8/14/2011

គុណមាតា


ខ្ញុំបាទសូមគោរពមកដល់
លើកដៃតម្តល់លើសិរសា
 
 
ចំពោះមីងមាលោកយាយតា
សូមប្រោសមេត្តាតាមដានស្តាប់
 
សូមលើកយកពីគុណមាតា
នៅក្នុងតម្រាច្រើនសែនច្បាប់
 
 
គុណមាតាមិនអាចរ៉ាយរ៉ាប់
ខ្ញុំបាទសូមប្រាប់ថាច្រើនណាស់
 
មាតាមាតុប្រែថាម៉ែ
បកស្រាយជាខ្មែរបានន័យច្បាស់
 
 
អ្នកឱ្យកំណើតទាំងក្មេងចាស់
សូមលោកអង្គម្ចាស់បានជ្រាបន័យ
 
តទៅខ្ញុំបាទសូមនិទាន​
ពីកូនដែលមានចិត្តអប្រិយ
 
 
តវ៉ាម៉ែខ្លួនដោយសម្តី
ហ៊ានទារហ៊ានស្តីសុំលុយកាក់
​​ (កូន)
ម៉ែអើយ ! លោកម៉ែពេលប្រើខ្ញុំ
នូវការធំដុំកុំភ្លេចប្រាក់
 
 
ខំធ្វើការម៉ែដោយទុកដាក់
ទើបកូនសុំប្រាក់ពីលោកម៉ែ
 
ទោះបីប្រើកូនឱ្យលាងចាន
ខ្លួនប្រាណកូនបាននឿយហត់ដែរ
 
 
អញ្ចឹងទើបកូនសុំប្រាក់ម៉ែ
ថាតើលោកម៉ែឱ្យឬអី​ ?
(ម៉ែ)
ឱ ! កូនសំលាញ់មាសម៉ែអើយ
ចុងកុំព្រងើយខ្ជិលពេកក្រៃ
 
 
កូនខំធ្វើការឱ្យពេញដៃ
កូនចង់បានអ្វីម៉ែឱ្យបាន
 
ប្រាំបួនខែកន្លងផុតទៅ
កូនម៉ែមាសពៅផ្ញើខ្លួនប្រាណ
 
 
គេងលក់ក្នុងពោះយ៉ាងសម្រាន្ត
ម៉ែមិនដែលបានគិតប្រាក់ឡើយ
 
ពេលកូនធំឡើងម៉ែឱ្យបៅ
ថ្នាក់ថ្នមកូនពៅមិនកន្តើយ
 
 
បីកូនឱ្យគេងលើពួកខ្នើយ
បក់ឱ្យរហើយខ្លាចកូនក្តៅ
 
សត្វរុយស្រមោចជាសត្វល្អិត
មិនឱ្យមកជិតកូនមាសពៅ
 
 
បីរូបកូនមកថ្នមលើភ្លៅ
សុំកូនមាសពៅបានក្តីសុខ
 
ពេលកូនត្រូវការរៀនសិក្សា
ម៉ែខំធ្វើការពេញបន្ទុក
 
 
ទោះបីរងាក្តៅរងទុក្ខ
ម៉ែខំសំរុកធ្វើចំការ
 
ខ្លាចកូនពិសីអត់ប្រាក់រៀន
ទោះខ្លួនអត់ខ្លានមិនដែលថា
 
 
ឱ្យតែកូនរស់បានសិក្សា
នោះក្តីប្រាថ្នានៃដួងចៃ
 
ពេលកូនសំរេចការសិក្សា
ម៉ែរកសង្សារឱ្យកូនថ្លៃ
 
 
ចង់បានកូនអ្នកណាសូមស្តី
បារាំងខ្មែរថៃម៉ែរកឱ្យ
    
មិត្តអ្នកអានជាទីគោរព កំណាព្យនេះតែងឡើងដោយហេតុការណ៍ពិតប្រាកដមួយ
ក្នុងសង្គមខ្មែរយើងនាបច្ចុប្បន្ននេះ ខ្ញុំបានជួបគ្រួសារមួយហើយគាត់មានកូនប្រុស
ម្នាក់ពេលគាត់ប្រើ​​​​​​​ឱ្យធ្វើការកូនតែងតែទារប្រាក់ពីគាត់ទើបកូននោះធ្វើការដោយ
ហេតុតែកូននោះចង់បានប្រាក់ទុកទិញហ្គេមលេង។
ឈន់ សុទ្ធិពង្ស

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment