9/18/2011

សុវិជ្ជា


សុវិជ្ជា
ថី ឆ-គិមហាក់ ជាអ្នកត្រួតត្រារាជការខ្សែលួស
នៅស្រុកមោងឫស្សី
រៀបរៀង
សុវិជ្ជានេះ
ខ្ញុំទើបនឹងរិះ
គិតជាបឋម
តែងជាពាក្យបួន
ជួនពុំឧត្តម
អ្នកប្រាជ្ញចាស់ទុំ

កុំបីនិន្ទា ។

ខ្ញុំបាទសូមរៀប
តែងតាមរបៀប
ពីសុវិជ្ជា
គឺវិជ្ជាល្អ
ក្រៃក្រមហិមា       
ឈ្នះអស់មារា

តិរេកច្រើនពេក ។

នរូឯណា
ស្អប់ខ្ពើមទុក្ខា        
កើតក្នុងភពត្រៃ
ចង់ធ្វើឲ្យប្រាស
និរាសចង្រៃ
ត្រូវគិតកែខៃ

រៀនសីល្បសាស្ត្រ ។

រៀនសុវិជ្ជា
រិទ្ធីសំភារ
ភ្លឺផ្លេកស្អាងស្អាត
ជនត្រូវប្រាថ្នា
មិនត្រូវប្រមាទ
ត្រូវឆ្លៀតសង្វាត

ស្វែងយកឲ្យបាន ។

បើមិនខំរក
ទុក្ខនឹងចូលមក
ជ្រៀតជ្រកក្នុងប្រាណ
ញាប់ញ័ររន្ធត់
ស្លុតចិត្តឥតក្សាន្ត
ដាច់ក្តីរាប់អាន

សន្តានមើលងាយ ។

នាទីប្រជុំ
បណ្ឌិតតូចធំ
ខ្លៅពុំពណ្ណរាយ
ដូចជាសត្វក្អែក
ខ្មៅហួសនិយាយ
កណ្តាលហ្វូងនាយ

បក្សាហង្សសត្វ ។

រីព្រះសុរិយា
រស្មីជ្រះថ្លា
អាកាសឆ្វៀលឆ្វាត់
ពុំស្មើវិជ្ជា
ភ្លឺគ្មានចេះបាត់
ពុំចេះរសាត់

អាប់ឱនទៅណា ។

អស់ទ្រព្យសម្បត្តិ
ជួនកាលប្រែខ្ចាត់
វិនាសអសារ
វិជ្ជានេះឯង
តែងជាប់កាយា
ចោរនឹងប្រាថ្នា

លួចលាក់ពុំបាន ។

អាវុធនានា
សឹងចាញ់រិទ្ធា        
វិជ្ជាកល្យាណ
មុតលើសព្រះខាន់
ពេជ្រនីលសូរ្យកាន្ត
សស្ត្រាប៉ុន្មាន

ពុំស្មើឡើយនៃ ។

វិជ្ជាឲ្យមាន
សម្បត្តិធនធាន
មាសប្រាក់ទីទៃ
ទាសីទាសា
សួនច្បារប្រពៃ
ឲ្យមានជោគជ័យ

ល្បីសព្វទិសា ។

វិជ្ជាឲ្យមិត្ត
ឲ្យញាតិរឹងរឹត
ស្រឡាញ់ស្នេហា
ឲ្យយសថ្កុំថ្កើង
រុងរឿងសក្តា
វិជ្ជាក្លៀវក្លា

ការពារអកុសល ។

វិជ្ជាឲ្យសុខ
គ្មានព្រួយវិតក្ក
ទុក្ខពុំហ៊ានពាល់
ធ្វើឲ្យចិន្តា
ជ្រះថ្លាពេកសល់
វិជ្ជាតម្កល់

ក្តីសុខក្នុងកាយ ។

បុរីឯណា
មានពួកបណ្តា
រាស្រ្តច្រើនប្រាជ្ញប្រាយ
បុរីនោះឯង
រែងល្បីសព្វសាយ
នគរទាំងឡាយ

ខ្លបខ្លាចតេជដៃ ។

បិតាមាតា
បើបានបុត្រា         
ឆ្លាតវិជ្ជាក្រៃ
លោកសឹងសសើរ
ដំណើរបុត្តថ្លៃ
ដោយបុណ្យនិស្ស័យ

ទ័យាក្សេមក្សាន្ត ។

វិជ្ជាជាគុណ
ឲ្យអស់មហាជន
គន់គិតគ្រប់ប្រាណ
សម្គាល់ទៅខុស
ទាបខ្ពស់ប៉ុន្មាន
ឲ្យយល់សណ្ឋាន

សន្តានពាលខ្លៅ ។

ឲ្យស្គាល់តូចធំ
ស្គាល់ក្មេងចាស់ទុំ  
ដឹងត្រជាក់ក្តៅ
ឲ្យស្គាល់ធ្ងន់ស្រាល
ដុតអាលឆ្អិនឆ្អៅ
ស្គាល់ទីក្នុងក្រៅ

ស្គាល់ហៅក្រាសស្តើង ។

បានបុណ្យកាលណា
ឲ្យដឹងខ្លួនថា
មិនត្រូវតម្លើង
ត្រូវតែបន្ទាប
សុភាពទើបថ្កើង
មិនត្រូវឲ្យឆ្មើង

យើងគេនិន្ទា ។

ឲ្យចេះរក្សា
ឲ្យចេះខាំងខា        
ប្រឹងប្រែងការពារ
កេរ្តិ៍អាពុកម្តាយ
សាយសព្វនានា
ឲ្យបាននាមា

ក្រអូបលប់ផ្កា ។

ឲ្យចេះតបស្នង
មិនឲ្យកន្លង
គុណគ្រូអាចារ្យ
ឲ្យចេះអភិវាទ        
មាតាបិតា
ស្រឡាញ់ស្នេហា

រក្សារួមរក្ស ។

បើចង់ធ្វើឈ្មួញ
តុបតែងជំនួញ
លក់ដូរបណ្តាក់
វិជ្ជាឲ្យស្គាល់
យល់ការជ្រៅរាក់
ឋានពពួកអ្នក

ពាណិជរាល់គ្នា ។

វិជ្ជាចង្អុល
ប្រឹងខំពន្យល់        
បង្ហាញមាគ៌ា
ដឹកនាំទំនិញ
ចេញចូលនាវា
ឲ្យកើតលាភា

អនេកឱភាស ។

ពាណិជមួយ ៗ
ឲ្យចេះមានព្រួយ
រិះរកប្រាក់មាស
កុំឆកុំឆក់
កុហកអស់រាស្រ្ត   
សូវឲ្យវិនាស

ជាជាងលួចគេ ។

ឲ្យចេះសំដី  
កាន់ជនប្រុសស្រី
វៃវេះរិះរេ
ឲ្យជនផងស្ងួន
ដូចកូននិងមេ       
នោះឯងទើបគេ

ជួយទិញជួយដូរ ។

ធ្វើចិត្តឲ្យត្រង់        
រសធម៌កុំបង់
កុំកំណាញ់ស្មូ
ជនជាតិអប្បលក្ខណ៍
ចិត្តស្មគ្រអាសូរ
ករុណាឲ្យផូរ

ផង់រាល់វេលា ។

វិជ្ជាឲ្យស្គាល់
ឲ្យកោតខ្លាចដល់   
អង្គព្រះពុទ្ធា
បរមសាស្តា
ទេវតាយក្សមារ     
ឲ្យខំបូជា

វន្ទាសព្វថ្ងៃ ។

ឲ្យស្គាល់មេត្តា
ឧត្តមសាក្យា
មុនីចរណៃ
លុបលើសសត្វផង
កន្លងភពត្រៃ
ជនមាននិស្ស័យ

ក្រេបរសពុំខាន ។

ឲ្យស្គាល់ព្រះធម៌
ប្រកបដោយពណ៌ 
ភ្លឺជាងសុរិឆាន
មរណជរា
ព្យាធិប៉ុន្មាន          
និរាសទៅបាន

អមតបុរី ។

ឲ្យស្គាល់ព្រះសង្ឃ
ផុតដាច់ចំណង់
ត្រេកកាមលោកិយ
តណ្ហាស្ងប់ស្ងាត់
បង់បាត់រស្មី
គួរជនប្រុសស្រី

អើពើធ្វើទាន ។

ព្រះសង្ឃដូចស្រៃ
ជាប់ដីឥតល្ហែ       
លូតលាស់ធនធាន
ឲ្យផលឧត្តម
ស្តុកស្តមក្រមាន
ចេះញ៉ាំងអស់ទាន

ឲ្យរីករាយដាស់ ។

វិជ្ជាឲ្យដឹង
ឲ្យជនប្រុងប្រឹង
ធ្វើតាមពុទ្ធសាសន៍
វចនៈប្រសើរ         
ជាតិប្រហើរណាស់
ឲ្យអស់ក្មេងចាស់

សង្វាតសិក្សា ។

ឲ្យខំធ្វើបុណ្យ
មិនឲ្យទូរជន
កំណាញ់ឫស្យា
កុសលតូចធំ
តោងខំប្រវារ
យកមកប្រើការ

បណ្តេញលោភោ ។

វិជ្ជាជួយឆ្លុះ
ឲ្យដឹងថាខុស
ទោសនោះជ្រងោ
ដែលកើតឡើងហើយ
អ្នកកើយសន្ធោ
ដូចភ្លើងនៅរោ-

រពនរកណា ។

ឲ្យចេះពិតពិល
ឲ្យខំរមិល
សម្គាល់តណ្ហា
តែងបង្វឹកចិត្ត       
ឲ្យស្នឹទ្ធប្រាថ្នា         
នាំកើតសោកា

ឱរាផ្សាក្តៅ ។

លោភៈវាយដំ
ឈឺឈួលអួលក្រំ
ដំណំហ្មងសៅ
ញាំញីដួងចិត្ត       
ប្រព្រឹត្តការខ្លៅ
លោភប្រដៅ

ឲ្យចង់តែបាន ។

បានហើយចង់ទៀត         
ឱរាចង្អៀត
ស្ទើរប្រេះពីប្រាណ
ហឫទ័យកង្វល់
សល់សែនរំខាន
ក្នុងខន្ធសន្តាន

ពីព្រោះប្រាថ្នា ។

វិជ្ជាពន្យល់
ឲ្យចេះតទល់
សម្លាប់តណ្ហា
ឲ្យបរិច្ចាគទាន
ឲ្យគ្រឿងសស្រ្តា
មកផ្ចាញ់ចេស្តា

តណ្ហាអប្រិយ ។

វិជ្ជាពញ្ញាក់
ធ្វើឲ្យសត្វភ្ញាក់
រាល់រូបប្រុស្រី
ដឹងគិតទៅថា
លោកាទាំងបី        
ទោសអប្រិយ

ដុះមីត្រៀបត្រា ។

គួរឲ្យប្រយ័ត្ន
គួរខំកម្ចាត់  
បំបាត់ទោសា
នាំកាយឲ្យព្រួយ
រលួយចិន្តា
ខុសនឹងរាជការ

ខាតទ្រព្យសម្បត្តិ ។

វិជ្ជាឲ្យដឹង
បើចង់បាត់ខឹង
ឲ្យកាន់សីលថ្វាត់
សីលប្រាំប្រាំបី       
ប្រយោជន៍ច្រើនក្តាត់         
សីលអាចនាំសត្វ

កាត់រកនិព្វាន ។

សីលជាឧបោសថ
ពូកែចំហុត
រកអ្វីស្មើគ្មាន
វិជ្ជាញ៉ាំងជន         
ឲ្យធន់សូត្ររៀន
សីលជាប្រធាន

នាំក្តីសុខា ។

វិជ្ជាបង្អើល
ឲ្យជនផ្អូកផ្អើល
បារម្ភចិន្តា
ថាបាបមួយមាំ
សម្បើមណាស់សា
គឺតួមោហា

វង្វេងងងឹត ។

ឃើញតូចថាធំ
ឃើញរាយថាដុំ
ឃើញឆ្ងាយថាជិត
គុណថាជាទោស
សត្រូវថាមិត្ត         
ជនអើយគួរគិត

អាសូរអាត្មា ។

មើលមានវិជ្ជា
យកមកភាវនា
ពិឃាដមោហា
ចោរកាចពន្លិច
តែងដិតរូបា
កាន់ទុក្ខសោកា

មហាច្រើនសល់ ។

ភាវនាជាថ្នាំ
សម្រាប់ដុសត្រា
មើលឧបាយកល
វង្វេងកើតហើយ
អ្នកអើយកុំឆ្ងល់
យកភាវនាផ្តល់

ផ្តាច់តួមោហា ។

ហៃសប្បុរស
ចូលចេះលោតផ្លោះ
ឲ្យចាកចេញណា
ពីមេបាបបី
ស្តេចចោរក្លៀវក្លា  
ទើបឃើញអមតា

និព្វានពណ្ណរាយ ។

ចូលខំប្រព្រឹត្ត
ចិញ្ចឹមជីវិត
ឲ្យល្អព្រោងព្រាយ
តាមធម៌សុចរិត
កុំឲ្យបាបលាយ
នាំឲ្យរាយមាយ

អាប់ឱនសិរី ។

ឲ្យត្រាប់ពួកឃ្មុំ
គំនិតរម្យទម
លើសលើបក្សី
ព្រឹកឡើងកាលណា
ចូលកាន់រុក្ខី
ក្រេបរសពិសី

បុប្ផាទាំងឡាយ ។

ដូចជាបណ្ឌិត
ប្រកបគំនិត
យល់ការវែងឆ្ងាយ
ចេះប្រឹងស្វែងរក
វត្ថុឆើតឆាយ
ពុំដែលមានណាយ

រសាយទ័យា ។

កុំត្រាប់ពួករុយ
មារយាទទុយមុយ
អាក្រក់មហិមា
ព្រឹកព្រាងស្វាងថ្វាត់         
ត្រេចកាត់ម្នីម្នា
រករោមអស់លា-

មកស្អុយជាប់ដាស់ ។

សត្វរុយប្រៀបដូច
បុគ្គលពាលខូច
ប្រាថ្នាកម្មក្រាស់
មិនស្គាល់រសពិត
ភាសិតពុទ្ធសាសន៍
នាំខ្លួនឲ្យប្រាស

និរាសក្តីសុខ ។

សប្បុរសគប្បី        
ស្គាល់ជាតិលោកិយ
ច្រើនកាមវិតក្ក
កិលេសអប់រំ         
នាំកាយអផ្សុក
ពុំបានស្រណុក

ក្នុងលោកនេះណា ។

គួរខំវេះវាង
បញ្ញាឲ្យឃ្លាង        
ចេះធ្វើរូបា
កុំឲ្យដេកត្រាំ
ក្នុងកាមតណ្ហា
ឲ្យខំសិក្សា

អដ្ឋង្គិកមគ្គ ។

រីផ្កាបទុម
ពីដោរភិរម្យ
បរិបូណ៌នរលក្ខណ៍
កើតអំពីភក់
បឹងត្លុកជ្រៅរាក់
តែពុំចេះស្មគ្រ

នឹងសង្ខារខ្លួន ។

ប្រឹងដុះលូតលាស់
រសាយចេញអស់
ល្បាត់ធំធួន
ផុតទឹកកាលណា
បុប្ផាក្លាយខ្លួន        
ខ្លឹននោះគួរស្ងួន

ដល់ជននានា ។

នេះដូចសប្បុរស
ចង់តែរដោះ
ពីកិលេសមារ
ប្រឹងខំធ្វើទាន
មានសីលភាវនា
តាមផ្លូវពុទ្ធា-

នុញ្ញាតវិសេស ។

កុំធ្វើតាមជ្រូក
យកភក់ធ្វើពូក
ដេកធ្វើក្រអេះ
បានបាយភោក្តា
ថាខ្លួនវិសេស
ចេះតែប្រហែស

មិនគិតតទៅ ។

រូបជាប់ក្នុងទ្រុង
របងជង្រ្គង់
ធំ ៗ សន្ធៅ
ពុំដែលចង់ចេញ
ចាកទីលំនៅ
ភក់ច្រើនយ៉ាងជ្រៅ

នៅស៊ូតែទ្រាំ ។

មិនដឹងខ្លួនថា        
បន្តិចទៀតណា
ខ្លួននឹងសោយកម្ម
គេនឹងសម្លាប់
សាច់សាប់ចញ្ច្រាំ  
យកមកស្ងោរដាំ

ប្រលាក់ញាំឆា ។

ជ្រូកដូចពាលខ្លៅ
ចិត្តអាក្រក់ខ្មៅ
អាប់ឥតប្រាជ្ញា
ហឫទ័យប្រតិព័ទ្ធ
នឹងវដ្ដសង្សារ        
ថាគ្មានឋានណា

ប្រសើរជាងបាន ។

ជនអើយសូមគិត  
សូមជួយពិនិត្យ     
ពាក្យអម្បាលម៉ាន
ដែលខ្ញុំបានពោល
ចំពោះសន្តាន       
បើល្មមរាប់អាន

ចូរសិក្សាហោង ។


ចប់ដោយបរិបូណ៌


----------

                                                             ស្រង់ចាកកម្ពុជសុរិយា

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment