9/12/2011

ខ្មែរអើយភ្ញាក់ឡើង

បទពាក្យប្រាំពីរ
1. ខ្មែរអើយភ្ញាក់ឡើងឈប់ឈ្លោះគ្នា      ខ្មែរត្រូវសាមគ្គាជាកម្លាំង.
ខ្មែរអើយភ្លាក់ឡើងហ៊ានតតាំង              ខ្មែរត្រូវក្លាខ្លាំងដេញសត្រូវ។
2. ខ្មែរអើយភ្ញាក់ឡើងថែកេរខ្មែរ             ខ្មែរត្រូវជួយខ្មែរឲ្យឆ្ពោះទៅ
ខ្មែរអើយភ្ញាក់ឡើងឈប់សោកសៅ        ខ្មែរត្រូវប្រដៅពួកឈ្លានពាន។

3. ខ្មែរអើយភ្ញាក់ឡើងខំរកស៊ី                ខ្មែររៀនគ្រប់ទីទុកជាស្ពាន
ខ្មែរអើយភ្ញាក់ឡើងឈប់បំពាន              ខ្មែរត្រូវខ្មាស់អៀនល្បែងស្រីស្រា។

4. ខ្មែរអើយភ្ញាក់ឡើងឈប់ច្រអូស         ខ្មែរឈប់នាំឈ្លោះនឹងខេមរា
ខ្មែរអើយភ្ញាក់ឡើងខំឆ្លាក់ចារ                ខ្មែរត្រូវសេ្នហាវប្បធម៌ជាតិ។

5. ខ្មែរអើយភ្ញាក់ឡើងជួយបង្រៀន         ខ្មែរចែករយលានកុំរវាទ
ខ្មែរអើយភ្ញាក់ឡើងរៀនថែមទៀត          ខ្មែររៀនគ្រប់ស្នៀតទប់សត្រូវ។

6. ខ្មែរអើយភ្ញាក់ឡើងស្ទួយគ្នាឯង          ខ្មែរឈប់សំញ៉ែងការអាស្រូវ
ខ្មែរអើយភ្ញាក់ឡើងជួយម៉ែឳ                 ខ្មែរឈប់ឈ្លោះទៅនាំអន្តរាយ។

7. ខ្មែរអើយភ្ញាក់ឡើងខំរៀនសូត្រ          ខ្មែរត្រូវស្លូតបូតល្អដូចម្តាយ
ខ្មែរអើយភ្ញាក់ឡើងបានគ្រប់កាយ          ខ្មែរត្រូវនៅឆ្ងាយពាក្យនាំឈ្លោះ។

8. ខ្មែរអើយភ្ញាក់ឡើងឈប់ឯអង់           ខ្មែរត្រូវផ្ចិតផ្ចង់កុំទ្រគោះ
ខ្មែរអើយភ្ញាក់ឡើងស្តាយកេរ្តិ៍ឈ្មោះ       ខ្មែរត្រូវនាំយសឲ្យខ្មែរវិញ។

និពន្ធដោយ យី ឆេងអ៊ួ (ប៉េង)

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment