9/17/2011

អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ

អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ
សុករានិ អសាធូនិ
អត្តនោ អហិតានិ ច
យំវេ ហិតញ្ច សាធុញ្ចា       
តំ វេ បរម​ទុក្ករំ។
          អសាធុកម្ម គឺ​អំពើ​របស់​អសប្បុរស​ទាំង​ឡាយ ជា​អំពើឥត​ផល​ប្រយោជន៍​ដល់​ខ្លួន គេ​ងាយ​ធ្វើ​ទេ, ឯ​អំពើ​ណា​ជា​សាធុកម្ម​របស់​សប្បុរស​ដែល​ជា​អំពើ​ផ្ដល់​ផល​ប្រយោជន៍ (ដល់​ខ្លួន) អំពើ​នោះ​ឯង​គេ​ពិបាក ​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ។
ពាក្យ​កាព្យ​ងាយ​ចាំ
ពាក្យ​៩
កម្ម​អាក្រក់តែង​ទាញ​ឆក់ចិត្ត​ជន​ផង
ឲ្យ​កន្លងផុត​ប្រយោជន៍របស់​ខ្លួន
គេ​ពុំ​ខ្លាចគេ​អាច​ហ៊ានធ្វើ​ផ្ទួន​ៗ
ទោះបី​ខ្លួនបាន​វិនាសក៏​ពុំ​រាង។
រី​កម្ម​ណាជា​សាធុល្អ​ប្រពៃ
មាន​កម្រៃអាច​នាំ​ខ្លួនឲ្យ​ចៀសវាង
ផុត​ចាក​ទោសឥត​រឱសក៏​អ្នក​នាង
ខ្លះ​ច្រើន​ឃ្វាងកម្រ​បានធ្វើកម្ម​ន​៕៚


ព្រះ​បរម​ពុទ្ធោវាទ​មួយ​យ៉ាង​ថា
សុករំ សាធុនា សាធុ
សាធុ បាបេន ទុក្ករំ
បាបំ បាបេន សុករំ      
បាប​មរិយេហិ ទុក្ករំ។
          សាធុកម្ម គឺ​ជា​អំពើកុសល ជន​ជា​សប្បុរស​ងាយ​ធ្វើ​កើត​សាធុកម្ម ជន​ចិត្ត​បាប​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ អំពើបាប ជន​ចិត្ត​បាប​ងាយ​ធ្វើ​កើត អំពើ​បាប អរិយជន គឺ​ជន​អ្នក​ប្រសើរ​ដោយ​សីលធម៌ ពិបាក​ធ្វើណាស់ គឺ​មិន​ងាយ​នឹង​ហ៊ាន​ប្រថុយ​ធ្វើ​ឡើយ។
ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
ពាក្យ​៩
សាធុ​ជនស្រឡាញ់​បុណ្យងាយ​ធ្វើបុណ្យ
ឯ​​ទុជ៌នចិត្ត​ទំរន់ធ្វើពុំ​កើត
បើ​បាប​វិញគេ​ងាយ​ធ្វើពុំ​ញញើត
អ្នក​ប្រាជ្ញ​ឆើតធ្វើ​ពុំ​កើតព្រោះ​ខ្ពើម​បាប​៕៚
                             វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២
                                                                                         ១៩៦៨
សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment