9/19/2011

ពាក្យកាព្យបុរាណ

ពាក្យកាព្យបុរាណ
          របស់លោកអ្នកឧកញ៉ា វង្សាសរពេជ្ញ នង  បានប្រែចេញពីបាលី ហើយនិពន្ធ ជាពាក្យឃ្លោង តាំងពីក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្ខមារា ព្រះអង្គឌួង ព្រះពុទ្ធវង្ស ម៉ី អាំងស្បិចទ័រ និង ព្រះគ្រូវិមលបញ្ញា អ៊ុម-ស៊ូរ អាចារ្យក្នុងរាជបណ្ណាល័យ បានយកមកពិនិត្យផ្ទៀងផ្ទាត់ ឲ្យបានត្រឹមត្រូវល្អឡើង ។
~~~~~~~
បាណាតិបាត
នាអ្នកនេសាទ
ចិត្តចោរចោតចង់
ពិឃាដម្រឹគា   
មច្ឆានូវអង្គ
មនុស្សសត្វឲ្យបង់

ឲ្យបាត់ជន្មា ។

អ្នកនោះនឹងទៅ      
រងបាបក្តាត់ក្តៅ
លំបាកនៅនា
សញ្ជីពនរក           
ទល់ទុក្ខឈឺផ្សា
ទុរន់ទុរា

រូបរងយូរក្រៃ ។

យម្ភូបាលបោះ      
ទៅក្នុងភ្លើងស្មោះ        
ឆុរឆេះក្សិណក្ស័យ
ហើយរស់រូបវឹង     
កុំដឹងភិតភ័យ
ថាវិលមកព្ធ

ដល់មាត់រណ្តៅ ។

យម្ភូបាលបរ          
ចោមចាក់នឹងស្នរ      
មូលច្បូកដែកក្តៅ
ចាក់នឹងលំពែង      
ស៊កសែងចោលទៅ 
ក្នុងទីរណ្តៅ

ភ្លើងភ្លឺពុំក្សាន្ត ។

កំណត់ជន្មា            
នរកនោះហា              
រយឆ្នាំប្រមាណ
គិតគណនាឆ្នាំ       
ត្រូវប្រាំបួនលាន         
មនុស្សនេះទើបបាន

មួយថ្ងៃនរក ។

លង់លុះរំដោះ
ពីនរកនោះ
មកមិនដែលសុខ
កើតជាមច្ឆា
មាន់ទាជ្រូកស្រុក
គេកាប់សាច់លក់

ប្រាំរយជាតិជាក់ ។

ទៀងទើបកើតជា
មនុស្សមានទោសា
គេបាញ់គេចាក់
គេដោតគេកាប់
សម្លាប់ឥតអាក់
ប្រាំរយជាតិជាក់

ពិតពុំសុខអង្គ ។

ទើបយកជាតិជា
មនុស្សមានរោគា
ដំបៅពកឃ្លង់
ជាមនុស្សគមគាក់
ភ្នែកខ្វាក់ខ្វិនខ្វង់
ក្ងែងក្ងង់

ក្ងួរអប្រិយ ។

បើបានជាតិមុន
ត្បិតផលជាតិមុន
បានសាងមកក្តី
ពៀរកម្មអាត្មា
ឲ្យអាយុខ្លី
ពុំយឺនជីវី

ជីវិតដល់ចាស់ ។

ទោះទុក្ខធ្វេសធ្វើ
កាយកម្មបាបបើ
បោះបង់ក្រឡាស់
ប្រលាប់លែងលាប
ប្រែប្រេះរហ័ស
ដឹងដោយធម៌ច្បាស់

គន់គិតយង់យល់ ។

ខ្លាចបាបខ្មាសបាប
ចៀសចាកដរាប         
ជីវិតសត្វសល់
ពិតពុំគណនា
រក្សាតម្កល់
ចិត្តចាំសីលផល

បាណាតិបាត ។

បានទៅកើតនា
សួគ៌ចាតុមហា
រាជិកាជាតិ
ជាអង្គទេវបុត្រ
បរិសុទ្ធស្អាត
ស្ថិតលើប្រាសាទ

ប្រាំពីរយោជន៍គត់ ។

ស្រីទេពកញ្ញា  
ប្រាំរយអង្គា
បម្រើបាទបត់
ចូលបង្គំគាល់
រៀងរាល់ប្រាកដ         
ប្រកបកំណត់

កំណាន់សព្វថ្ងៃ ។

ប្រាំរយឆ្នាំគត់  
ទើបទេពច្យុត            
មកកើតនៅព្ធ
ត្រកូលក្សត្រិ៍យក្សាន្ត
សន្តានថ្លាថ្លៃ
រូបរាងល្អក្រៃ

មានលក្ខណាក្តាត់ ។

មានកម្លាំងលន់
មានចិត្តទោរទន់
ប្រណីទុក្ខសត្វ
មានកូនមានចៅ
ញាតិផៅពុំព្រាត់
ពុំប្រាសខ្ចាយខ្ចាត់

ជាសុខដល់ចាស់ ។

ពុំដែលក្សិណក្ស័យ
ជីវិតប្រាល័យ  
ដោយគ្រឿងសហាស
បានបរិពារពេក
អនេកច្រើនណាស់
ឥតទុក្ខទោសទាស់

ឥតព្យាធិ៍រោគា ។

ឥតមានសត្រូវ
កំណាចភ្យាតភ្យូវ
បៀតបៀនបណ្ឌា
អាយុយឺនយូរ
បរិបូណ៌ជន្មា
នេះផលបាណា

តិបាតប្រធាន ។

អទិន្នាទានា
មនុស្សលួចទ្រព្យា
គេគិតចង់បាន
បំបាត់បញ្ឆោត 
បំពោតបំពាន
បំពារអាងមាន

យសសក្តិខូវខំ ។

លុះលែងជាតិទៅ
នរកនាមហៅ
កាឡសូតអស់យម
ភូបាលចាប់ចង
ធាក់ផងដាល់ដំ
ឈឺផ្សាពេកពុំ

សុខសោយទុក្ខា ។

ទើបយកបន្ទាត់
ដែកដុតមកផ្ទាត់
សុខសព្វកាយា
ខ្លះយករណា
មកអារអង្គា    
ពុះពីសិរសា

ទល់ទុក្ខទោរទន់ ។

ឈាមហូរសស្រាក់
ស្រែកយំឥតអាក់
ភិតភ័យភាំងភាន់
នៅនានរក
រងទុក្ខកំណាន់
កំណត់មួយពាន់

ឆ្នាំទើបរំដោះ ។

មួយពាន់ឆ្នាំត្រៃ
ត្រិង្សទើបមួយថ្ងៃ
នានរកនោះ
យូរពន់ប្រមាណ
លុះបានរួចស្មោះ
ពីនរកនោះ

មកជាប្រែតបាន ។

កំពស់ត្នោតលៃ
រូបអាក្រក់ក្រៃ
រកអ្វីស៊ីគ្មាន
ស៊ីសឹងតែលាមក
ជាទុក្ខអត់ឃ្លាន
ប្រាំរយជាតិបាន

មកកើតជាមនុស្ស ។

កំសត់ពិបាក
អត់ឃ្លានតោកយ៉ាក
ទុគ៌តទុយ៌ស
ដើរសូមទានស៊ី
ឥតគេសប្បុរស
ក្សិណខ្សត់របស់

ប្រាំរយជាតិទៀត ។

មានទ្រព្យតិចតួច
ចោរចាំលបលួច         
បានបាត់បង្សៀត
កើតជាខ្ញុំគេ
ម្ចាស់ជេរវាយទៀត
បាបត្បិតបៀនបៀត

ទ្រព្យអ្នកដទៃ ។

បើអ្នកឯណា
មួយមានប្រាជ្ញា
ជវនវាងវៃ
វៀរចាកទិន្នា
ទានជាបច្ច័យ
មគ្គផលអាស្រ័យ

សមានបរិភោគ ។

វៀរជំនួញប្រាំ
ប្រការចងចាំ
ចិត្តចេះអធ្យោគ
អធ្យាស្រ័យយល់
ទៅដល់បរលោក
ខ្លាចកម្មទុក្ខសោក      

ដិតដល់អាត្មា ។

អ្នកនោះនឹងបាន
ទៅកើតនៅស្ថាន
សួគ៌ត្រៃត្រឹង្សា
មានទេពអប្សរ 
បវរកញ្ញា
មួយពាន់ចោមជា

បរិវារគង់គាល់ ។

ឋិតវិមានខ្ពស់
ប្រមាណទ្វាទស      
យោជន៍យល់ឆើតឆាយ
ត្រដែតត្រដួច
បង្គួចរៀងរាល់ 
សឹងមានពិព័រណ៍

ពិពិធរចនា ។

សោយសុខប្រមាណ
មួយពាន់ឆ្នាំមាន
ទើបយកជាតិជា
ត្រកូលក្សត្រិយ៍ក្សាន្ត
មែនមានប្រាជ្ញា
ធនធានសក្តា

ច្រើនពន់ពេកក្រៃ ។

ទើបយកជាតិជា
ត្រកូលនៃមហា
សេដ្ឋីប្រពៃ
មានទ្រព្យរបស់
សក្តិយសថ្លាថ្លៃ
ឥតអ្នកដទៃ

ណានឹងបៀតបាន ។

ទោះចោរខ្មួញខ្មាំង
សត្រូវបៀនទាំង
លាយលោកធនធាន
ចិត្តចង់វិវាទ
ប្រមាទពុំបាន
ហេតុនោះអ្នកមាន

ផលលះលោភលែង ។

កាមេសុមិច្ឆា
ទោះអ្នកឯណា 
ចិត្តនោះវង្វេង
លួចភរិយាគេ
ឥតឯមានក្រែង
ស្រីផិតប្តីឯង

អំពើឆោតឆុត ។

អ្នកនោះនឹងទៅ
ដល់ទុក្ខនិត្យនៅ
សំឃាដនរក
ទាំងប្រុសទាំងស្រី
ឥតបីមានសុខ
រូបរងទោសទុក្ខ

លំបាកមហិមា ។

យម្ភូបាលបាន
ដាវដេញឲ្យពាន
ឡើងដើមរកា
ដែកដាលជាភ្លើង
ខ្ពស់ឡើងកណ្ឋា
មួយយោជន៍បន្លា

ច្រើនច្រុះច្រាងច្រូង ។

ស្រីពានឡើងមុខ
មុតខ្លួនទូរន់
ស្រែកយំរលូង
ប្រុសឡើងតាមទៅ
មុតដាវដើមទ្រូង
ធ្លុះថ្លើមបេះដូង

ឈាមហូរសស្រាក់ ។

មានឆ្កែសច្រាល
ប៉ុនដំរីសារ
ខឹងខាំកន្រ្តាក់
ជើងជែងហួរហែក
ត្មាតក្អែកឆុកឆាក់
ចឹកចោះធ្លុះធ្លាក់

ខ្លួនដល់ដែកដាល់ ។

ឆុរឆេះជាភ្លើង
ភ្លឺផ្លេកឡប់ឡើង
ព្រោងព្រាយរន្ទាល
ឆេះខ្លួនក្រៀមក្រំ
ទើបយម្ភូបាល
បរបណ្តេញដាល

ឲ្យឡើងទៀតទៅ ។

ស្លាប់មួយថ្ងៃពីរពាន់
ដងដោយកំណាន់
គំនិតអសៅ
អសារអសោក
លន្លោចក្តាត់ក្តៅ                   
ពីរពាន់ឆ្នាំទៅ

រស់រងទោសទុក្ខ ។

អាយុពីរពាន់   
ឆ្នាំទិព្វនៅជាន់
យាមាសួគ៌សុខ
ទើបបានមួយថ្ងៃ
មួយយប់នរក
រងរួចទោសទុក្ខ

យោនយកជាតិជា ។

សត្វតិរច្ឆានឆុក
គេគ្រៀវធ្វើទុក្ខ 
ទោសតាមវេរា
កាយកម្មអង្គឯង
វង្វេងមោហា
ប្រាំរយជាតិជា

ទុក្ខទៀងអប្រិយ ។

កើតជាខ្ទេចខ្ទើយ
ប្រាំរយជាតិហើយ
កំព្រាឥតប្តី
ដោយនូវវៀរវី
ចាកពីបុរី       
បូរមជាតី

បាបជាទម្ងន់ ។

ទើបកើតជាប្រុស
អាក្រក់ទូរយស
មកមានប្រពន្ធ
ចោរចិត្តជាផិត
ពុំគិតបាប បុណ្យ
ហេតុពៀរពីមុន

បរទារកម្មគេ ។

បើអ្នកណាមាន
វិញ្ញូញេយ្យញាណ
ប្រុងប្រាជ្ញប្រុះប្រែ
ចិត្តចេះចាំចៀស
រវៀសបានបែរ
វៀរចាកកាមេ

សុមិច្ឆាចារា ។

អ្នកនោះនឹងទៅ
សោយសម្បត្តិនៅ
សុខសួគ៌យាមា
ស្ថិតលើប្រាសាទ
ស្អាងស្អាតសោភា
កំពស់អដ្ឋា

រយយោជន៍យល់យង់​ ។

ភ្លឺផ្លេកចិញ្ចាច
ចិញ្ចែងត្រដាច 
ត្រដួចដោមដុង
មានទេពអប្សរ
បវរគាល់គង់   
ពីរពាន់សឹងទ្រង់

ឆោមឆាយវិសុទ្ធ ។

អាយុពីរពាន់
ឆ្នាំទើបគ្រប់គ្រាន់
ចាកចរច្យុត
យោនយកកំណើត
មកកើតជាបុត្រ
ក្សត្រិយ៍ថ្លៃវិសុទ្ធ

វិសេសប្រសើរ ។

ប្រកបភរិយា
ត្រឹមត្រូវលក្ខណា
គាប់គួរមៀងមើល
ជាស្រីគ្រប់លក្ខណ៍
ឯកអគ្គប្រសើរ 
ទោះដេកទោះដើរ

សឹងជាសុខសល់ ។

មុសាវាទា
ទោះអ្នកឯណា
កុហកកាចកល
មានពាក្យរឹងរូស
ប្រទូស្តកំហល់ 
កំហឹងកែវកល់

កែកាចកិច្ចគេ ។

បញ្ឆុកបញ្ឆោត
បញ្ឆៀងបំពោត
បំពានវៀចវេរ
ពោលពាក្យភូតភរ
បង្កស្រាលស្រែ
ឲ្យបង់ទ្រព្យគេ

ឲ្យគេកើតទុក្ខ ។

អ្នកនេះនឹងទៅ
ទល់ទុក្ខនិត្យនៅ
រោរពនរក
បានបួនពាន់ឆ្នាំ
រងកម្មពុំសុខ
ព្រោះមាត់អាក្រក់

ពោលពាក្យមុសា ។

យម្ភូបាលយក
ដង្កាប់ដែកមក 
ដុតដកជីវ្ហា
ឈាមហូរសស្រាក់
កន្ត្រាក់អង្គា
ចោលចុះក្នុងនា

រណ្តៅធំក្រៃ ។

ប្រាំពាន់ឆ្នាំណា
សួគ៌តុសិតា
ទើបបានមួយថ្ងៃ
រោរពនរក
រងទុក្ខរងភ័យ
យឺនយូរកម្រៃ

កម្ររំដោះ ។

លុះរួចមកបាន
កើតជាប្រែតប្រាណ
អសោចិសូន្យសោះ
កម្មកើតអគ្គី    
ឆេះពីមាត់នោះ
ស៊ីសឹងឈាមខ្ទុះ

ជាតិជាអាហារ ។

ទើបកើតជាមនុស្ស
អាក្រក់ទុរយស
មាត់វៀចឆែបឆា
កើតជាមនុស្សល្ងង់
គថ្លង់ឥតការ
ឥតកេរិ៍្តអសារ

អាសោចិពីមាត់ ។

បើអ្នកឯណា
វៀរពាក្យមុសា
វាងវៀរគិតកាត់
កាន់សច្ចវាទី   
ស្រដីពាក្យសត្យ         
នឹងបានសម្បត្តិ

សួនសោយសុខា ។

ពិភពតុសិត
អាយុយឺនក្តាត់ 
បួនពាន់វង្សា
មានទេពអប្សរ
បវរធីតា
បួនពាន់ជាតិជា

បរិវារសព្វថ្ងៃ ។

ឋិតលើប្រាសាទ
ប្រសើរស្អាងស្អាត
សឹងកែវប្រពៃ
ខ្ពស់ម្ភៃប្រាំយោជន៍
ស្រោងស្រោចត្រឈៃ
សុខសប្បាយក្រៃ

ឥតឯឧបមា ។

ប្រាំបួនពាន់ឆ្នាំ 
ទើបផលសោតចាំ
ចុះមកកើតនា
ត្រកូលក្សត្រិយ៍ក្សាន្ត
មែនមានប្រាជ្ញា
ទើបទៅកើតជា

អ្នកប្រាជ្ញចេះធម៌ ។

មែនមានពាក្យសត្យ
ពាក្យពីរោះក្តាត់
ចេះចាំអស់អាថ៌
ចំណោទប្រស្នា
បញ្ហាសព្វសារ
ពើពុំទើសទាល់

ដល់ប៉ុនកេសី ។

សុរាមេរយា
រីមនុស្សផឹកស្រា
ភ្លេចភ្លាំងស្មារតី
ក្រសាលជាល្បែង
ពុំក្រែងវាវី-
បាកបាបស្រដី

ពុំជឿធម្មា ។

នឹងធ្លាក់ទៅនៅ
នរកជ្រាលជ្រៅ
រូបរងវេទនា
ដល់ដាបនរក
ដល់ទុក្ខមហិមា
យឺនយូរគណនា

ប្រាំបីពាន់ឆ្នាំ ។

ហេតុចិត្តវង្វេង
ផឹកទឹកទង់ដែង
ក្តៅក្តាត់ជោកជាំ
រលាករលុះ
ពងពុះដោយកម្ម
ប្រាំបីពាន់ឆ្នាំ

និម្មានរតី ។

ទើបបានមួយថ្ងៃ
នរកយូរក្រៃ
លង់លុះឡើងពី
បាបបានកើតជា
យក្សាតិរ្ថិយ    
ជាមនុស្សអប្រិយ

សឹងឆ្កួតពុធ្យា ។

មានពាក្យអសុរោះ
ពាក្យរឹងត្រគោះ
លលើលលា
អ្នកផងតិះដៀល
ដំនៀលនិន្ទា
ជាមនុស្សមោហា

ជួជាតិខ្លួនខ្លៅ ។

បើអ្នកឯណា
វៀរសេពសុរា
នោះនឹងបានទៅ
សោយសុខស្ថិតស្ថាន
ពិមានសន្ធៅ   
សឹងកែវនិត្យនៅ

និម្មានរតី ។

ពីព្រោះប្រាសាទ
សាមសិបយោជន៍ស្អាត
ប្រកបនឹងស្រី
ទេពអប្សរសួគ៌ 
គាប់គួរប្រាំបី
ពាន់ឆ្នាំទិព្វពី

នោះមកកើតជា ។

ត្រកូលមហាក្សត្រិយ៍
សេពសោយសម្បត្តិ
សម្មតិទេវា
ស្តេចស្តែងថ្កើងថ្កាន
មែនមានចេស្តា
ប្រកបប្រាជ្ញា

ចេះចាំធម៌គាប់ ។

មានចិត្តខ្លាចបាប
ខ្លាចពៀរដរាប
មានស្មារតីខ្ជាប់
ជវនប្រាជ្ញប្រុះ
ឆ្លាស់ឆ្លុះវៃឆាប់
ពាក្យពោលគំនាប

គំនិតសោតធ្ងន់ ។

អំពើទាំងប្រាំ
ប្រការចូរចាំ
ចិត្តចេះគិតគន់
បង់បញ្ចវេរា
កម្មជាទម្ងន់
មិនមានមោះម-

ន្ទិលទាស់ទោសទុក្ខ ។

រក្សាសីលប្រាំ  
នេះនៃនឹងនាំ   
រូបរួចបានសុខ
ទៀងទាល់និព្វាន
មិនមានឆោតឆុក
ផុតពីនរក

សោយសួគ៌សម្បត្តិ ។

សម្បូណ៌បច្ចុប្បន្ន
បុណ្យបានទ្រព្យធន់
ធួនទាំងមនុស្សសត្វ
សិទ្ធីទីស្ថាន
ស្ថិតប្រាណដុះខាត់     
ខឹងខំកម្ចាត់

កម្ចាយបាបកម្ម ។

កម្មពៀរវៀរចេញ
ចិញ្ចឹមចំណេញ
ចំណេះចេះចាំ
ចំណោទចោតសួរ
សំគួរបរិកម្ម
កម្មដ្ឋានចំណាំ

វិបស្សនាហោង ។

ចាកកម្ពុជសុរិយា