9/10/2011

បុរាណសុភាសិត

វិស័យ​ចិត្ត​ល្អ​នឹង​ក្រ​ខ្លួនមើល​ក្បួន​លំអាន​បុរាណ​ប្រាម

ការ​ខុស​ចោល​ទៅ​ការ​ត្រូវ​តាម    

ឯ​តាម​គួរ​កាត់​រំលត់​ខ្លះ។

កុំ​ទៅ​បណ្ដោយ​ឲ្យ​វា​ឆេះ

ក្រែង​ទាល់​ចំណេះ​លត់​មិន​ឈ្នះ 

នឹង​បង់​របស់​អស់​តបះ 

កាន់​មានៈ​គង់​មនុស្ស​គេ​និន្ទា។

គិត​អ្វី​ឲ្យ​វែង​កុំ​បែងខ្លី

វិស័យ​ចង់​ស្រី​មើល​ឫកពា

ផ្គាប់​ស្ដេច​តោង​មើល​ព្រះ​ទ័យា  

ផ្គាប់​រាស្រ្ត​ដូច​គ្នា​តោង​មើល​ចិត្ត។

ភ្ញៀវ​មក​តោង​មើល​អាការ​ចេញ

ពោល​ពាក្យ​ម្ដេច​មិញ​គង់​ឃើញ​ពិត

ពាក្យ​ស្លែង​រែង​ស្លូត​ជួន​ជា​មិត្រ 

ពាក្យ​ពិត​ជួន​ពាល​មមាល​វិញ។

ពាក្យ​លេង​ជួន​ឡ​កល​ប្រាជ្ញា

ពាក្យ​ព្រាង​មុសាការ​គេ​ដេញ

អួត​ខ្លួន​តោង​ឃ្លាត​ពី​ខ្លៅ​ចេញ 

ស្រឡាញ់​តោង​ថ្នម​លោម​មើល​ចិត្ត។

គេ​លើក​កុំ​ឡើង​ទៅ​តាម​យស 

ឡើង​ខ្ពស់​មើល​ទាប​រក្សា​មិត្រ

ដើរ​មុខ​ទុក​ក្រោយ​កុំ​ឲ្យ​ជិត  

លោក​ប្រែ​តោង​ប្រព្រឹត្ត​ចិត្ត​កុំ​ប្រែ។

កាន់​ប្រាជ្ញ​កុំ​ប្រប​សម្រប​តាម          

ហួស​ហើយ​កុំ​ហាម​ឲ្យ​តាម​កែ

បទ​ខ្លី​តោង​វៀរ​វៀស​បែរ                 

រៀន​ស្នេហ៍​តោង​ស្និទ្ធ​ចិត្ត​ឲ្យ​ស្ងួន។

ប្រាក់​មាន​លើក​ឲ្យ​គេ​ខ្ចី​ទៅ         

ចំណេះ​ចេះ​នៅ​តែ​ក្នុង​ក្បួន

ប្រពន្ធ​នៅ​ឆ្ងាយ​អំពី​ខ្លួន 

ដល់​ជួន​ត្រូវការ​រអារ​ចិត្ត។

ចេះ​ច្រើន​លំបាក​យ៉ាត​នឹង​គេច

ចេះ​តិច​ព្រួយ​ប្រាណ​រំខាន​គិត

ល្ងង់​ល្ងើ​ប្រើការ​ដូច​ងងឹត 

ឥត​បើ​គិត​មិន​កើត​ការ​នោះ​បាន។

តាំង​ខ្លួន​តោង​ឃ្លាត​ពី​ខ្លៅ​ចេញ

វែង​ណាស់​លលេញ​ហួស​ប្រមាណ

លក់​ដូរ​មើល​ដើម​ឲ្យ​ដឹង​ដាន 

គិត​អាន​សឹម​ធ្វើ​តាម​ប្រាជ្ញា។

ទូក​លឿន​ជិះ​លុប​អុំ​ឲ្យ​លិច        

ត្បូង​ពេជ្រ​រឹង​ម្ដេច​គង់​ប្រេះ​ឆា

ទី​ស្ងាត់​ប្រយ័ត្ន​ចេញ​វាចា

គិត​អាថ៌​ឯណា​កុំ​អាង​ជិត។

ភ្លាត់​មាត់​មិន​ទប់​កំពប់​ប្រាក់           

ភ្លាត់​ជើងៗបាក់​មាន​ថ្នាំ​បិទ

ភ្លាត់​ការ​គង់​កែ​បំបែរ​គិត

ភ្លាត់​ចិត្ត​គង់​ចាប់​ទៅ​តាម​ចេះ។

យល់​ញាតិ​ឃ្លាត​ច្បាប់​ចាប់​រវាត

យល់​ការ​គង់​ឃ្លាត​ឃ្លៀង​ចំណេះ 

ដំរី​ជើង​បួន​គង់​ភ្លាត់​អេះ

អ្នក​ប្រាជ្ញ​ដែល​ចេះ​គង់​ភ្លាត់​ខ្លះ។

ចាប់​ត្រី​ដៃ​ពីរ​តម្រា​ហាម 

ចាក់​អង្ករ​យក​អង្កាម​ហាម​មិន​ឈ្នះ

អុំ​ទូក​ឡើង​ភ្នំ​ខំ​មានៈ 

ព្រះ​ទៅ​សំពះ​ឯ​បាយាប។

ស្លៀក​សសាង​ព្រឹត​ចិត្ត​នៅ​ខ្មៅ

ចោល​ប្រាជ្ញ​តាម​ខ្លៅ​ចង់​ចៀស​បាប

លូក​វែក​ឲ្យ​ដឹង​រស​ប្រៃ​សាប

យក​ខ្សាច់​មក​គាប​បាន​ប្រេង​ឬ។

ឫស្សី​ធ្វើ​ក្លាក់​ដាក់​គ្មាន​ថ្នាំង

គង​ស្គរ​រគាំង​វាយ​មិន​ឮ

សុរិយា​មិន​យក​ជា​ពន្លឺ

កាន់​ជឿ​អំពិល​អំពែក​សត្វ។

ចង​អ្វី​មិន​ខ្ជាប់​ស្មើ​សង្សារ

ការ​អ្វី​មិន​ស្មើ​ការ​ប្រតិបត្តិ

ស្ងាត់​អ្វី​មិន​ស្មើ​ចិត្ត​ដែល​ស្ងាត់

កាច​អ្វី​មិន​ស្មើ​ជន​ពាលា។

រោគ​អ្វី​មិន​ស្មើ​ឃ្លាន

ទាន​អ្វី​មិន​ស្មើ​ទាន​ទេសនា

មាន​អ្វី​មិន​ស្មើ​មាន​ប្រាជ្ញា 

ជា​អ្វី​មិន​ស្មើ​ចិត្ត​ជា​បុណ្យ។

រហ័ស​អ្វី​មិន​ស្មើ​ចិត្ត​ដែល​នឹក

មុត​អ្វី​មិន​ស្មើ​ទឹក​ហូរ​ជោរ​ជន់ 

ធ្ងន់​អ្វី​មិន​ស្មើ​ព្រះ​គុណ​ធ្ងន់

ធន់​អ្វី​មិន​ស្មើ​ប្រពន្ធ​ប្រើ។

មើល​មេឃ​តោង​មើល​ទៅ​ទេវតា 

ចូល​ព្រៃ​ព្រឹក្សា​តោង​មើល​លើ

យក​មិត្រ​មើល​ចិត្ត​ឲ្យ​ស្មោះ​ស្នើ

យក​ក្លើ​តោង​មើល​ឲ្យ​សម​ប្រាណ។

ធ្វើ​ស្រែ​ចំការ​ឲ្យ​មើល​ស្មៅ

ទុក​ដាក់​កូន​ចៅ​មើល​សន្ដាន

ធ្វើ​ទី​លំនៅ​មើល​ភូមិ​ឋាន 

បរិភោគ​ប្រមាណ​មើល​អាហារ។

ដាវ មុត ៗមែន​នៅ​ក្នុង​ស្រោម

វិជ្ជា​ចេះ​ព្រម​មិន​ត្រូវការ

ជាតិ​ស្រី​ឥត​ប្ដី​នឹង​ព្យាបាល

គផសារ​ឥត​ហ្ម​នឹង​ប្រដៅ។

ទឹក​ខ្លាច​គេ​ដង​ទុក​ដំកល់

ជាតិ​ដែកៗដុល​ខ្លាច​ដំឆៅ

គ្រញូង​ខ្លាច​ធ្វើ​ខ្នួច​កួច​ដូច​ស្មៅ

ទូក​ខ្លាច​គេ​ទៅ​ជាន់​គែម​ផ្អៀង។

ហោរា​ប្រយ័ត្ន​មាត់​រអិល

ជាង​ទង​កាន់​សីល​ប្រយ័ត្ន​ទៀង 

ចៅ​ក្រម​ប្រយ័ត្ន​មិន​លំអៀង

អ្នក​ផ្ទៀង​ប្រយ័ត្ន​បាត់​អក្ខរា។

លលេង​កូន​ក្មេង​គង់​អាប់​យស

លលេង​នឹង​ពស់​គង់​ចឹក​ផ្សា

លលេង​អ្វីៗ គង់​គេថា

លេង​ស្រី​លេង​ស្រា​គង់​ឆ្កួត​ចិត្ត។

ឯ​ស្រា​នឹង​ស្រី​បី​នឹង​ល្បែង

គួរ​លះ​គួរ​លែង​កុំ​ប្រព្រឹត្ត

ព្រោះ​នាំ​ឲ្យ​ខ្វល់​អំពល់​ចិត្ត 

វិបរិត​ផ្ដាសៗក្នុង​លោកិយ។

តែ​ថា​ឯ​ស្រា​នឹង​ការ​ល្បែង

គួរ​លះ​គួរ​លែង​បាន​មិន​អ្វី

ឯ​ត្រង់​ចំណង់​នឹង​ស្រីៗ

លោកិយ​ឃើញ​ក្រ​បើ​លះ​បាន។

លះ​បាន​តែ​លោក​ព្រះ​យោគា

ភាវនា​ចំរើន​ព្រះ​កម្មដ្ឋាន

បន្ថយ​ក្ដី​ស្រេក​សម្រេក​ឃ្លាន

តាំង​នៅ​ក្នុង​ឈាន​ស្ងប់​ស្ងាត់​អើយ ។

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment