9/14/2011

តារារាប់រយ ច័ន្ទមួយភ្លឺជាង

ផ្កាយច្រើនអនេក   រះនៅពេញមេឃ   តើប្រយោជន៍អ្វី
ព្រោះមិនអាចញ៉ាំង   ស្បៃខ្មៅរាត្រី      ឱ្យភ្លឺស្វាងស្វៃ
         ចាកក្ដីអន្ធការ   ។
អ្នកមានបុត្រច្រើន   តែមិនចម្រើន      ដល់ពូជពង្សា
ច្រើនតែបុត្រពាល   នាំរាលក្ដៅផ្សា      តើនឹងប្រាថ្នា
         បុត្រនោះឬទេ   ។
ទោះបុត្រតែមួយ   តែអាចលើកស្ទួយ   គិតគូរគ្នាន់គ្នេរ
ឱ្យម្ដាយឪពុក      ខ្ពស់មុខនិងគេ      យសស័ក្ដិខ្ពស់ទ្វេរ
         ព្រោះបុត្រពិសី   ។
ដូចដួងចន្ទ្រា      តែមួយអង្គា      ហៅសែនប្រពៃ
ពេញវង់ត្រចង់      ចាំងចែងរស្មី      អាចញ៉ាំងរាត្រី
         ឱ្យស្រស់ត្រកាល។
                  អ.ស.ជ.ស.ហ

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment