9/04/2011

វៀចគល់ត្រង់ចុង

(ឧបមាភាសិត)
អ្នកដែលប្រមាទកាលពីដំបូង
ក្រោយកែប្រែយោងពុំនៅកន្តើយ
ដោយមិនប្រមាទមិនប្រហែសឡើយ
ឈោងឈានរកត្រើយលះគ្រឿង ស្មោគគ្រោក ។
គឺជននោះហើយព្រមដោយតម្រិះ
តែងធ្វើលោកនេះឲ្យភ្លឺពន្លក
ប្រៀបដូចព្រះចន្ទផុតពីពពក
ចាំងបំភ្លឺលោកឲ្យភ្លឺចិញ្ចែង ។
ជនអាប់បញ្ញាដឹងថាខ្លួនល្ងង់
ខិតខំលះបង់មានៈខ្លួនឯង
ស្តាប់ពាក្យទូន្មានបណ្ឌិតថ្លាថ្លែង
បុគ្គលនោះឯងរមែងថ្កើងថ្កាន ។
រីជនមានប្រាជ្ញអង់អាចភ្លេចខ្លួន
ធ្វើចេះហួសក្បួនអាងខ្លួនប្រាជ្ញបាន
ចុងក្រោយយូរឆាប់យ៉ាប់លំបាកប្រាណ
ធ្លាក់ចុះពុំខានស្មានខ្ពស់ហួសហេតុ។

ដោយឧបាសក៖ គុយ សុធន

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment