8/14/2011

អ្នករត់ម៉ូតូឌុប


ទ្រីនៗទ្រឺនៗលឿនដូចហោះ
ឆ្វែលឆ្វាត់ផ្លេកផ្លោះកាត់ទីក្រុង
ឌុបអ្នកដំណើរមិនអែអង់
ត្រេចត្រង់ត្រឹមត្រូវមិនប្រមាថ។
ថ្ងៃខ្លះឌុបតាយាយមីងអ៊ំ
ថ្ងៃខ្លះក្រៀមក្រំរកស៊ីខាត
អត់មានអ្នកជិះសល់តែកាត
មុខជូរដូចត្មាតដេកចាំព្រៃ។
ថ្ងៃខ្លះមុខរីកដូចគ្រាប់ជីរ
បានឌុបនារីស្រស់ពេកក្រៃ
ក្លិនក្លួនក្រអូបដូចចំប៉ី
រំភើបដួងចៃតែម្នាក់ឯង។
រាល់ថ្ងៃដឹកឌុបអស់មនុស្សសត្វ
វត្ថុគ្រប់សព្វមានកញ្ច្រែង
ឧស្សាហ៍ធ្វើការយ៉ាងរអែង
ប្រឹងប្រែងញើសហូរប្តូរជីវិត។
បាយត្រឹមបាតឆ្នាំងអាំងត្រីងៀត
ហូបចុកត្បិតត្បៀតមានកំរិត
សន្សំលុយកាក់ផ្ញើញាតិមិត្ត
 ម៉ែឪក្រពិតឯស្រុកស្រែ។
មួយថ្ងៃសន្សំខំតក់ៗ
រកស៊ីដង្ហក់មិនត្អូញត្អែ
របរសុចរិតមិនលួចគេ
សូមព្រះយាងថែលុះភ្លឺស្វាង។

ដោយ ៖   អ្នក​ស្រី កែវ​ ច័ន្ទបូរណ៍
            មិនីសូតា សហរដ្ឋ​អាមេរិក 

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment