9/18/2011

កតញ្ញូតា

កតញ្ញូតា
ភាវៈនៃអ្នកដឹងគុណ
បទកាកគតិ
កតញ្ញូតា
មានន័យប្រាប់ថា
ជនកតញ្ញូ
ត្រូវតែប្រព្រឹត្ត
តាមបែបគំរូ
ដែលព្រះជាគ្រូ

ប្រាប់ឲ្យតបគុណ ។

មាតាបិតា
គ្រូឧបជ្ឈាយ៍
សុទ្ធតែស្រែបុណ្យ
ជនណាក៏ដោយ
ដែលគេមានគុណ
ក៏ជាស្រែបុណ្យ

ដែលត្រូវសាបព្រោះ ។

បណ្តុះពូជបុណ្យ
ក្នុងស្រែជាគុណ
កុំឲ្យមានមោះ
បុណ្យនឹងកើតកើន
ចម្រើនឥតខ្ចោះ
ត្រូវមានចិត្តស្មោះ

កុំលុបបុណ្យចោល​ ។

កុំគ្រាន់តែថា
មាតាបិតា
មានគុណជាគោល
មាត់ថាត្រូវតប-
គុណកុំច្បោលៗ
ធ្វើដែរស្រាលៗ

សោះតែគេថា ។

ជនអ្នកតបគុណ
ព្រះពុទ្ធមានបុណ្យ
ទ្រង់ត្រាស់ទេសនា
សរសើរញឹកញយ
មានក្នុងសាស្ត្រា
គម្ពីរដីកា

គួរយើងចង់ចាំ ។

ចេះចាំហើយធ្វើ
ដោយចិត្តអើពើ
ឲ្យស៊ប់ឲ្យស៊ាំ
ឲ្យស្និទ្ធដឹងគុណ
គុណតែងថែទាំ
ពុំមានខ្ទេចខ្ទាំ

ព្រោះតបគុណទេ ។

ជនមានចិត្តខ្សោយ
ច្រើនតែធ្វេសធ្លោយ
រមិលគុណគេ
អាងព្រេងសំណាង
ពីក្នុងបុព្វេ
ប្រហែសធ្វេសទ្វេ

ព្រងើយកន្តើយ ។

អ្នកប្រាជ្ញប្រាប់ថា
ជនប្រុសស្រីណា
លុបគុណចោលហើយ
ជនប្រុសស្រីនោះ
ពុំមានសុខស្បើយ
យូរប៉ុន្មានឡើយ

រែងតែធ្លាក់ខ្លួន ។

កំពុងបានសុខ
ស្រាប់តែមានទុក្ខ
ចេញមកផ្ទួនៗ
ឲ្យផលកំណាច
ឃោរឃៅឥតស្ងួន
ទោសមកពីខ្លួន

រមិលគុណគេ ។

ទេព្តាគេខឹង
ព្រោះខ្លួនរឹងត្អឹង
អាងបុណ្យបុព្វេ
ទោសបច្ចុប្បន្ន
ជិះជាន់ឥតល្ហែ
ភ័ព្វព្រេងបុព្វេ

បើមានក៏ផ្អាក ។

ទោសរមិលគុណ
រារាំងមុខបុណ្យ
ព្រេងឲ្យសម្រាក
បង្អង់ឈប់សិន
បាបថ្មីវិបាក
ឲ្យផលឥតស្រាក

ព្រោះបានឱកាស ។

បុណ្យបាបចាស់ថ្មី
តែងតែរំពៃ
ពុំមែនផ្តេសផ្តាស
កាលមានចន្លោះ
ត្រូវពេលសស្រ៊ាស
ហាក់ដូចប្រកាស

ប្រាប់ថាត្រូវអញ ។

ចេញមុខផ្តល់ផល
សុខទុក្ខឲ្យដល់
ជនណាដែលកាញ់
កសាងបង្កើត
កំណើតជាអញ
អញជាសម្លាញ់

ត្រូវអញឲ្យផល ។

រីបុណ្យឬបាប
ដែលមានសភាព
ជាកម្មតែងផ្តល់
សុខទុក្ខឲ្យជន
អ្នកធ្វើឲ្យដល់
នូវក្តីសល់វ៉ល់

ឬក្តីសុខសាន្ត ។

បាបតែងរារាំង
បុណ្យឲ្យនៅគាំង
ផ្អាកសិនពុំបាន
ចេញមុខឲ្យផល
ជាសុខសម្រាន្ត
អ្នកធ្វើតែងបាន

ទទួលរងទុក្ខ ។

បុណ្យក៏រារាំង
បាបឲ្យនៅគាំង
ផ្អាកពុំចេញមុខ
ព្រោះមានឱកាស
បុណ្យផ្តល់ក្តីសុខ
សុទ្ធតែមានមុខ

ទីទៃពីគ្នា ។

ហេតុនោះគួរជន
កុំនៅទម្រន់
ក្នុងក្តីខ្ជីខ្ជា
គួរកសាងបុណ្យ
មានគុណមហិមា
ទើបបានឈ្មោះថា

អ្នកស្រឡាញ់ខ្លួន ។


ព.ស.២៥១២

វត្តឧណ្ណាលោមភ្នំពេញ, ថ្ងៃទី ២៦ ខែធ្នូ
-----------------


គ.ស.១៩៦៨

ព្រះហស្ថលេខា
សម្តេចព្រះសង្ឃរាជ
ជ.ណ. ជោតញ្ញាណោ
អ.ប.ស.-អ.ម.រ
ស្រង់ចាកសៀវភៅទស្សនៈ សម្តេចព្រះសង្ឃរាជ​ ជួន ណាត

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment