9/17/2011

គារវ​បុគ្គល​១០​ចំពូក

គារវ​បុគ្គល​១០​ចំពូក
ពុទ្ធោបច្ចេក​ពុទ្ធោ ច 
អរហា អគ្គ​សាវកោ
មាតា បិតា គរុ សត្ថា
ទាយកោ ធម្ម​ទេសកោ
បណ្ឌិតេហិ ឥមេ ទស
ន ទុព្ភន្តីតិ ជានិយា។
ពាក្យកាព្យឲ្យស្មើនឹងគាថា៖
បទ​ព្រហ្មគីតិ​
                   
ព្រះ​ពុទ្ធ​ព្រះ​បច្ចេក                        
និង​ឯក​អគ្គារ​ហា
អគ្គ​សាវកា
និង​មាតា​បិតា​ផង។
គ្រូ​និង​សាស្ត្រាចារ្យ                      
និង​នាយក​ឥត​មោះ​ហ្មង
និង​អ្នក​ទេស្នា​ផង                         
កុំ​យង់​ឃ្នង​ឆ្គង​ប្រមាថ។
បុគ្គល​ទាំង​ដប់​នេះ 
ប្រាជ្ញ​គួរ​រិះ​រេ​សម្អាត
ត្រូវ​កុំ​បី​ប្រមាថ
គូរ​ឱហាត​ឲ្យ​ចង​ចាំ។
ថា​មិន​ត្រូវ​ប្រទូស្ត
ឬ​រឹង​រូស​ធ្វើ​ឲ្យ​ឆ្គាំ
ឆ្គង​ខុស​ក្រែង​នឹង​នាំ
ឲ្យ​បាន​ទុក្ខ​ឃើញ​ទាន់​ភ្នែក។
ខ្ញុំ​តែង​ពាក្យ​កាព្យ​នេះ
ដោយ​រិះរេ​មិន​រា​រែក
មិន​តែង​ចេញ​ឲ្យ​ប្លែក
ពី​គាថា​បាលី​ឡើយ។
អ្នក​ណា​បាន​គោរព
បុគ្គល​ដប់​ពុំ​តោះ​តើយ
តាម​បែប​ខាង​លើហើយ
អ្នក​នោះ​រែង​ជួប​ក្ដី​សុខ។
មាន​រឿង​តំណាល​ថា
ពួក​ទេព្ដា​និរ​ទុក្ខ
ព្រះ​ឥន្ទ្រ​ជា​ប្រមុខ
តែង​សំពះ​ទិស​ទាំង​ដប់។
គឺ​ទិស​ទាំង​ប្រាំបី
ទិស​ក្រោម​លើ​ដោយ​គ្រប់​សព្វ
លើក​អម្រាម​ទាំង​ដប់
ប្រណម្យ​​ឆ្ពោះជន​នានា។
ដែល​គេ​បាន​ប្រព្រឹត្ត
សុចរិត​ឥត​សង្កា
ទោះ​នៅ​ត្រង់​ទី​ណា
ក៏​ដោយ​ចុះ​ឥត​រើស​មុខ។
ថា​សូម​ឲ្យ​ជន​នោះ
បាន​រវាត​ឃ្លាត​ចាក​ទុក្ខ
តាំង​ពី​នេះ​ទៅមុខ
សូម​បាន​សុខ​អាយុ​វែង។
ព្រោះ​ហេតុ​នោះ​បាន​ជា
ព្រះ​សាស្ដា​ទ្រង់​សម្ដែង
ថា​ជន​ទាំង​នោះ​ឯង
ទោះទេព្ដា​ក៏​រាប់​អាន។
ទេព្ដា​ទាំង​តូច​ធំ
តែង​បង្គំ​មក​រាល់​ប្រាណ
ឆ្ពោះជន​ទាំង​ប៉ុន្មាន
ដែល​បាន​កាន់​សីល​និង​ធម៌។
ហេតុ​នេះ​សាធុជន
កុំ​ទំរន់​គួរ​ត្រេក​អរ
ឆ្ពោះធម៌​ដ៏​បវរ
ដែល​ព្រះ​ពុទ្ធ​ទ្រង់​សរសើរ៕៚
វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​សុក្រ ទី​១៩ កក្កដា
ព.ស.​២៥១២ គ.ស.​១៩៦៨
សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment