9/17/2011

ផលានិសង្សសុចរិត

ផលានិសង្ស​សុចរិត
ធម្មោ   ហវេ   រក្ខតិ ធ  ម្មចារឹ
ធម្មោ   សុចិណ្ណោ   សុខមាវហាតិ
ឯសានិសំសោ   ធម្មេ១   សុចិណ្ណេ
ន   ទុគ្គតឹ   គច្ឆតិ   ធម្មថារី ។
សុចរិតធម៌ តែង​រក្សា​នូវ​អ្នក​ប្រព្រឹត្ត​សុចរិតធម៌ (នោះ​ឯង), សុចរិតធម៌​ដែល​គេ​បាន​សន្សំ​ល្អ​ហើយ តែង​នាំ​យក​សេចក្ដី​សុខ​មក​ផ្ដល់​ផល​ឲ្យ​, នេះ​ជា​អានិសង្ស​នៃ១ធម៌​ដែល​គេ​បាន​អប់រំ​សន្សំ​ហើយ​, អ្នក​ប្រព្រឹត្ត​ធម៌ រមែង​តែង​មិន​ទៅ​កាន់​ទុគ្គតិ​ឡើយ។
ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
ពាក្យ​៩
ធម៌​សុចរិតតាម​ការណ៍​ពិតតែង​រក្សា
នូវ​ជន​ណាដែល​ប្រព្រឹត្តនូវ​ធម៌​នោះ
ធម៌​សុចរិតដែល​បណ្ឌិតសន្សំ​ស្មោះ
ពុំ​ដែល​ផ្សោះតែង​នាំ​សុខមក​ផ្ដល់​ឲ្យ ។
នេះ​គឺ​ជាអានិសង្សការ​ផ្ចង់​ចិត្ត
ខំ​ប្រព្រឹត្តសន្សំ​ធម៌ពុំ​ដែល​ធ្លោយ
រី​បុគ្គលអ្នក​ប្រព្រឹត្តធម៌​ពុំ​ខ្សោយ
លុះ​ជាតិ​ក្រោយតែង​បាន​សោយសុខ​សួគ៌ា ។
រឿង​ពី​ព្រេងព្រះ​សម្ដែងប្រាប់​បញ្ជាក់
ថា​មាន​អ្នកប្រព្រឹត្ត​ធម៌សុចរិតា
ពូជ​ធម្មបាលឥត​មាន​សល់រូប​ជន​ណា
ទាំង​អស់​គ្នាសុទ្ធ​តែ​មានអាយុ​វែង ។
ជន​ណា​បានប្រព្រឹត្ត​ធម៌នេះ​ទៀង​ទាត់
ពុំ​ដែល​ភ្លាត់តែង​រស់​នៅយូរ​អង្វែង
ដូច​ភាសិតដែល​ព្រះ​ពុទ្ធទ្រង់​សម្ដែង
ជន​នោះឯងតែង​បាន​សុខប្រសើរ​ហោង៕៚
                             វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២
                                                                                           ១៩៦៨
សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment