9/17/2011

កាតព្វកិច្ចកូនល្អ

កាតព្វកិច្ចកូនល្អ
(បទព្រហ្មគីត)
១-
កូនល្អត្រូវប្រឹងរៀន
គ្រាន់ជាស្ពានចម្លងទុក

ថ្ងៃនេះដល់ថ្ងៃមុខ
ជាក្តីសុខសែនវែងឆ្ងាយ ។
២-
ត្រូវចាប់យកជាស្ពាន
ពាក្យទូន្មានឪពុកម្តាយ

កុំភ្លើននាំបង់កាយ
ក្នុងអបាយមុខផ្សេង ៗ ។
៣-
មុនរាប់រកមិត្រភ័ក្តិ៍
បើស្គាល់ជាក់គេរមែង

ស្អប់ខ្ពើមអំពើល្បែង
អ្នកនោះឯងមិនខុសទេ ។
៤-
កាន់ខ្ជាប់នូវសីលធម៌
ថ្លៃបវរពីបុព្វេ

ខ្មែរយើងពីបុរេ
ល្អលើសគេលើលោកា ។
៥-
ត្រូវចេះសាមគ្គីគ្នា
ឲ្យទៅជាធ្លុងមួយណា

មាននំនែកអាហារ
ថែមសង្ខ្យាជុំប្អូនបង ។
៦-
កុំប្រើពាក្យអាមឹង
មីហែងនឹងគ្មានផ្លែដង

អឺអើអញហែងហង
ឫកពារឆ្គងមិនសមឡើយ ។
៧-
រំលែកទុក្ខធុរៈ
កិច្ចការផ្ទះរៀបឲ្យហើយ

ពុកម្តាយបានធូរស្បើយ
គេងកល់ខ្នើយបានស្រួលខ្លួន ។
៨-
ទោះមានប្តីប្រពន្ធ
កុំភ្លេចគុណលោកពីស្ងួន

លោកធ្លាប់បីអង្រួន
ពុំដេកពួនចាំមើលថែ ។
៩-
បើបានបាយសម្ល
ឬបបរកុំត្អូញត្អែរ

យកចេកជូនពុកម៉ែ
កុំចាំតែគ្នាយកទៅ ។
១០-
ពុកម្តាយនៅឯផ្ទះ
ក្រៀមក្រពះចាំមើលផ្លូវ

ថាតើពេលណាទៅ
កូនឆោមឆ្លៅនឹងឃើញគាត់ ។
១១-
លុយកាក់ច្រើនឬតិច
បេះក្តួចក្តិចកុំប្រែព្រាត់

គ្រាន់លោកចិញ្ចឹមមាត់
ហើយចូលវត្តវ៉ានឹងគេ ។
១២-
ទាន់លោកឈរនៅនឹង
មិនទាន់ពឹងរនាបគ្រែ

ធ្វើអ្វីមិនកើតទេ
ត្រូវគ្នាន់គ្នេរខំបម្រើ ។
១៣-
កុំនាំរឿងនឹងគេ
វាយតប់ជេរបញ្ចើចចើ

អ្នកជិតខាងទេតើ
សន្តិប្រើគួរកុំភ្លេច ។
១៤-
ឃ្លោងឃ្លាបានរ៉ាយរ៉ាប់
បើសិនត្រាប់មិនបំភ្លេច

ចាំគ្រប់ពេលជានិច្ច
ផលសម្រេចនឹងចម្រើន​ ។
                ដោយ៖ កើយ ចិត្រា

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment