8/31/2011

អបាយ​មុខ


កំណាព្យ អបាយ​មុខ ដោយ​សម្ដេច​ព្រះ​សង្ឃរាជ ជ.ណ. ជោតញ្ញាណោ

«អបាយ​មុខ» ប្រែ​ថា ហេតុ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស ។ ព្រះ​ពុទ្ធសាសនា​ប្រាប់​ថា អបាយ​មុខ, ដោយ​សង្ខេប​មាន ៤ យ៉ាង​គឺ : ១- ឥត្ថីធុត្ត ការ​លេង​ស្រី, ២- សុរាធុត្ត ការ​លេង​ស្រា, ៣- អក្ខធុត្ត ការ​លេង ល្បែង​ភ្នាល់ ឬ​ល្បែង​ស៊ីសង, ៤- បាប​មិត្ត មាន​ជន​ប្រព្រឹត្ត​អាក្រក់​ជា​មិត្ត ។ ទាំង ៤ យ៉ាង​នេះ ជ​ប្រមុខ​នៃ​ការ​ហិនហោច ឬ​សេចក្ដី​វិនាស ។ បណ្ដា​អបាយ​មុខ ៤ យ៉ាង​នេះ បុគ្គល​ណា​ញៀន​ជាប់ ទោះ​ត្រង់​អបាយ​មុខ​ណា​ក៏​ដោយ បុគ្គល​នោះ ក៏​រមែង​តែ​ដល់​នូវ​ការ​ហិនហោច ឬ​វិនាស​ទ្រព្យ​ធន បើ​មិន​ច្រើន​ក៏​តិច ពុំ​ដែលខាន​ឡើយ ។
ពាក្យ​កាព្យ​បញ្ជាក់​ឱ្យ​ងាយ​ចាំ
ពាក្យ ៧
អបាយ​មុខ​ជង្រុក​ហិន សង្កិន​ឱ្យ​ក្ដៅ​ដួង​ហឫទ័យ
ច្រើន​នាំ​អ្នក​លេង​ឱ្យ​សន្ធៃ យប់​ថ្ងៃ​ដេក​ព្រួយ​នឹក​ស្ដាយ​ក្រោយ ។
កំពុង​ប្រព្រឹត្ត​ងងឹត​ឈឹង លុះ​ដល់​រំពឹង​ឃើញ​ញឹក​ញយ
ទើប​បាន​យល់​ច្បាស់​ថា​ខ្លួន​ធ្លោយ ជួន​ក៏​បណ្ដោយ​ដេញ​ជើង​ទៀត ។
ដេញ​ជើង​ត្រា​តែ​ឃើញ​លិច​លង់ រឹត​តែ​ល្ងិត​ល្ងង់​ទ្រូង​ចង្អៀត
អ្នក​ខ្លះ​ម្ល៉ឹង​ហើយ​នៅ​តែ​ឆ្លៀត អង្រៀត​នឹង​ស្លាប់​ទើប​ថយ​ក្រោយ ។
ទំរាំ​ភ្ញាក់​ខ្លួន​ជួន​អស់​ទ្រព្យ ជួន​កាល​ធ្លាក់​ជាប់​ដល់​រូប​ខ្សោយ
កើត​រោគ​ឈឺ​ចាប់​ស្លាប់​បណ្ដោយ គួរ​ឱ្យ​ព្រឺ​ខ្លាច​អបាយ​មុខ ។
ហេតុ​នេះ​យុវ័ន​យុវតី នាង​អ្នក​ប្រុស​ស្រី​គួរ​ខ្លាច​ទុក
ឱ្យ​ហើយ​ពី​ក្មេង​ទាន់​មាន​សុខ ត្រូវ​ខំ​សម្រុក​ប្រឹង​រៀន​សូត្រ ។
នាង​អ្នក​ចូរ​រៀន​កុំ​ធុញ​ទ្រាន់ ទាន់​វ័យ​នៅ​ក្មេង​ត្រូវ​ខំ​ស្រូត
ស្រូត​រៀន​ឱ្យ​ទាល់​តែ​រហូត បាន​ដល់​កោះ​ត្រើយ​សឹម​សម្រាក ។
វិទ្យា​ជា​ទ្រព្យ​ដ៏​ចម្បង កន្លង​លើស​លែង​ឥត​ទ្រព្យ​សាក
ជា​ទ្រព្យ​ស្រាល​ផង​មិន​លំបាក វេច​ជា​បង្វេច​ស្ពាយ​ពុន​រែក ។
ទៅ​មក​យក​ជាប់​ទៅ​ជា​មួយ វិទ្យា​អាច​ជួយ​ឃើញ​ទាន់​ភ្នែក
ចង់​បាន​អ្វី ៗ វិទ្យា​ស្រែក ហៅ​ទ្រព្យ​ប្លែក ៗ ឱ្យ​ចូល​មក ។
វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ចន្ទ្រ ទី ២២ កក្កដា
សម្ដេច​ព្រះ​សង្ឃរាជ ជ.ណ. ជោតញ្ញាណោ

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment