10/24/2011
9/19/2011
ពាក្យកាព្យបុរាណ
ពាក្យកាព្យបុរាណ
របស់លោកអ្នកឧកញ៉ា វង្សាសរពេជ្ញ នង បានប្រែចេញពីបាលី ហើយនិពន្ធ ជាពាក្យឃ្លោង តាំងពីក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្ខមារា ព្រះអង្គឌួង ព្រះពុទ្ធវង្ស ម៉ី អាំងស្បិចទ័រ និង ព្រះគ្រូវិមលបញ្ញា អ៊ុម-ស៊ូរ អាចារ្យក្នុងរាជបណ្ណាល័យ បានយកមកពិនិត្យផ្ទៀងផ្ទាត់ ឲ្យបានត្រឹមត្រូវល្អឡើង ។
~~~~~~~
បាណាតិបាត | នាអ្នកនេសាទ | ចិត្តចោរចោតចង់ |
ពិឃាដម្រឹគា | មច្ឆានូវអង្គ | មនុស្សសត្វឲ្យបង់ |
ឲ្យបាត់ជន្មា ។ | ||
អ្នកនោះនឹងទៅ | រងបាបក្តាត់ក្តៅ | លំបាកនៅនា |
សញ្ជីពនរក | ទល់ទុក្ខឈឺផ្សា | ទុរន់ទុរា |
រូបរងយូរក្រៃ ។ | ||
យម្ភូបាលបោះ | ទៅក្នុងភ្លើងស្មោះ | ឆុរឆេះក្សិណក្ស័យ |
ហើយរស់រូបវឹង | កុំដឹងភិតភ័យ | ថាវិលមកព្ធ |
ដល់មាត់រណ្តៅ ។ | ||
យម្ភូបាលបរ | ចោមចាក់នឹងស្នរ | មូលច្បូកដែកក្តៅ |
ចាក់នឹងលំពែង | ស៊កសែងចោលទៅ | ក្នុងទីរណ្តៅ |
ភ្លើងភ្លឺពុំក្សាន្ត ។ | ||
កំណត់ជន្មា | នរកនោះហា | រយឆ្នាំប្រមាណ |
គិតគណនាឆ្នាំ | ត្រូវប្រាំបួនលាន | មនុស្សនេះទើបបាន |
មួយថ្ងៃនរក ។ | ||
លង់លុះរំដោះ | ពីនរកនោះ | មកមិនដែលសុខ |
កើតជាមច្ឆា | មាន់ទាជ្រូកស្រុក | គេកាប់សាច់លក់ |
ប្រាំរយជាតិជាក់ ។ | ||
ទៀងទើបកើតជា | មនុស្សមានទោសា | គេបាញ់គេចាក់ |
គេដោតគេកាប់ | សម្លាប់ឥតអាក់ | ប្រាំរយជាតិជាក់ |
ពិតពុំសុខអង្គ ។ | ||
ទើបយកជាតិជា | មនុស្សមានរោគា | ដំបៅពកឃ្លង់ |
ជាមនុស្សគមគាក់ | ភ្នែកខ្វាក់ខ្វិនខ្វង់ | ក្ងែងក្ងង់ |
ក្ងួរអប្រិយ ។ | ||
បើបានជាតិមុន | ត្បិតផលជាតិមុន | បានសាងមកក្តី |
ពៀរកម្មអាត្មា | ឲ្យអាយុខ្លី | ពុំយឺនជីវី |
ជីវិតដល់ចាស់ ។ | ||
ទោះទុក្ខធ្វេសធ្វើ | កាយកម្មបាបបើ | បោះបង់ក្រឡាស់ |
ប្រលាប់លែងលាប | ប្រែប្រេះរហ័ស | ដឹងដោយធម៌ច្បាស់ |
គន់គិតយង់យល់ ។ | ||
ខ្លាចបាបខ្មាសបាប | ចៀសចាកដរាប | ជីវិតសត្វសល់ |
ពិតពុំគណនា | រក្សាតម្កល់ | ចិត្តចាំសីលផល |
បាណាតិបាត ។ | ||
បានទៅកើតនា | សួគ៌ចាតុមហា | រាជិកាជាតិ |
ជាអង្គទេវបុត្រ | បរិសុទ្ធស្អាត | ស្ថិតលើប្រាសាទ |
ប្រាំពីរយោជន៍គត់ ។ | ||
ស្រីទេពកញ្ញា | ប្រាំរយអង្គា | បម្រើបាទបត់ |
ចូលបង្គំគាល់ | រៀងរាល់ប្រាកដ | ប្រកបកំណត់ |
កំណាន់សព្វថ្ងៃ ។ | ||
ប្រាំរយឆ្នាំគត់ | ទើបទេពច្យុត | មកកើតនៅព្ធ |
ត្រកូលក្សត្រិ៍យក្សាន្ត | សន្តានថ្លាថ្លៃ | រូបរាងល្អក្រៃ |
មានលក្ខណាក្តាត់ ។ | ||
មានកម្លាំងលន់ | មានចិត្តទោរទន់ | ប្រណីទុក្ខសត្វ |
មានកូនមានចៅ | ញាតិផៅពុំព្រាត់ | ពុំប្រាសខ្ចាយខ្ចាត់ |
ជាសុខដល់ចាស់ ។ | ||
ពុំដែលក្សិណក្ស័យ | ជីវិតប្រាល័យ | ដោយគ្រឿងសហាស |
បានបរិពារពេក | អនេកច្រើនណាស់ | ឥតទុក្ខទោសទាស់ |
ឥតព្យាធិ៍រោគា ។ | ||
ឥតមានសត្រូវ | កំណាចភ្យាតភ្យូវ | បៀតបៀនបណ្ឌា |
អាយុយឺនយូរ | បរិបូណ៌ជន្មា | នេះផលបាណា |
តិបាតប្រធាន ។ | ||
អទិន្នាទានា | មនុស្សលួចទ្រព្យា | គេគិតចង់បាន |
បំបាត់បញ្ឆោត | បំពោតបំពាន | បំពារអាងមាន |
យសសក្តិខូវខំ ។ | ||
លុះលែងជាតិទៅ | នរកនាមហៅ | កាឡសូតអស់យម |
ភូបាលចាប់ចង | ធាក់ផងដាល់ដំ | ឈឺផ្សាពេកពុំ |
សុខសោយទុក្ខា ។ | ||
ទើបយកបន្ទាត់ | ដែកដុតមកផ្ទាត់ | សុខសព្វកាយា |
ខ្លះយករណា | មកអារអង្គា | ពុះពីសិរសា |
ទល់ទុក្ខទោរទន់ ។ | ||
ឈាមហូរសស្រាក់ | ស្រែកយំឥតអាក់ | ភិតភ័យភាំងភាន់ |
នៅនានរក | រងទុក្ខកំណាន់ | កំណត់មួយពាន់ |
ឆ្នាំទើបរំដោះ ។ | ||
មួយពាន់ឆ្នាំត្រៃ | ត្រិង្សទើបមួយថ្ងៃ | នានរកនោះ |
យូរពន់ប្រមាណ | លុះបានរួចស្មោះ | ពីនរកនោះ |
មកជាប្រែតបាន ។ | ||
កំពស់ត្នោតលៃ | រូបអាក្រក់ក្រៃ | រកអ្វីស៊ីគ្មាន |
ស៊ីសឹងតែលាមក | ជាទុក្ខអត់ឃ្លាន | ប្រាំរយជាតិបាន |
មកកើតជាមនុស្ស ។ | ||
កំសត់ពិបាក | អត់ឃ្លានតោកយ៉ាក | ទុគ៌តទុយ៌ស |
ដើរសូមទានស៊ី | ឥតគេសប្បុរស | ក្សិណខ្សត់របស់ |
ប្រាំរយជាតិទៀត ។ | ||
មានទ្រព្យតិចតួច | ចោរចាំលបលួច | បានបាត់បង្សៀត |
កើតជាខ្ញុំគេ | ម្ចាស់ជេរវាយទៀត | បាបត្បិតបៀនបៀត |
ទ្រព្យអ្នកដទៃ ។ | ||
បើអ្នកឯណា | មួយមានប្រាជ្ញា | ជវនវាងវៃ |
វៀរចាកទិន្នា | ទានជាបច្ច័យ | មគ្គផលអាស្រ័យ |
សមានបរិភោគ ។ | ||
វៀរជំនួញប្រាំ | ប្រការចងចាំ | ចិត្តចេះអធ្យោគ |
អធ្យាស្រ័យយល់ | ទៅដល់បរលោក | ខ្លាចកម្មទុក្ខសោក |
ដិតដល់អាត្មា ។ | ||
អ្នកនោះនឹងបាន | ទៅកើតនៅស្ថាន | សួគ៌ត្រៃត្រឹង្សា |
មានទេពអប្សរ | បវរកញ្ញា | មួយពាន់ចោមជា |
បរិវារគង់គាល់ ។ | ||
ឋិតវិមានខ្ពស់ | ប្រមាណទ្វាទស | យោជន៍យល់ឆើតឆាយ |
ត្រដែតត្រដួច | បង្គួចរៀងរាល់ | សឹងមានពិព័រណ៍ |
ពិពិធរចនា ។ | ||
សោយសុខប្រមាណ | មួយពាន់ឆ្នាំមាន | ទើបយកជាតិជា |
ត្រកូលក្សត្រិយ៍ក្សាន្ត | មែនមានប្រាជ្ញា | ធនធានសក្តា |
ច្រើនពន់ពេកក្រៃ ។ | ||
ទើបយកជាតិជា | ត្រកូលនៃមហា | សេដ្ឋីប្រពៃ |
មានទ្រព្យរបស់ | សក្តិយសថ្លាថ្លៃ | ឥតអ្នកដទៃ |
ណានឹងបៀតបាន ។ | ||
ទោះចោរខ្មួញខ្មាំង | សត្រូវបៀនទាំង | លាយលោកធនធាន |
ចិត្តចង់វិវាទ | ប្រមាទពុំបាន | ហេតុនោះអ្នកមាន |
ផលលះលោភលែង ។ | ||
កាមេសុមិច្ឆា | ទោះអ្នកឯណា | ចិត្តនោះវង្វេង |
លួចភរិយាគេ | ឥតឯមានក្រែង | ស្រីផិតប្តីឯង |
អំពើឆោតឆុត ។ | ||
អ្នកនោះនឹងទៅ | ដល់ទុក្ខនិត្យនៅ | សំឃាដនរក |
ទាំងប្រុសទាំងស្រី | ឥតបីមានសុខ | រូបរងទោសទុក្ខ |
លំបាកមហិមា ។ | ||
យម្ភូបាលបាន | ដាវដេញឲ្យពាន | ឡើងដើមរកា |
ដែកដាលជាភ្លើង | ខ្ពស់ឡើងកណ្ឋា | មួយយោជន៍បន្លា |
ច្រើនច្រុះច្រាងច្រូង ។ | ||
ស្រីពានឡើងមុខ | មុតខ្លួនទូរន់ | ស្រែកយំរលូង |
ប្រុសឡើងតាមទៅ | មុតដាវដើមទ្រូង | ធ្លុះថ្លើមបេះដូង |
ឈាមហូរសស្រាក់ ។ | ||
មានឆ្កែសច្រាល | ប៉ុនដំរីសារ | ខឹងខាំកន្រ្តាក់ |
ជើងជែងហួរហែក | ត្មាតក្អែកឆុកឆាក់ | ចឹកចោះធ្លុះធ្លាក់ |
ខ្លួនដល់ដែកដាល់ ។ | ||
ឆុរឆេះជាភ្លើង | ភ្លឺផ្លេកឡប់ឡើង | ព្រោងព្រាយរន្ទាល |
ឆេះខ្លួនក្រៀមក្រំ | ទើបយម្ភូបាល | បរបណ្តេញដាល |
ឲ្យឡើងទៀតទៅ ។ | ||
ស្លាប់មួយថ្ងៃពីរពាន់ | ដងដោយកំណាន់ | គំនិតអសៅ |
អសារអសោក | លន្លោចក្តាត់ក្តៅ | ពីរពាន់ឆ្នាំទៅ |
រស់រងទោសទុក្ខ ។ | ||
អាយុពីរពាន់ | ឆ្នាំទិព្វនៅជាន់ | យាមាសួគ៌សុខ |
ទើបបានមួយថ្ងៃ | មួយយប់នរក | រងរួចទោសទុក្ខ |
យោនយកជាតិជា ។ | ||
សត្វតិរច្ឆានឆុក | គេគ្រៀវធ្វើទុក្ខ | ទោសតាមវេរា |
កាយកម្មអង្គឯង | វង្វេងមោហា | ប្រាំរយជាតិជា |
ទុក្ខទៀងអប្រិយ ។ | ||
កើតជាខ្ទេចខ្ទើយ | ប្រាំរយជាតិហើយ | កំព្រាឥតប្តី |
ដោយនូវវៀរវី | ចាកពីបុរី | បូរមជាតី |
បាបជាទម្ងន់ ។ | ||
ទើបកើតជាប្រុស | អាក្រក់ទូរយស | មកមានប្រពន្ធ |
ចោរចិត្តជាផិត | ពុំគិតបាប បុណ្យ | ហេតុពៀរពីមុន |
បរទារកម្មគេ ។ | ||
បើអ្នកណាមាន | វិញ្ញូញេយ្យញាណ | ប្រុងប្រាជ្ញប្រុះប្រែ |
ចិត្តចេះចាំចៀស | រវៀសបានបែរ | វៀរចាកកាមេ |
សុមិច្ឆាចារា ។ | ||
អ្នកនោះនឹងទៅ | សោយសម្បត្តិនៅ | សុខសួគ៌យាមា |
ស្ថិតលើប្រាសាទ | ស្អាងស្អាតសោភា | កំពស់អដ្ឋា |
រយយោជន៍យល់យង់ ។ | ||
ភ្លឺផ្លេកចិញ្ចាច | ចិញ្ចែងត្រដាច | ត្រដួចដោមដុង |
មានទេពអប្សរ | បវរគាល់គង់ | ពីរពាន់សឹងទ្រង់ |
ឆោមឆាយវិសុទ្ធ ។ | ||
អាយុពីរពាន់ | ឆ្នាំទើបគ្រប់គ្រាន់ | ចាកចរច្យុត |
យោនយកកំណើត | មកកើតជាបុត្រ | ក្សត្រិយ៍ថ្លៃវិសុទ្ធ |
វិសេសប្រសើរ ។ | ||
ប្រកបភរិយា | ត្រឹមត្រូវលក្ខណា | គាប់គួរមៀងមើល |
ជាស្រីគ្រប់លក្ខណ៍ | ឯកអគ្គប្រសើរ | ទោះដេកទោះដើរ |
សឹងជាសុខសល់ ។ | ||
មុសាវាទា | ទោះអ្នកឯណា | កុហកកាចកល |
មានពាក្យរឹងរូស | ប្រទូស្តកំហល់ | កំហឹងកែវកល់ |
កែកាចកិច្ចគេ ។ | ||
បញ្ឆុកបញ្ឆោត | បញ្ឆៀងបំពោត | បំពានវៀចវេរ |
ពោលពាក្យភូតភរ | បង្កស្រាលស្រែ | ឲ្យបង់ទ្រព្យគេ |
ឲ្យគេកើតទុក្ខ ។ | ||
អ្នកនេះនឹងទៅ | ទល់ទុក្ខនិត្យនៅ | រោរពនរក |
បានបួនពាន់ឆ្នាំ | រងកម្មពុំសុខ | ព្រោះមាត់អាក្រក់ |
ពោលពាក្យមុសា ។ | ||
យម្ភូបាលយក | ដង្កាប់ដែកមក | ដុតដកជីវ្ហា |
ឈាមហូរសស្រាក់ | កន្ត្រាក់អង្គា | ចោលចុះក្នុងនា |
រណ្តៅធំក្រៃ ។ | ||
ប្រាំពាន់ឆ្នាំណា | សួគ៌តុសិតា | ទើបបានមួយថ្ងៃ |
រោរពនរក | រងទុក្ខរងភ័យ | យឺនយូរកម្រៃ |
កម្ររំដោះ ។ | ||
លុះរួចមកបាន | កើតជាប្រែតប្រាណ | អសោចិសូន្យសោះ |
កម្មកើតអគ្គី | ឆេះពីមាត់នោះ | ស៊ីសឹងឈាមខ្ទុះ |
ជាតិជាអាហារ ។ | ||
ទើបកើតជាមនុស្ស | អាក្រក់ទុរយស | មាត់វៀចឆែបឆា |
កើតជាមនុស្សល្ងង់ | គថ្លង់ឥតការ | ឥតកេរិ៍្តអសារ |
អាសោចិពីមាត់ ។ | ||
បើអ្នកឯណា | វៀរពាក្យមុសា | វាងវៀរគិតកាត់ |
កាន់សច្ចវាទី | ស្រដីពាក្យសត្យ | នឹងបានសម្បត្តិ |
សួនសោយសុខា ។ | ||
ពិភពតុសិត | អាយុយឺនក្តាត់ | បួនពាន់វង្សា |
មានទេពអប្សរ | បវរធីតា | បួនពាន់ជាតិជា |
បរិវារសព្វថ្ងៃ ។ | ||
ឋិតលើប្រាសាទ | ប្រសើរស្អាងស្អាត | សឹងកែវប្រពៃ |
ខ្ពស់ម្ភៃប្រាំយោជន៍ | ស្រោងស្រោចត្រឈៃ | សុខសប្បាយក្រៃ |
ឥតឯឧបមា ។ | ||
ប្រាំបួនពាន់ឆ្នាំ | ទើបផលសោតចាំ | ចុះមកកើតនា |
ត្រកូលក្សត្រិយ៍ក្សាន្ត | មែនមានប្រាជ្ញា | ទើបទៅកើតជា |
អ្នកប្រាជ្ញចេះធម៌ ។ | ||
មែនមានពាក្យសត្យ | ពាក្យពីរោះក្តាត់ | ចេះចាំអស់អាថ៌ |
ចំណោទប្រស្នា | បញ្ហាសព្វសារ | ពើពុំទើសទាល់ |
ដល់ប៉ុនកេសី ។ | ||
សុរាមេរយា | រីមនុស្សផឹកស្រា | ភ្លេចភ្លាំងស្មារតី |
ក្រសាលជាល្បែង | ពុំក្រែងវាវី- | បាកបាបស្រដី |
ពុំជឿធម្មា ។ | ||
នឹងធ្លាក់ទៅនៅ | នរកជ្រាលជ្រៅ | រូបរងវេទនា |
ដល់ដាបនរក | ដល់ទុក្ខមហិមា | យឺនយូរគណនា |
ប្រាំបីពាន់ឆ្នាំ ។ | ||
ហេតុចិត្តវង្វេង | ផឹកទឹកទង់ដែង | ក្តៅក្តាត់ជោកជាំ |
រលាករលុះ | ពងពុះដោយកម្ម | ប្រាំបីពាន់ឆ្នាំ |
និម្មានរតី ។ | ||
ទើបបានមួយថ្ងៃ | នរកយូរក្រៃ | លង់លុះឡើងពី |
បាបបានកើតជា | យក្សាតិរ្ថិយ | ជាមនុស្សអប្រិយ |
សឹងឆ្កួតពុធ្យា ។ | ||
មានពាក្យអសុរោះ | ពាក្យរឹងត្រគោះ | លលើលលា |
អ្នកផងតិះដៀល | ដំនៀលនិន្ទា | ជាមនុស្សមោហា |
ជួជាតិខ្លួនខ្លៅ ។ | ||
បើអ្នកឯណា | វៀរសេពសុរា | នោះនឹងបានទៅ |
សោយសុខស្ថិតស្ថាន | ពិមានសន្ធៅ | សឹងកែវនិត្យនៅ |
និម្មានរតី ។ | ||
ពីព្រោះប្រាសាទ | សាមសិបយោជន៍ស្អាត | ប្រកបនឹងស្រី |
ទេពអប្សរសួគ៌ | គាប់គួរប្រាំបី | ពាន់ឆ្នាំទិព្វពី |
នោះមកកើតជា ។ | ||
ត្រកូលមហាក្សត្រិយ៍ | សេពសោយសម្បត្តិ | សម្មតិទេវា |
ស្តេចស្តែងថ្កើងថ្កាន | មែនមានចេស្តា | ប្រកបប្រាជ្ញា |
ចេះចាំធម៌គាប់ ។ | ||
មានចិត្តខ្លាចបាប | ខ្លាចពៀរដរាប | មានស្មារតីខ្ជាប់ |
ជវនប្រាជ្ញប្រុះ | ឆ្លាស់ឆ្លុះវៃឆាប់ | ពាក្យពោលគំនាប |
គំនិតសោតធ្ងន់ ។ | ||
អំពើទាំងប្រាំ | ប្រការចូរចាំ | ចិត្តចេះគិតគន់ |
បង់បញ្ចវេរា | កម្មជាទម្ងន់ | មិនមានមោះម- |
ន្ទិលទាស់ទោសទុក្ខ ។ | ||
រក្សាសីលប្រាំ | នេះនៃនឹងនាំ | រូបរួចបានសុខ |
ទៀងទាល់និព្វាន | មិនមានឆោតឆុក | ផុតពីនរក |
សោយសួគ៌សម្បត្តិ ។ | ||
សម្បូណ៌បច្ចុប្បន្ន | បុណ្យបានទ្រព្យធន់ | ធួនទាំងមនុស្សសត្វ |
សិទ្ធីទីស្ថាន | ស្ថិតប្រាណដុះខាត់ | ខឹងខំកម្ចាត់ |
កម្ចាយបាបកម្ម ។ | ||
កម្មពៀរវៀរចេញ | ចិញ្ចឹមចំណេញ | ចំណេះចេះចាំ |
ចំណោទចោតសួរ | សំគួរបរិកម្ម | កម្មដ្ឋានចំណាំ |
វិបស្សនាហោង ។ |
ចាកកម្ពុជសុរិយា
Subscribe to:
Posts (Atom)