8/31/2011

ដើម​កំណើត​អប្សរា​


អប្សរា....​ ពាក្យ​នេះ​ធ្វើ​ឲ្យ​យើង​នឹក​ទៅ​ដល់​រូប​ទេព​អប្សរ​ទាំង​ឡាយ​ដែល​បុព្វ​បុរស​ខ្មែ​រ​បាន​ឆ្លាក់​នៅ​​តាម​ប្រាង្គ​ប្រាសាទនានា។ រូប​អប្សរា​ តែង​មាន​ទឹកមុខ​ញញឹមស្ងប់​ឥត​ទុក្ខ​កង្វល់​ និង​មាន​កាយវិការ​ទន់​ភ្លន់​ល្វត​ល្វន់​រេរាំ​ហាក់​ដូច​ជា​របាំ​សួគ៌។ តើ​អប្សរា​មាន​ដើម​កំណើត​មក​ពី​ណា?
កំណើត​អប្សរា​មាន​ដំណាល​មក​ពី​រឿង​កូរ​សមុទ្រ​ទឹក​ដោះ។ នៅ​ក្នុង​សមុទ្រ​ទឹក​ដោះ​មាន​ទឹក​អម្រឹត​និង​វត្ថុ​ទិព្វ​ច្រើន​រក​នឹង​គណនា​ពុំ​អស់។ ដោ​យ​ចង់​ឃើញ​នូវ​វត្ថុ​ទិព្វ​ទាំង​នោះ​ និង​ចង់​បាន​នូវ​ជីវិត​អមតៈ ពពួក​ទេព្តា​ និង​ពពួក​យក្ស​ សហការ​គ្នា​កូរ​សមុទ្រ​ទឹក​ដោះដោយ​សន្យាគ្នា​ថា​ បើ​ទឹក​អម្រឹត​លេច​ឡើង​ចំមុខ​ពពួក​ទេព្តា​នោះ​ទឹក​អម្រឹត​បាន​ទៅ​ពពួក​ទេព្តា បើទឹក​អម្រឹត​លេច​ឡើង​ចំមុខ​ពពួក​យក្ស​នោះ​ទឹក​អម្រឹត​បាន​ទៅ​ពពួក​យក្ស។ បន្ទាប់ពី​សន្យា​គ្នា​ម៉ឹង​ម៉ាត​ដូច្នេះ​ហើយ ភាគី​ទាំង​ពីរ​ក៏​ចាប់​ផ្តើម​មហា​បេសកកម្ម​របស់​ខ្លួនដោយ​មាន​នាគ​ឈ្មោះ​វាសុកី ធ្វើ​ជា​ខ្សែសម្រាប់​ទាញ​កូរ​មហា​សមុទ្រ​ទឹក​ដោះ និង​យក​ភ្នំ មុន្ទរៈដែល​នៅ​ចំ​កណ្តាល​សមុទ្រ​ទឹក​ដោះ​ធ្វើ​ជា​ប្រដាប់​បង្វិល​កូរ។ ការ​កូរ​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំទិព្វ​នៅ​ទេវលោក​។ វត្ថុទិព្វ​ដែល​កើត​ចេញ​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​រួម​មានៈ
១. ផ្កា​ បណ្ណ​ជាតិៈ ថ្វាយ​ទៅ​​ព្រះ​ព្រហ្ម​យក​ទៅ​ដាំ​នៅ​ព្រហ្ម​លោក​ទាំង​ដប់​ប្រាំ​មួយ​ជាន់
២. ដំរី​ក្បាល​បី​ឈ្មោះ​ ព្ធរាវ័ណៈ ថ្វាយ​ទៅ​ព្រះ​ឥន្ទ្រ​ធ្វើ​ជា​យាន​ជំនិះ
៣. ព្រះ​នាង​ ស្រី​លក្ស្មីៈ ថ្វាយ​ទៅ​ព្រះ​វិស្ណុ​ធ្វើ​ជា​អគ្គ​មហេសី
៤. សេះ​ស​ឈ្មោះ ឧច្ច័យ​ស្វរៈ មិន​ថ្វាយ​ឲ្យ​អាទិទេព​អង្គ​ណា​ទេ រក្សា​ទុក​ជា​និមិត្ត​រូប​គោរព​ប្រតិបត្តិ​សីល​ប្រាំ​​សម្រាប់​ឋាន​ទាំង​បី គឺ​ឋាន​ទេវលោក ឋាន​មនុស្ស​លោក​ និង​ឋាន​បាតាលលោក។
៥. ទឹក​អម្រឹតៈ ជា​វត្ថុ​សក្តិ​សិទ្ធិ​ធ្វើ​ឲ្យ​មាន​អាយុ​វែង​ឥត​ដែន​កំណត់
៦. អប្សរាៈ អប្សរ​រាប់​សិប​អង្គ​លេច​ចេញ​ឡើងអណ្តែត​ពាស​ពេញ​លំហ​អាកាស​​រេរាំ​របាំសួគ៌​ បន្ទាប់​ពី​វត្ថុ​សក្តិ​សិទ្ធិ​ទី​ប្រាំ​គឺ​ទឹក​អម្រឹត​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​យក្ស​។ ប្រមុខ​អប្សរ​​ធ្វើ​សញ្ញា​ឲ្យ​បរិវារ​ រាំ​របាំង​ទេព​ពង្វក់​ចិត្ត​ពួក​យក្ស​ឲ្យ​ភ្លឹក​ភ្លេច​ផឹក​ទឹក​អម្រឹត។ រស​របាំ​ទាក់​ទាញ​ពួក​អសុរៈ​ឲ្យ​ស្រើប​ស្រាល​ ស្លុត​ស្លុង​អារម្មណ៍​ទៅ​តាម​ក្បាច់​រាំ។ ឃើញ​ឱកាស​ល្អ​ ព្រះ​វិស្ណុ​ក៏​កាឡា​ខ្លួន​ជា​ព្រះ​ពាយ​ឆក់​យក​ទឹក​អម្រឹត​ឲ្យ​ពួក​ទេវតា​ផឹក​ទាំង​អស់​ដើម្បី​ឲ្យ​មាន​ជីវិត​អមតៈ​។ ពេល​បេសកកម្មកូរ​សមុទ្រ​ទឹក​ដោះ​បាន​ចប់​សព្វ​គ្រប់​ហើយ ពួក​ស្រី​ទេព​អប្សរ​ទាំង​អស់​បាន​ក្លាយទៅ​ជា​ស្រី​របាំ​សួគ៌​រាំថ្វាយ​ព្រះ​ឥន្ទ្រ​តាំងតែតពី​នោះ​មក។
របាំ​របស់​ពពួក​ស្រី​ទេព​អប្សរ​នោះ​ សន្មត់​ហៅ​ថា​ របាំ​អប្សរា​។ របាំ​អប្សរា​រាំលើក​ទី​មួយ​នៅ​ឋាន​សមុទ្រ​ទឹក​ដោះហៅ​ថា​ របាំ​ទឹក​អម្រឹត។ ពេល​រេរាំ​ពពួក​ទេព​អប្សរ​តែង​កាន់​ផ្កា​បណ្ណជាតិ​ជា​និច្ច​ ដែល​តំណាង​ឲ្យ​ទេវលោក សុភមង្គល​ និង​ភាព​រុង​រឿង​របស់​សត្ត​និករ​គ្រប់​ឋាន។
អត្ថបទ​ដើមៈ សៀវភៅ​កំណើត​អប្សរា រៀប​រៀង​ដោយ​ ញ៉ែប សែ និង​ ចក់​ ឬទ្ធី បោះ​ពុម្ព​ឆ្នាំ​២០១០ ដោយ​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​សាស្ត្រា

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment