9/03/2011

ខ្មែរខ្សោយមកពីអ្វី?

(កំណាព្យបទពាក្យ ៨ )


វប្បធម៍យើងខ្សោយតើមកពីអ្វី ?


សូមញាតិប្រុសស្រីជួយពិចារណា


ព្រោះយើងជាពូជអ្នកសាងប្រាង្គប្រា


ដែលក្នុងលោកាធ្លាប់កោតស្ញប់ស្ញែង ។


ខ្លះថាមកពីថ្នាក់លើមើលស្រាល


រដ្ឋាភិបាលមិនជួយខ្នះខ្នែង


ក្រសួងវប្បធម៍ដឹកនាំតែឯង


កណ្ដោចកណ្ដែងស្វះស្វែងទប់ទល់


ខ្លះថាអ្នកធ្វើវប្បធម៍យើងតិច


បច្ចេកទេសល្បិចមិនសូវប្រសប់


ខ្សោយទាំងលុយកាក់អួលអាក់មួយចប់


យើងមួយគេដប់ភ្នាល់រាប់មិនបាន ។


ខ្លះថាសិល្បៈករយើងមិនពូកែ


គ្មានអ្នកជួយថែណែនាំទូន្មាន


ច្រើនយកតាមគេធ្វើជាមេរៀន


គំនិតក្រិនក្ដៀនគ្មានច្នែប្រឌិត ។


ខ្លះថាបែបនេះខ្លះថាបែបនោះ


ទំលាក់កំហុសដាក់គ្នាមិនគិត


តើវប្បធម៍ខ្សោយគួរឲ្យអាណិត


មានមូលហេតុពិតមកពីរឿងអ្វី ? ។


រួមមករឿងនេះបើរិះគិតទៅ


ឲ្យស៊ីជម្រៅជ្រៅដល់បាតដី


គឺមកពីខ្មែរយើងទាំងប្រុសស្រី


មិនស្គាល់តម្លៃវប្បធម៍ខ្លួនឯង ។


វប្បធម៍មានដែរតែស្គាល់មិនច្បាស់


អ្នកស្គាល់តិចណាស់អៀនមាត់នឹងថ្លែង


ជាងដប់លានពិតបើគិតជាក់ស្ដែង


វប្បធម៍ជាតិឯងស្គាល់មិនដល់ពាន់ ។


អ្នកស្គាល់ច្រើនតែអ្នកធ្វើការងារ


វប្បធម៍ការពារខឿនកេតនភ័ណ្ឌ


ឯអ្នករកស៊ីគ្រប់ទីតំបន់


យល់មិនគ្រប់គ្រាន់ពីវប្បធម៍ឡើយ ។


របាំបូរាណដែលរាំសព្វថ្ងៃ


ពត់ពែនម្រាមដៃជីប‑លាតមុខក្រោយ


កែក្រាយក្រាញក្រាបឆក់ឆាប់ងើបងើយ


កែងគោះគាស់កើយឆ្លើយប្រាប់ភាសា ។


មិនមែនចេះតែរាំដោយគ្នានន័យ


ជួនលើកម្រាមដៃដាក់ផ្ទាប់នេត្រា


នោះគឺតួអង្គវិយោគសោកា


បើផ្ទាប់ឳរាប្រាប់ថាស្នេហ៍ស្និទ្ធ ។


បើលើកដៃរាប្រែថាបដិសេធ


សុទ្ធតែមានហេតុមានផលពិតៗ


អ្នកយល់ភាសាទើបថាសុក្រិត្យ


របាំខ្មែរពិតជាមានដម្លៃ ។


នៅក្នុងក្បូរក្បាច់ចម្លាក់ប្រាង្គប្រា


ភ្ញីភ្លើងភ្ញីផ្កាភ្ញីកាច់ដកម៉ៃ


ក្បាច់ទោលក្បាច់ទេសចាក់ស្រេះវែងខ្លី


ដូចខ្មែរប្រុសស្រីរួមដៃកៀកស្មា ។


ភ្លេងប្រពៃណីមហោរីល្អឆើត


ភ្លេងខួបកំណើតភ្លេងកើតភ្លេងការ


ភ្លេងស្លាប់ភ្លេងខ្មោចភ្លេងសែនអ្នកតា


ភ្លេងព័ទ្ធសីមាភ្លេងលាបំណន់ ។


រាំខ្មែរមានច្តើនតាំងពីយូរលង់


រាំក្បាច់រាំវង់រាំលាវសារវ៉ាន់


គួរអីខ្មែរបែររាំតាមហ្សាក់សុន


ញាក់ដូចស្កន់ជាន់ថាទាន់សម័យ ។


ហេតុដែលខ្មែរហ៊ានឈ្លានពានប្រាសាទ


លួចថ្មល្អស្អាតចម្លាក់ល្បាញល្បី


ព្រោះគេមិនយល់មិនស្គាល់ដម្លៃ


មិនដឹងថាអ្វីជាកេតនភ័ណ្ឌ ។


អ្នកចេះវប្បធម៍ស្គាល់ថ្មនោះច្បាស់


ថ្លៃជាងប្រាក់មាស់ពេជ្រកែវសុវណ្ណ


ជាព្រលឹងជាតិខ្មែរគ្រប់ជំនាន់


ជាដួងអាត្ម័ននៃកម្ពុជា ។


ជាតិរុងរឿងខ្ពស់ព្រោះវប្បធម៍ល្បី


គួរខ្មែរប្រុសស្រីប្រឹងប្រែងការពារ


កុំឲ្យដំណែលដែលសល់យូរយារ


បែកបាក់ក្រំគ្រាដោយក្ដីប្រមាថ ។


ជួយគិតមើលចុះតើខុសឬត្រូវ


កាលដែលយើងនៅមានវិទ្យុជាតិ


និងប៉ុស្ដិទូរទស្សន៍សខ្មៅមួយទៀត


សិល្បៈរីកលាតព្រោងព្រាតពេញដី ។


មានល្ខោនបាសាក់សិល្បៈយីកេ


ល្ខោនខោលរាមកេរ្ដិ៍អាប៉េប្រាមោថៃ


ស្បែកតូចស្បែកធំអាយ៉ងអាយ៉ៃ


រាំវង់ស្គរដីប្របកៃសារាវ៉ាន់ ។


រាំចូកកំពឹសរាំឆ្កើសរាំព្រើន


ឡាំលាវរំពើនសិល្បៈឥសាន


រាំក្បាច់មានក្បួនជួនពីបូរាណ


ខ្មែរគ្រប់ភូមិថានរាប់អានគ្រប់គ្នា ។


មានល្ខោនបាសាក់បាក់ស្រេងអ៊ុនវ៉ាង


ក្រុមល្ខោនអ្នកម្នាងយិនតាតសោភា


សាំងសារុនចេកម៉ាចល្បីល្បាញខ្ទរខ្ទារ


រស្មីចន្ទ្រាគ្រប់គ្នាស្គាល់ច្បាស់ 


កវីនិពន្ធភាពយន្តល្ខោនជាតិ


ក៏រីកព្រោងព្រាតស្រស់ល្អត្រចះ


រោងកុនរោងល្ខោនសម្បូណ៌មិនខ្វះ


ទីផ្សារពោរពាសដោយសុវណ្ណកម្មខ្មែរ ។


ឥឡូវវីដេអូសម្បូណ៌បែបមែន


វិវត្តន៍បត់បែនអួលណែនឥតល្ហែ


គួរនឹកអាសូរដល់វីដេអូខ្មែរ


ស្រាប់តែប្រួលប្រែស្ទើរគ្មានចលនា ។


មូលហេតុដែលនាំឲ្យវប្បធម៌ខ្សោយ


ព្រោះយើងថ្លោះធ្លោយមិនបានរក្សា


រវល់តែរឿងកាប់ចាក់ប្រហារ


សីល្បខ្លោចផ្សាដូចផ្កាស្រពោន ។


ទូរទស្សន៍ចាក់ផ្សាយតែរឿងបរទេស


ឯរឿងខ្មែរចេះតែរលាយសូន្យ


គ្មានអ្នកណាជួយសណ្តោងសណ្តូន


ប្រៀបដូចជាក្បូនលិចក្នុងជលសា ។


រឿងនេះមានតែរដ្ឋជួយផ្សែផ្សំ


គឺអ្នកដឹកនាំដែលមានចេស្តា


ជួយរកវិធីជ្រោមជ្រែងបាចស្តារ


រៀបចំយ៉ាងណាឲ្យរស់ជាថ្មី ។


សព្វថ្ងៃមានអ្នកវិនិយោគច្រើនដែរ


ចូលមកស្រុកខ្មែររកស៊ីសេរី


ខ្លះបើកហាងស្រាហាងលក់បារី


បើកអូតែលថ្មីបនបារកាស៊ីណូ ។


គួរសុំឲ្យគេជួយឧបត្ថម្ភខ្លះ


ដល់ក្រុមដែលខ្វះទុនធ្វើវីដេអូ


ព្រោះផលិតកម្មឥឡូវស្រែកថ្ងូរ


មិនហ៊ានផ្តាច់ផ្តូរព្រោះខ្លាចក្ស័យធន ។


ផលិតបានហើយលក់ឲ្យទូរទស្សន៍


យកលុយដើមនោះមកសងម្ចាស់មុន


ឯប្រាក់ចំណេញទុកធ្វើជាទុន


សម្រាប់កែកុនធ្វើទៅមុខទៀត ។


ពិសេសត្រូវសុំឲ្យក្រុមហ៊ុនខ្លះ


ដែលធ្លាប់ប្រកាសឃោសនាព្រោងព្រាត


ស្ម័គ្រដាក់ពាណិជ្ជកម្មកុំចិត្តចង្អៀត


ឲ្យទូរទស្សន៍ឆ្លៀតបានចំណេញផង ។


បើបានចំណូលចូលខាងទូរទស្សន៍


គេច្បាស់ជាស្មោះទិញមិនមួរហ្មង


ឲ្យតែក្រុមហ៊ុនទាំងនោះជួយផង


ទោះបីឆ្គាំឆ្គងខ្លះកុំប្រកាន់ ។


ជួយលើកទឹកចិត្តដល់វីដេអូខ្មែរ


ឲ្យខំច្នៃកែកាន់តែបានគ្រាន់


គន្លឹះនេះហើយដែលទុកជាឈ្នាន់


ឲ្យកូនខ្មែរជាន់ឈានឡើងអភិវឌ្ឍន៍ ។


ថែមទាំងសុំឲ្យអ្នកវិនិយោគទុន


ជួយសង់រោងកុនរោងល្ខោនហ្មត់ចត់


ដើម្បីឲ្យបានបញ្ចាំងទៀងទាត់


កុំឲ្យកំសត់អត់ដូចឥឡូវ ។


កាលណាផលិតកម្មរស់រានជាថ្មី


តារាប្រុសស្រីលែងព្រួយសោកសៅ


ទាំងអ្នកបច្ចេកទេសគ្រប់ច្រកគ្រប់ផ្លូវ


ឈប់នាំគ្នាទៅរស់នៅបរទេស ។


ឥឡូវតារាស្ទើរតែទាំងអស់


ច្រៀងឃោសនាលក់ទឹកត្រីទឹកខ្មេះ


លើឆាកខនសឺត (Concert) ល្អឆើតវិសេស


ទោះចេះមិនចេះខំប្រឹងតស៊ូ ។


បើវីដេអូរស់កេរ្តិ៍ឈ្មោះតារា


មុខជាភ្លឺថ្លាលែងនៅក្នុងលូ


ដោយសាររដ្ឋជួយជ្រោមជ្រែងគិតគូរ


មិនឆាប់មិនយូរគង់បានសម្រេច...។


            អត្ថបទនេះបានស្រង់ពីកំណាព្យអប់រំរបស់លោក គង់ប៊ុនឈឿន  មាន ឈ្មោះថា បណ្តាំកវី ត្រង់ទំព័រទី ១០២ ។

                                                                        

ដោយ៖ សុផាត

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment