9/18/2011

កាព្យរំលឹកអំពីអក្សរខ្មែរ

កាព្យរំលឹកអំពីអក្សរខ្មែរ
ព្រះរាជនិពន្ធសម្តេចព្រះសង្ឃរាជ គណៈមហានិកាយ
បទពាក្យ ៧
អក្សរខ្មែរ
អក្សរសាស្ត្ររុងរឿងដោយសារខ្មែរ
ពុំហ៊ានបែកបែរឲ្យភ្លាត់ខុស
ជនខ្មែរគ្រប់គ្នាទាំងស្រីប្រុស
ពុំហ៊ានបង្ខុសឲ្យខូចបង់ ។
ជនខ្មែរស្រុះគ្នាលើកតម្កើង
ដំឡើងពាក្យពេចន៍ដោយផ្ចិតផ្ចង់
ខ្មែរជាគ្រហស្ថខ្មែរជាសង្ឃ
ខំប្រឹងតម្រង់អក្សរជាតិ ។
អក្សរវិបត្តិជាតិវិបត្តិ
ខ្ចាយខ្ចាត់រាត់រាយក្លាយឃ្លៀងឃ្លាត
ហេតុនេះខ្មែរយើងកុំរវាត
ត្រូវរក្សាជាតិឲ្យរឹងប៉ឹង ។
បើដឹងមិនដល់កុំធ្វើចេះ
ចំណេះតិចតួចស្តួចស្តើងស្តឹង
បើចង់ច្បាស់លាស់ត្រូវខំប្រឹង
កុំដេកសម្ងំឲ្យចេះឯង ។
ចំណេះកើតមានព្រោះការរៀន
កម្ជិលអៀនប្រៀនកុំសម្តែង
ធ្វើឲ្យគេស្ងើចគេកោតក្រែង
ស្លាក់ស្លែងទេកុំរិះគន់គេ ។
ត្រូវរិះគន់ខ្លួនឯងជាមុន
កុំឲ្យស៊យស៊ុនខុសទទេ
បើឆ្ងល់ពុំយល់ត្រូវសួរគេ
ឥតថោកអ្វីទេថ្លៃទេតើ ។
បុរាណថាថោកអីនឹងដៃ
ថ្លៃអីនឹងមាត់ពោលសើវ៉ើ
រៀនទៅសួរទៅទើបគ្រាន់បើ
អើពើចង់ចេះប្រសើរណាស់ ។
ចាស់ថាបើល្ងង់កុំធ្វើចេះ
បើមានចំណេះឲ្យជាក់ច្បាស់
បើស្តើងហើយចង់ឲ្យបានក្រាស់
ត្រូវថែមកម្រាស់ផ្សំសាច់គ្នា ។
អបស្ទបប៉ះប៉ុនយកកម្រាស់
កុំចាំងកុំច្រាស់ហួសមាត្រា
ប៉ះផ្សំផ្គុំភ្ជិតទើបកើតជា
ទោលឬបន្ទោរមួនជាងមុន ។
បើចេះអក្សរនិងភាសា
នៃជាតិណាៗកុំជ្រុលស៊ុន
ងាប់ស័ព្ទប្រែស្រាយក្លាយជាប់កុន
សុនគ្រុនប្រែក្លាយឃ្លាតក្តីពិត ។
កាលដែលប្រារព្ធនឹងប្រែស្រាយ
ត្រូវគិតនាយអាយដោយពិនិត្យ
ឲ្យឃើញសេចក្តីជាខ្មែរពិត
សឹមប្រែកុំផ្តិតតាមពាក្យគេ ។
ត្រូវប្រែឲ្យមកជាសេចក្តី
ដែលខ្មែរប្រុសស្រីអាចរិះរេ
ស្តាប់យល់មិនឆ្ងល់ទើបហៅប្រែ
ត្រឹមត្រូវតាមរូបសេចក្តីពិត ។
អ្នករៀនភាសាជនបរទេស
ទ្វេធ្វេសដោយការឥតបើគិត
កាលខ្លួនកំពុងរៀនប្រឹងប្រិត
ប្រែផ្តិតឲ្យចំតាមរូបស័ព្ទ ។
ភ្លេចនឹកគិតមកភាសាខ្លួន
ឲ្យយល់សំនួនដែលងាយស្តាប់
សម្លឹងសង្កេតតែរូបស័ព្ទ
ក៏ស្រាប់តែប្រែខុសទាំងស្រុង ។
អ្នករៀនសំស្ក្រឹតឬបាលី
ប្រែខុសសេចក្តីព្រោះភ័ន្តផុង
យល់ខុសទទេទាំងដើមចុង
ចូលក្នុងវិងស៊ុងខ្មាសអ្នកផង ។
តិដ្ឋៈបាលីប្រែថាឈរ
អ្នករៀនឈ្លក់វរអន់ម្តងៗ
ត្រង់មានសេចក្តីថាស្ងួនគ្រង
ប្រែឆ្គងថាឈរនៅងាប់ស័ព្ទ ។
បារាំង «ព័រតេសួរឡាតែត» (១)
ខ្មែរឆ្អែតចិត្តជាប់បែរប្រែប្រាប់
អ្នកដែលមិនចេះឲ្យគ្នាស្តាប់
បង្គាប់ថាឲ្យកាន់សីលក្បាល ។
មិនប្រាប់ឲ្យគ្នាដឹងថាទូល
នេះហៅស្រមូលពុំត្រកាល
ពាក្យខ្មែរថាទូលក៏លើក្បាល
ត្រកាលប្រែខុសពីពាក្យខ្លួន ។
តែងកាព្យឲ្យត្រូវតាមសម្ផស្ស
តាមកាព្យចាស់ៗដែលមានចួន
កុំចេះតែតែងតាមចិត្តខ្លួន
ឲ្យកាព្យមានចួនខុសមាត្រា ។
ពាក្យអឺយនិងអើយ(២)សូរផ្សេងគ្នា
ដូចជាប្អូនអើយ(៣)ម្តេចឡើយថា
ស្តាប់បងមិនឮឬស្ងួនភ្ងា
ធ្វើជាមិនឮព្រោះរឹងខ្លួន ។
ព្រះបាទសម្តេចព្រះហរិរ័ក្ស
ទ្រង់បានបញ្ជាក់ដោយផ្ទួនៗ
ក្នុងកាព្យព្រះអង្គដែលមានចួន
សំនួនសម្ផស្សឥតមានឆ្គង ។
កវីគួរតែយកតម្រាប់
ពុំគួរប្រញាប់កាត់រំលង
រំលុបបែបនោះមិនត្រាប់ត្រង
ខុសពីបំណងអ្នកប្រាជ្ញចាស់ ។
មានអ្នកតែងកាព្យខ្លះហ៊ានថា
ម្តេចមិនវាចាឲ្យជាក់ច្បាស់
ប្រើជាកិរិយាខុសស័ព្ទណាស់
គួរផ្លាស់សម្តីនេះចោលចេញ ។
                                                                ជ.ណ
ពន្យល់
(១) Porter sur la tête ។ (២)-អានថា «អ្ហើយ»។ (៣)-អានថា​ «ប្អូនអ្ហើយ ឬ ប្អូនណើយ» កុំថា ប្អូនអើយ ។
កំណាព្យនេះដកស្រង់ពីទស្សនៈសម្តេចព្រះសង្ឃរាជ ជួន ណាត

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment