8/29/2011

អនិច្ចាភាពយន្តខ្មែរ(ពាក្យប្រាំពីរ)



១.នឹកឡើងខ្លោចចិត្តអាណិតក្រៃ  ​​​​    អាសូរវិស័យភាពយន្តខ្មែរ
ពីមុនធ្លាប់ល្បីនឹងគេដែរ      ​​          ឥឡូវស្រាប់តែប្រែបាត់ឈ្មោះ។
២.គេឈប់ចូលចិត្តខ្ពើមទស្សនា      គេថាមើលថ្វីនាំអាប់យស
តួដើរកាច់រាងមុខដូចងោះ             គេមើលទូរទស្សន៍ប្រសើជាង។
៣.គេថាកុនខ្មែរស្រែចូលក្រុង         ពីដើមដល់ចុងគ្មានរៀបរៀង
ធុញស្អប់រឿងខ្មែរច្រើនតែច្រៀង      ជួនដើរក្រោមភ្លៀងឃ្វាងអត្ថន័យ។
៤.គេថាកុនខ្មែរមិនដែលល្អ            អ្នកមានអ្នកក្រយុវវ័យ
មើលតែរឿងខ្មោចរន្ធត់ភ័យ            ឯរឿងដទៃមិនមើលសោះ។
៥.គេថាសាច់រឿងមហាអន់           ព្រោះបច្ចុប្បន្នម្នឹះទាំងអស់
ចូលចិត្តតែរឿងព្រើលញ៉េះញ៉ោះ     លូកស្ទាបកៀនកោះដោះខោអាវ។
៦.នឹកឡើងអាណិតផលិតករ         មិនថាមានក្រចាស់ក្មេងសាវ
ប្រឹងដើរទីសទាសដូចជុងដាវ          ផុងដួលប្រាវៗសន្លប់ធំ។
៧.ខំថែវប្បធម៌មិនឲ្យបាត់             ប្រាក់កាសខ្ចាយខ្ចាត់ដូចរែកភ្នំ
ទោះខាតចំណេញមិនហ៊ានយំ        នៅតែរលំមិនបាច់ច្រាន។
៨.មានអ្វីស្តីទៀតកុនខ្មែរអើយ         គេខ្ពើមអ្នកហើយណាភុំផាន
អ្នកនឹងបាត់ឈ្មោះអស់ទាំងប្រាណ   ព្រោះគ្មានសន្តានសណ្តោសស្ទួយ។
៩.គេឥតរវល់ខ្វល់អ្នកសោះ            បែរជាខាកស្តោះឲ្យរឹតព្រួយ
ឲ្យប្រេះឧិរ៉ាផ្សារលួយ                   ព្រឺព្រួចរញ្ជួយគ្មានមិនគួរសោះ។
១០.មិនគួរគេខ្ពើមរអើមអ្នក            គេដៀលត្មះជាក់ឲ្យក្រៀមក្រោះ
ឲ្យអ្នកអាម៉ាស់គ្មានចន្លោះ              ខ្ញុំជូនដោយស្មោះនូវពរជ័យ។
១១.ឲ្យអ្នករុងរឿងដូចគ្រាមុន           ឲ្យខ្មែរគ្រប់ជនឆាប់វិលវៃ
គាំទ្ររូបអ្នកឲ្យមានន័យ                 ជាងកុនដទៃដែលក្រៅសាសន៍។
១២.ឲ្យអ្នករស់រានមានជីវិត            ផុតភពងងឹតដូចគ្រាចាស់
រស្មីត្រចង់ភ្លឺស្រឡះ                     ចែងចាំងជាក់ច្បាស់លើឈ្មោះអ្នក។
ស្រង់ពី៖ ខ្មែរស្មេ

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment