8/31/2011

បាន​ត្រឹម​តែ​ចង់​


បាន​ជួប​ស្រស់​ស្រី​សំដី​ទន់
មុខ​មូលមាន​មន្ត​ស្រូប​ព្រលឹង
ខាប​ឆក់​បេះ​ដូង​អោយ​គាំង​ឈឹង
អារម្មណ៍​ធ្មាំង​ធ្មឹង​រឹង​ជើង​ដៃ។
ចង់   នៅ​ជួប​ជិត​កិត​កៀក​កាយ
ចង់   រស់​រៀង​អាយ​អែប​ចរណៃ
ចង់​   ចាំ​ចរចា​ទាំង​យប់​ថ្ងៃ
ចង់   ចង​និស្ស័យ​ស្នេហ៍​សំងាត់។
ចង់   ពួន​ពេប​យំ​ព្រោះ​នឹក​ស្រី
ចង់   ស្តាប់​សំដី​បី​បួន​ម៉ាត់
ចង់​   បាន​ចំលើយ​ស្បើយ​វិបត្តិ
ចង់   ណាស់​ចង់​ណាត់​ជួប​ពីរ​នាក់។
ចង់​   យល់​ពី​ពៅ​អោយ​បាន​ច្បាស់
ចង់​   ស្រែក​ប្រកាស​ចិត្ត​ជំពាក់
ចង់   ពោល​ពាក្យ​ពិត​ឥត​លៀម​លាក់
ចង់   រាប់​រាក់​ទាក់​សើច​ក្អាក​ក្អាយ​។
បាន​ត្រឹម​   តែ​ចង់​ឥត​សង្ឍឹម
បាន​ត្រឹម   ញញឹម​ឥត​សប្បាយ
បាន​ត្រឹម   ខក​ចិត្ត​ឥត​រសាយ
បាន​ត្រឹម   តែ​ស្តាយ​!​ ស្តាយ​សោយ​សោក​!!!

កំណាព្យ​បទ​ពាក្យ​៧ ដោយ​ ជ័យ​ ចាប​ ជ័យ​លាភី​តែង​និពន្ធ​ក្រប​ខ័ណ្ឌ​អាស៊ាន​ឆ្នាំ​២០០៤

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment