8/31/2011

សិល្បៈ​តែង​កំណាព្យ​ និពន្ធ​ដោយ​ ពេជ្រ ទុំ​ក្រវ៉ិល



កំណាព្យ គឺ​ជា​កម្រង​ពាក្យ​សំដី​ ដែលមាន​ការ​ចាប់​ចុង​ជួន​ពិរោះ​ រណ្តំ ណែង​ ណង​ មាន​ឃ្លា​ មាន​ល្បះ​ និង​មាន​កម្រិត​ចំនួន​ព្យាង្គ ជា​កំណត់​... ចេញ​ពី​ទឹក​ចិត្ត​រំភើប និង​ធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។
ធាតុ​ផ្សំ​របស់​កំណាព្យ
នៅ​ក្នុង​កំណាព្យ មាន​ធាតុ​សំខាន់​ៗ​ ដូច​ត​ទៅ​នេះ ៖
- ព្យាង្គៈ សំឡេង​មួយ​ម៉ាត់​ៗ​នៅ​ក្នុង​កំណាព្យ។
- ឃ្លាៈ ព្យាង្គ​ច្រើន​រួម​គ្នា​បាន​ជា​ឃ្លា។
- ល្បះ ឬ​ល្បះ​ខ័ណ្ឌៈ ឃ្លា​ច្រើនរួម​គ្នា​មក​ដោយ​មាន​ខ័ណ្ឌ ហៅ​ថា​​ល្បះ ឬ​ល្បះ​ខ័ណ្ឌ។
ពាក្យ
នៅ​ក្នុង​កំណាព្យ​គេ​ចែក​ពាក្យ​ជា​ពីរ​គឺ​ ពាក្យ​ពេចន៍​ និង​ពាក្យ​សម្ផស្ស។
- ពាក្យ​ពេចន៍​គឺ​ជា​ពាក្យ​សម្រាប់​រំលេច​ន័យ​ខ្លឹម​សារ​ របស់​អត្ថបទ​កំណាព្យ​ឲ្យ​លេច​ធ្លោ​ឡើង​ ឲ្យ​អត្ថបទ​នោះ​មាន​សោភ័ណ​ខ្ពស់ ពោល​គឺ​បង្កើត​រូបារម្មណ៍ និង​បំផុស​ឲ្យ​ដឹង​ច្បាស់​ពី​គំនិត​របស់​អត្ថបទ​ ចង់​និយាយ​យ៉ាង​ណា​ៗ​នោះ។
- ពាក្យ​សម្ផស្សៈ គឺ​ជា​ពាក្យ​គន្លឹះ​ជួន ឬ​ហៅ​ចំណាប់​ចុង​ជួន​ ដែល​ធ្វើ​ឲ្យ​រូបភាព​ ឬ​ទម្រង់​នេះ​អត្ថបទ​កំណាព្យ មាន​សម្រស់​ល្អ​ឡើង​ប្រកប​ដោយ​លក្ខណៈ​ចួន​ផ្ទួន​រណ្តំ។
គេ​ចែក​ពាក្យ​សម្ផស្ស​ជាពីរ គឺ​ពាក្យ​សម្ផស្ស​ក្នុង​ និង​ពាក្យ​សម្ផស្ស​ក្រៅ។
ក. ពាក្យ​សម្ផស្ស​ក្នុង​ គឺ​សំគាល់​លើ​ចំណាប់​ផ្ទួន​ចួន​រណ្តំដែល​ស្ថិត​ក្នុង​ឃ្លា​ជាមួយ​គ្នា។
ឧទាហរណ៍ៈ ស្រី​ប្តី​ពីរ​បី​ពុំ​គាប់​រាប់
ស្រី​ ចួន​នឹង ​ប្តី
គាប់​ ចួន​នឹង​ រាប់
ខ. ពាក្យ​សម្ផស្ស​ក្រៅ គឺ​សំគាល់​ចំណាប់​ចួន​ ផ្ទួន រណ្តំ ដែល​ឆ្លង​ពី​ឃ្លាមួយ​ទៅ​ឃ្លា​មួយ​ទៀត ឬ​ពី​ល្បះ​មួយ​ទៅ​ល្បះ​មួយ​ទៀត។
ឧទាហរណ៍ៈ
សុយិរា​កើត​ឃ្លង់    ក្នុង​មុង​ចំបែង​   លោក​ខែ​កើង​ស្រែង
ផ្កាយ​ដុះ​កន្ទុយ​។
មូស​ពាំ​ដំរី    ពី​ព្រៃ​ធ្វើ​នុយ   ខ្លា​ចាស់​ពោះ​ស្អុយ
ស៊ី​នុយ​ផឹន​មូស។
សូរ​ស័ព្ទ​ ឬ​សូរ​សៀង ឬ​សំនៀង
សូរ​ស័ព្ទ​ ឬ​សូរ​សៀង ឬ​សំនៀង នៅ​ក្នុង​កំណាព្យ​មាន​សារៈសំខាន់​ណាស់ ព្រោះ​កំណាព្យ​ដែល​ល្អ​គឺ​កំណាព្យ​ដែល​មាន​ចំណាប់​ចួន និង​ផ្ទួន​មាន​សំឡេង​ដូច​គ្នា ។ពោល​បើ​សំនៀង​នោះ​ចេញ​ពី​ព្យញ្ជនៈឃោសៈ​ ខ្យល់​គ្រលរ​សំឡេង "​អ៊"​ ​ដូច​ជា​ពាក្យ​ គិត​ មិត្ត​ ពិត​ រឹត។
បើ​សំនៀង​ចេញ​មក​ពី​ព្យញ្ជនៈ​អឃោសៈ​ សម្លេង​តូច​ស្រួយ​ ខ្យល់​ "​អ"​ ត្រូវ​តែ​ចួន​នឹង​អឃោសៈដែរ ដូច​ជា​ ពាក្យ​ កង​ បង ឡង​ សង ដង។
មិន​ត្រូវ​យក​ឃោសៈ​ ទៅ​ចួន​នឹង​អឃោសៈ​ទេ។ ប៉ុន្តែ​តាម​ការសង្កេត​ បើ​ព្យាង្គ​ឬ​ពាក្យ​ទាំង​ឡាយ​ណា​ដែល​ប្រើ​ស្រៈ "​ួ"​ ស្រៈ "​ឿ" និង​ស្រៈ​ "​ៀ"​ នោះ​ឃោសៈ និង​អឃោសៈ អាច​ចួន​គ្នា​បាន​ ព្រោះ​មាន​សូរ​សំឡេង​ដូច​គ្នា។
ឧទាហរណ៍ៈ គួ តួ គួន​ ចួន លឿង​ សឿង គ្រឿង ក្បឿង​ ទិតៀន បៀត​បៀន​។
សង្ខេប​បទ​កំណាព្យ​ខ្មែរ
១. បទ​មេ​បួន
២. បទ​បថ្យាវត្ត
៣. បទ​កាកគតិ
៤. បទ​ព្រហ្មគិតិ
៥. បទ​ពំនោល
៦. បទ​បន្ទោល​កាក
៧. បទ​ភុជង្គលីលា
៨. បទ​ពាក្យ​៦
៩. បទ​ពាក្យ​៧
១០. បទ​ពាក្យ​៨
១១. បទ​ពាក្យ​៩
១២. បទ​ពាក្យ​១០
១៣. បទ​ពាក្យ​១១
១៤. បទ​ ក,
១៥. បទ​នមោ
១៦. បទ​អក្សរ​លូន
១៧. អក្ស​រ​សង្វាស
១៨. បទ​កង្កែប​លោត​កណ្តាល​ស្រះ
១៩. កង្កែប​លោត​លើ​គោក
២០. កង្កែប​លោត​ស្ទាក់​ពេជ្រ
២១. កង្កែប​លោត​ផ្ទាត់​ខ្ចៅ
២២. នាគ​បរិព័ទ្ធ
២៣. នាគ​គៀវ​ក្រវាត់
២៤. នាគ​រាជ​ប្លែង​ឫទ្ធ
២៥. គោ​ព័ទ្ធ​ស្នឹង
២៦​. សឹង្ហ​តោ​លេង​កន្ទុយ
២៧. រមាំង​ដើរ​ព្រៃ
២៨. ផ្កា​ឈូក​រីក
២៩. ក្រប​ចក្រ​វាឡ
៣០. ម្ករ​ខ្ជាក់​កែវ
៣១. ឆ័ត្រ​បី​ជាន់
៣២. រលក​យោល​យាវ
៣៣. រលក​ខ្ទប់​ច្រាំង
៣៤. សហរា
៣៥.​ វិវិធ​មាលី
៣៦. ពស់​លេប​កន្ទុយ
៣៧. សត្វ​កាង​ស្លាប
៣៨.​ ថយ​ក្រោយ​ចូល​ព្រែក
៣៩. រមាំង​បើក​បាស
៤០. ទន្សាយ​ទីស​ទាស
៤១. មាន់​ទឹក​បណ្តើរ​កូន
៤២. សារថីទាញ​រថ
៤៣. អើយរ៉ា
៤៤. សុក្រ​ទិន​វិសាល
៤៥. សោរទិន​វិសាល
៤៦. ត្រឡាច​ឡើង​ទ្រើង
៤៧. យត្តិភ័ង្គ
៤៨. ជាប់​ទង
៤៩. សបាត់​សប៉ឹង
៥០. ត្រី​ពិធ​ព័ន្ធ
៥១. សឡាប​លួន
៥២. វង្ស​វិចិត្រ
៥៣. ព្រះ​ចន្ទ្រ​បាំ​ង​ឆ័ត្រ
៥៤. បទ​ឥន្ទ​ជិត
សូម​ស្វែង​យល់​លំអិត​អំពី​ការ​ចាប់​ចុង​ចួន​និង​ការ​សង្កត់​សំឡេង​ របស់​បទ​កំណាព្យ​នីមួយៗ​នៅ​ក្នុង​សៀវភៅ​ " សិល្បៈ​តែង​កំណាព្យ"​ និពន្ធ​ដោយ ​ពេជ្រ​ ទុំ​ក្រវ៉ិល បោះ​ពុម្ព​ផ្សាយ​លើក​ទី​៤ ឆ្នាំ​២០១១។

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment