8/31/2011

បើសិន​ទ្វីប​លោក


បើសិន​ទ្វីប​លោក​មាន​សច្ចៈ             ខ្ញុំ​សូម​ថ្នម​ថ្នាក់​ហើយ​ភក្តី
បើ​សិន​ទ្វីប​លោក​ចេះ​ប្រណី             ខ្ញុំ​សូម​បម​បី​ហើយ​ស្នេហា​។
បើ​សិន​ទ្វីប​លោក​ពោល​ពាក្យ​ពិត      ខ្ញុំ​សូម​ស្នេហ៍​ស្និទ្ធថើប​ភ័ត្រ្តា
បើ​សិន​ទ្វីប​លោក​មាន​មេត្តា             ខ្ញុំ​សូម​ស្នេហា​លុះ​អវសាន
បើ​សិន​ទ្វីប​លោក​ចេះ​សន្តោស        ខ្ញុំ​សូម​រូប​នោះ​ទុក​ក្នុង​ប្រាណ
បើ​សិន​ទ្វីប​លោក​បាន​សុខ​សាន្ត      ខ្ញុំ​សូមផ្ញើ​ប្រាណ​ក្នុង​លោក​នេះ។
តែ​លោកិយ​នេះ​គឺ​លោក​ទុក្ខ            លោក​ខ្វះ​ក្តី​សុខ​មនុស្ស​ស្រី​ប្រុស
លោក​ខ្វាក់​ច្រឡំត្រូវ​ជា​ខុស            លោក​ខ្វះ​សន្តោស​ខ្វះ​មេត្តា។
លោក​ខ្វះ​សីលធម៌​ខ្វះ​ពាក្យ​ពិត       លោក​ខ្វះ​អាណិត​ខ្វះ​ករុណ
លោក​ស្អុយ​រលួយ​លោក​សោកា     លោកិយ​លោកា​គឺលោក​កម្ម។
លោកិយ​ច្រណែន​លោក​ព្យាបាទ    ខ្ញុំ​សូម​ឲ្យ​ឃ្លាត​កុំ​ចង​ចាំ
បើ​សិន​ខ្ញុំ​ស្លាប់​សូម​ផ្តែផ្តាំ              សូម​ឲ្យ​លោ​កកម្ម​កុំ​ចង​ពៀរ។

សុខ​ សុត្ថាល ឆ្នាំ១៩៧២

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment