេក​ស្លាំៈ ស្លេក​ប៉ាំង​ គឺ​ស្លាំង​ពេក។
ហួង​ហែងៈ ហែងសម្បត្តិ​ទុក​សម្រាប់​ខ្លួន​អួង គឺ​ហួង​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​ឯង។
ឡូ​ឡាៈ ឡា​ដោយ​អានាចូរ​ គឺ​ឡូ​ដោយ​អានាចារ។ អានាចារ=កា​រ​ប្រព្រឹត្ត​ខុស​បែប​បទ​សណ្តាប់​ធ្នាប់។
អាចារ្យ​អាចុំៈ អា​ចុំ​លោក​គ្រូ​ខ្ញារ គឺ​អាចារ្យ​លោក​គ្រូ​ខ្ញុំ។

ប្រភពៈ សៀវភៅ​ បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ កម្រាស​៣៦០​ទំព័រ និពន្ធ​ដោយ​ ស៊ី​សុវត្ថិ​ ប៉ូរក្ខស៊ី ឆ្នាំ​១៩៧២