8/29/2011

ព្រហ្មចារី(ពាក្យប្រាំបី)


១.ឧិព្រហ្មចារីស្រីវ័យក្រមុំ                     ថ្ងៃដែលបងសុំមាសមុំរៀបការ
ម្តាយអូនផ្គាប់បងជាប្រាក់ដុល្លារ           ថ្លៃណាស់ជីវាបងគ្មានគ្រប់ទេ។
២.ឧិព្រហ្មចារីស្រីក្រមុំក្មេង                   ក្លាយជាហាងឆេងផ្សារលក់កេរមេ
គេទិញគេលក់តាមតែចិត្តគេ                 បងរេរិះគិតសែនអនិច្ចា។
៣.ឧិព្រហ្មចារីស្រីស្ទើក្រមុំ                    ថ្លៃណាស់ស្រីមុំម្តាយអូនគាត់ថា
តែអូនឥតស្តាយចាយឲ្យសង្សារ           បំពេញតណ្ហាដោយឥតគិតថ្លៃ។
៤.ឧិព្រហ្មចារីស្រីមាសបងអើយ           ម្តេចឡើយឲ្យគេផុយម៉្លេះចរណៃ?
ផ្គាប់ចិត្តគេជួញដូរយកកម្រៃ                 កែច្នៃលៃលកយកជាដុល្លារ។
៥.ឧិព្រហ្មចារីដ៏ប្រពៃពិត                       មាសមិត្តអាណិតគិតពិចារណា
ឈប់លក់ដូរទិញដូចត្រីក្នុងផ្សារ           កុំឲ្យសង្សារបំផ្លាញស្រីថ្វី។
៦.ខ្ញុំនិយាយនេះមិនមែនបន្ទោស         កុំដាក់ទោសខ្ញុំដែលចំណេះខ្ចី
ព្រោះដ្បិតរូបខ្ញុំមិនមែនកវី                    អ្វីៗខ្ញុំស្តីមិនមែនសប្បាយ។
៧.អភ័យទោសផងបើខុសឆ្គង              កុំសំពងខ្ញុំដែលមកពីឆ្ងាយ
ខ្ញុំកូនអ្នកស្រែរស់កម្សត់កាយ               ខ្ញុំពោលព្រោះស្តាយរសព្រហ្មចារី។
ដោយ៖ ខ្មែរស្មេរ

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment