9/08/2011
9/05/2011
ធម្មតា
អាកាសលំហទីចរបក្សី | រុក្ខាព្រឹក្សព្រៃទីចរម្រឹគា |
សាគរទីចរមច្ឆានានា | សង្ខារលីលានៃភាពមិនទៀង ។ |
ដោយឧបាសក៖ គុយ សុធន | |
សៀវភៅជំនួយសតិភាគទី៥ ទំព័រ២២៨ | |
9/04/2011
វៀចគល់ត្រង់ចុង
អ្នកដែលប្រមាទកាលពីដំបូង | ក្រោយកែប្រែយោងពុំនៅកន្តើយ |
ដោយមិនប្រមាទមិនប្រហែសឡើយ | ឈោងឈានរកត្រើយលះគ្រឿង ស្មោគគ្រោក ។ |
គឺជននោះហើយព្រមដោយតម្រិះ | តែងធ្វើលោកនេះឲ្យភ្លឺពន្លក |
ប្រៀបដូចព្រះចន្ទផុតពីពពក | ចាំងបំភ្លឺលោកឲ្យភ្លឺចិញ្ចែង ។ |
ជនអាប់បញ្ញាដឹងថាខ្លួនល្ងង់ | ខិតខំលះបង់មានៈខ្លួនឯង |
ស្តាប់ពាក្យទូន្មានបណ្ឌិតថ្លាថ្លែង | បុគ្គលនោះឯងរមែងថ្កើងថ្កាន ។ |
រីជនមានប្រាជ្ញអង់អាចភ្លេចខ្លួន | ធ្វើចេះហួសក្បួនអាងខ្លួនប្រាជ្ញបាន |
ចុងក្រោយយូរឆាប់យ៉ាប់លំបាកប្រាណ | ធ្លាក់ចុះពុំខានស្មានខ្ពស់ហួសហេតុ។ |
ចិត្តជាប្រធាន
| លោកធម៌ទាំងឡាយចិត្តជាប្រធាន | ប្រសើរពុំមានអ្វីធំលើសចិត្ត |
| ដឹងសុខដឹងទុក្ខមុខគួរអាណិត | សម្រេចដោយចិត្តជាអ្នកចាត់ចែង ។ |
| បុគ្គលមានចិត្តជ្រះថ្លាល្អហើយ | ពុំប្រព្រឹត្តឡើយការនាំចំបែង |
| ទោះនិយាយស្តីប្រពៃក្រៃលែង | គោរពកោតក្រែងធ្វើតែកុសល ។ |
| ព្រោះចិត្តជ្រះថ្លាបរិសុទ្ធនោះឯង | ក្តីសុខរមែងតាមជាប់បុគ្គល |
| ដូចជាស្រមោលអន្ទោលវិលវល់ | តាមប្រាណបុគ្គលយ៉ាងដូច្នោះឯង ។ |
| យោ នរោ រីនរជនឯណា | មានចិត្តជ្រះថ្លាប្រាថ្នាចាត់ចែង |
| ធ្វើបុណ្យឲ្យទានឥតមានចំបែង | ក្តីសុខរមែងតាក់តែងជននោះ ។ |
9/03/2011
ខ្មែរខ្សោយមកពីអ្វី?
(កំណាព្យបទពាក្យ ៨ )
វប្បធម៍យើងខ្សោយតើមកពីអ្វី ?
សូមញាតិប្រុសស្រីជួយពិចារណា
ព្រោះយើងជាពូជអ្នកសាងប្រាង្គប្រា
ដែលក្នុងលោកាធ្លាប់កោតស្ញប់ស្ញែង ។
ខ្លះថាមកពីថ្នាក់លើមើលស្រាល
រដ្ឋាភិបាលមិនជួយខ្នះខ្នែង
ក្រសួងវប្បធម៍ដឹកនាំតែឯង
កណ្ដោចកណ្ដែងស្វះស្វែងទប់ទល់ ។
ខ្លះថាអ្នកធ្វើវប្បធម៍យើងតិច
បច្ចេកទេសល្បិចមិនសូវប្រសប់
ខ្សោយទាំងលុយកាក់អួលអាក់មួយចប់
យើងមួយគេដប់ភ្នាល់រាប់មិនបាន ។
ខ្លះថាសិល្បៈករយើងមិនពូកែ
គ្មានអ្នកជួយថែណែនាំទូន្មាន
ច្រើនយកតាមគេធ្វើជាមេរៀន
គំនិតក្រិនក្ដៀនគ្មានច្នែប្រឌិត ។
ខ្លះថាបែបនេះខ្លះថាបែបនោះ
ទំលាក់កំហុសដាក់គ្នាមិនគិត
តើវប្បធម៍ខ្សោយគួរឲ្យអាណិត
មានមូលហេតុពិតមកពីរឿងអ្វី ? ។
រួមមករឿងនេះបើរិះគិតទៅ
ឲ្យស៊ីជម្រៅជ្រៅដល់បាតដី
គឺមកពីខ្មែរយើងទាំងប្រុសស្រី
មិនស្គាល់តម្លៃវប្បធម៍ខ្លួនឯង ។
វប្បធម៍មានដែរតែស្គាល់មិនច្បាស់
អ្នកស្គាល់តិចណាស់អៀនមាត់នឹងថ្លែង
ជាងដប់លានពិតបើគិតជាក់ស្ដែង
វប្បធម៍ជាតិឯងស្គាល់មិនដល់ពាន់ ។
អ្នកស្គាល់ច្រើនតែអ្នកធ្វើការងារ
វប្បធម៍ការពារខឿនកេតនភ័ណ្ឌ
ឯអ្នករកស៊ីគ្រប់ទីតំបន់
យល់មិនគ្រប់គ្រាន់ពីវប្បធម៍ឡើយ ។
របាំបូរាណដែលរាំសព្វថ្ងៃ
ពត់ពែនម្រាមដៃជីប‑លាតមុខក្រោយ
កែក្រាយក្រាញក្រាបឆក់ឆាប់ងើបងើយ
កែងគោះគាស់កើយឆ្លើយប្រាប់ភាសា ។
មិនមែនចេះតែរាំដោយគ្នានន័យ
ជួនលើកម្រាមដៃដាក់ផ្ទាប់នេត្រា
នោះគឺតួអង្គវិយោគសោកា
បើផ្ទាប់ឳរាប្រាប់ថាស្នេហ៍ស្និទ្ធ ។
បើលើកដៃរាប្រែថាបដិសេធ
សុទ្ធតែមានហេតុមានផលពិតៗ
អ្នកយល់ភាសាទើបថាសុក្រិត្យ
របាំខ្មែរពិតជាមានដម្លៃ ។
នៅក្នុងក្បូរក្បាច់ចម្លាក់ប្រាង្គប្រា
ភ្ញីភ្លើងភ្ញីផ្កាភ្ញីកាច់ដកម៉ៃ
ក្បាច់ទោលក្បាច់ទេសចាក់ស្រេះវែងខ្លី
ដូចខ្មែរប្រុសស្រីរួមដៃកៀកស្មា ។
ភ្លេងប្រពៃណីមហោរីល្អឆើត
ភ្លេងខួបកំណើតភ្លេងកើតភ្លេងការ
ភ្លេងស្លាប់ភ្លេងខ្មោចភ្លេងសែនអ្នកតា
ភ្លេងព័ទ្ធសីមាភ្លេងលាបំណន់ ។
រាំខ្មែរមានច្តើនតាំងពីយូរលង់
រាំក្បាច់រាំវង់រាំលាវសារវ៉ាន់
គួរអីខ្មែរបែររាំតាមហ្សាក់សុន
ញាក់ដូចស្កន់ជាន់ថាទាន់សម័យ ។
ហេតុដែលខ្មែរហ៊ានឈ្លានពានប្រាសាទ
លួចថ្មល្អស្អាតចម្លាក់ល្បាញល្បី
ព្រោះគេមិនយល់មិនស្គាល់ដម្លៃ
មិនដឹងថាអ្វីជាកេតនភ័ណ្ឌ ។
អ្នកចេះវប្បធម៍ស្គាល់ថ្មនោះច្បាស់
ថ្លៃជាងប្រាក់មាស់ពេជ្រកែវសុវណ្ណ
ជាព្រលឹងជាតិខ្មែរគ្រប់ជំនាន់
ជាដួងអាត្ម័ននៃកម្ពុជា ។
ជាតិរុងរឿងខ្ពស់ព្រោះវប្បធម៍ល្បី
គួរខ្មែរប្រុសស្រីប្រឹងប្រែងការពារ
កុំឲ្យដំណែលដែលសល់យូរយារ
បែកបាក់ក្រំគ្រាដោយក្ដីប្រមាថ ។
ជួយគិតមើលចុះតើខុសឬត្រូវ
កាលដែលយើងនៅមានវិទ្យុជាតិ
និងប៉ុស្ដិទូរទស្សន៍សខ្មៅមួយទៀត
សិល្បៈរីកលាតព្រោងព្រាតពេញដី ។
មានល្ខោនបាសាក់សិល្បៈយីកេ
ល្ខោនខោលរាមកេរ្ដិ៍អាប៉េប្រាមោថៃ
ស្បែកតូចស្បែកធំអាយ៉ងអាយ៉ៃ
រាំវង់ស្គរដីប្របកៃសារាវ៉ាន់ ។
រាំចូកកំពឹសរាំឆ្កើសរាំព្រើន
ឡាំលាវរំពើនសិល្បៈឥសាន
រាំក្បាច់មានក្បួនជួនពីបូរាណ
ខ្មែរគ្រប់ភូមិថានរាប់អានគ្រប់គ្នា ។
មានល្ខោនបាសាក់បាក់ស្រេងអ៊ុនវ៉ាង
ក្រុមល្ខោនអ្នកម្នាងយិនតាតសោភា
សាំងសារុនចេកម៉ាចល្បីល្បាញខ្ទរខ្ទារ
រស្មីចន្ទ្រាគ្រប់គ្នាស្គាល់ច្បាស់ ។
កវីនិពន្ធភាពយន្តល្ខោនជាតិ
ក៏រីកព្រោងព្រាតស្រស់ល្អត្រចះ
រោងកុនរោងល្ខោនសម្បូណ៌មិនខ្វះ
ទីផ្សារពោរពាសដោយសុវណ្ណកម្មខ្មែរ ។
ឥឡូវវីដេអូសម្បូណ៌បែបមែន
វិវត្តន៍បត់បែនអួលណែនឥតល្ហែ
គួរនឹកអាសូរដល់វីដេអូខ្មែរ
ស្រាប់តែប្រួលប្រែស្ទើរគ្មានចលនា ។
មូលហេតុដែលនាំឲ្យវប្បធម៌ខ្សោយ
ព្រោះយើងថ្លោះធ្លោយមិនបានរក្សា
រវល់តែរឿងកាប់ចាក់ប្រហារ
សីល្បខ្លោចផ្សាដូចផ្កាស្រពោន ។
ទូរទស្សន៍ចាក់ផ្សាយតែរឿងបរទេស
ឯរឿងខ្មែរចេះតែរលាយសូន្យ
គ្មានអ្នកណាជួយសណ្តោងសណ្តូន
ប្រៀបដូចជាក្បូនលិចក្នុងជលសា ។
រឿងនេះមានតែរដ្ឋជួយផ្សែផ្សំ
គឺអ្នកដឹកនាំដែលមានចេស្តា
ជួយរកវិធីជ្រោមជ្រែងបាចស្តារ
រៀបចំយ៉ាងណាឲ្យរស់ជាថ្មី ។
សព្វថ្ងៃមានអ្នកវិនិយោគច្រើនដែរ
ចូលមកស្រុកខ្មែររកស៊ីសេរី
ខ្លះបើកហាងស្រាហាងលក់បារី
បើកអូតែលថ្មីបនបារកាស៊ីណូ ។
គួរសុំឲ្យគេជួយឧបត្ថម្ភខ្លះ
ដល់ក្រុមដែលខ្វះទុនធ្វើវីដេអូ
ព្រោះផលិតកម្មឥឡូវស្រែកថ្ងូរ
មិនហ៊ានផ្តាច់ផ្តូរព្រោះខ្លាចក្ស័យធន ។
ផលិតបានហើយលក់ឲ្យទូរទស្សន៍
យកលុយដើមនោះមកសងម្ចាស់មុន
ឯប្រាក់ចំណេញទុកធ្វើជាទុន
សម្រាប់កែកុនធ្វើទៅមុខទៀត ។
ពិសេសត្រូវសុំឲ្យក្រុមហ៊ុនខ្លះ
ដែលធ្លាប់ប្រកាសឃោសនាព្រោងព្រាត
ស្ម័គ្រដាក់ពាណិជ្ជកម្មកុំចិត្តចង្អៀត
ឲ្យទូរទស្សន៍ឆ្លៀតបានចំណេញផង ។
បើបានចំណូលចូលខាងទូរទស្សន៍
គេច្បាស់ជាស្មោះទិញមិនមួរហ្មង
ឲ្យតែក្រុមហ៊ុនទាំងនោះជួយផង
ទោះបីឆ្គាំឆ្គងខ្លះកុំប្រកាន់ ។
ជួយលើកទឹកចិត្តដល់វីដេអូខ្មែរ
ឲ្យខំច្នៃកែកាន់តែបានគ្រាន់
គន្លឹះនេះហើយដែលទុកជាឈ្នាន់
ឲ្យកូនខ្មែរជាន់ឈានឡើងអភិវឌ្ឍន៍ ។
ថែមទាំងសុំឲ្យអ្នកវិនិយោគទុន
ជួយសង់រោងកុនរោងល្ខោនហ្មត់ចត់
ដើម្បីឲ្យបានបញ្ចាំងទៀងទាត់
កុំឲ្យកំសត់អត់ដូចឥឡូវ ។
កាលណាផលិតកម្មរស់រានជាថ្មី
តារាប្រុសស្រីលែងព្រួយសោកសៅ
ទាំងអ្នកបច្ចេកទេសគ្រប់ច្រកគ្រប់ផ្លូវ
ឈប់នាំគ្នាទៅរស់នៅបរទេស ។
ឥឡូវតារាស្ទើរតែទាំងអស់
ច្រៀងឃោសនាលក់ទឹកត្រីទឹកខ្មេះ
លើឆាកខនសឺត (Concert) ល្អឆើតវិសេស
ទោះចេះមិនចេះខំប្រឹងតស៊ូ ។
បើវីដេអូរស់កេរ្តិ៍ឈ្មោះតារា
មុខជាភ្លឺថ្លាលែងនៅក្នុងលូ
ដោយសាររដ្ឋជួយជ្រោមជ្រែងគិតគូរ
មិនឆាប់មិនយូរគង់បានសម្រេច...។
អត្ថបទនេះបានស្រង់ពីកំណាព្យអប់រំរបស់លោក គង់ប៊ុនឈឿន មាន ឈ្មោះថា បណ្តាំកវី ត្រង់ទំព័រទី ១០២ ។
ដោយ៖ សុផាត
ចិត្តជាធំ
| លោកធម៌ទាំងឡាយមានចិត្តជាធំ | រួមប្រមូលផ្តុំឧត្តមលើចិត្ត |
| ចង់សើចឬយំអន់ឬប្រណីត | សម្រេចដោយចិត្តជាអ្នកកំណត់ ។ |
| ជនណាមានចិត្តទោសៈកើតហើយ | ឥតធ្វើល្អឡើយអាក្រក់ប្រាកដ |
| ទោះនិយាយស្តីចង្រៃជូរចត់ | ទាំងកាយទាំងមាត់អត់មាកុសល ។ |
| ព្រោះតែអំពើអាក្រក់នោះឯង | ក្តីទុក្ខរមែងដេញតាមបុគ្គល |
| ដូចកង់រទេះតែងតែវិលវល់ | តាមគោមង្គលដែលអូសដូច្នេះ ។ |
| ដានគោទៅណាដានកង់ទៅហ្នឹង | គួរតែយល់ដឹងកុំធ្វេសប្រហែស |
| គួរតែសិក្សាធម៌អាថ៌ឲ្យចេះ | កុំឲ្យចិត្តនេះនាំទៅអវីចិ ។ |
| | ដោយឧបាសក៖ គុយ សុធន |
| | សៀភៅជំនួយសតិភាគទី៥ ទំ.២២៩ |
អន្លង់កាម
ព្រះសង្ឃាសាវ័កអង្គឯណា | លុះបានបញ្ញាដ៏ប្រពៃ |
ឆ្លងអន្លង់កាមដោយជោគជ័យ | លែងញាប់ញ័រអ្វីនឹងសុខទុក្ខ ។ |
ព្រោះបានដល់នូវការអស់ទៅ | មោហៈកម្លៅដែលជាគុក |
តែងឃុំឃាំងជនឥតរើសមុខ | អ្នកដែលស្វែងសុខក្នុងកាមគុណ ។ |
ដោយឧបាសក៖ គុយ សុធន | |
សៀវភៅជំនួយសតិភាគទី ៥ |




