8/31/2011

ប្រយោជន៍ក្រមា​ខ្មែរ

កំណាព្យ​ក្រមា​ខ្មែរ (បទ​ពាក្យ​ប្រាំពីរ)
ក្រមា​ខ្មែរ

នេះ​នឹង​ថ្លា​ថ្លែង​ចែង​ចរចា .................................... ស្តី​ពី​ក្រមា​សូត្រ​អំបោះ
ក្រឡា​ចត្រង្គ​ពណ៌​ល្អ​ស្រស់​ ................................. កូន​ខ្មែរ​ស្រណោះ​គេង​អង្រឹង។
កូន​ប្រុស​កូន​ស្រី​លេង​ជា​ក្រុម​ .............................. ធ្វើ​កូន​ក្រមុំ​ក្រមា​នឹង
ពេល​ងូត​ទឹក​ស្រះ​អូរ​ឬ​ស្ទឹង ................................. ពុក​ម៉ែ​ស្ទុះ​វឹង​យក​មក​ផ្លាស់។
ផល​ពី​ក្រមា​ប្រើ​សព្វ​គ្រប់ .................................... បក់​មូស​ដណ្តប់​ប្រពៃ​ណាស់
ប្រើ​បាន​ទាំង​ក្មេង​បាន​ទាំ​ងចាស់ ........................... ជួន​ជា​ពក​ប៉ះ​ផ្សះ​ផ្លុំ​ស្អំ។
នារី​ផ្លាស់​អាវ​តែង​ចង​ពុង ..................................... ស្រី​ស្រស់​ឆោម​យង់​ទ្រង់​សក្តិ​សម
ការ​កេរ្តិ៍​ជា​ស្រី​ស្រស់​ឧត្តម .................................... ពេល​ការងារ​ខំ​ជា​ឈ្នួត​ក្បាល។
ថ្ងៃ​ក្តៅ​ម្តេច​ក្តី​យើង​ទទូរ ........................................ ដើរ​ឆាប់​ដើរ​យូរ​ល្អ​ត្រកាល
ពេល​ខ្លះ​ស្រី​ទូល​ធ្ងន់​ឬ​ស្រាល .............................. ក្រមា​ទ្រាប់​ក្បាល​ជា​រង្វេល។
ជួន​ជា​សម្រាន្ត​ប្រាណ​ផ្ទាល់​ក្តារ ............................ យើង​ក្រាល​ក្រមា​ជួស​កន្ទេល
ខ្វះ​ខ្នើយ​បត់​កើយ​គេង​លក់​រេល ............................. ប្រើ​បាន​គ្រប់​ពេល​គ្មាន​ខ្វល់​អ្វី​។
ពេល​ក្មេង​តូច​ធំ​ជុំ​អ៊ូអរ ........................................ បាយ​ឡុក​បាយ​ឡ​ទាំង​ប្រុស​ស្រី
ក្រមា​ត្រកួត​ធ្វើ​ខ្សែ​តី ........................................... ប្រមោយ​ដំរី​លេង​សប្បាយ។
ក្រមា​ធ្វើ​ឈូង​លាក់​កន្សែង ................................... លេង​ចាប់​កូន​ខ្លែង​សើច​ក្អាក​ក្អាយ
ពេល​ណា​ងូត​ទឹក​ហែល​ជិត​ឆ្ងាយ ........................... ក្រមា​បាន​ក្លាយ​ពោង​បណ្តែត។
ចង​ក្បិន​ក្រមា​ឡើង​ដើម​ឈើ ................................ ដូង​ត្នោត​លូត​លើ​ខ្ពស់​រាប់​ម៉ែត្រ
ក្រមា​ប្រើ​បាន​ទាំ​ងក្រុង​ខេត្ត ................................. ប្រយោជន៍​ហួស​ហេតុ​ថ្លែង​ពុំ​បាន។
បត់​ចង​ធ្វើ​អាវ​អោយ​កូន​ចៅ .................................. ពេល​ណា​ស្អុះ​ក្តៅ​អស់​អង្គ​ប្រាណ
បក់​ជំនួស​ផ្លិត​យ៉ាង​ចំណាន ................................. នៅ​គ្រប់​សន្តាន​ខ្មែរ​តែង​ប្រើ។
ចង​ជា​ទន្លីង​ឡើង​ដូង​ត្នោត .................................. ទាប​ខ្ពស់​ម្តេច​សោត​សឹង​ប្រសើរ
ជៀស​វាង​គ្រោះ​ថ្នាក់​បាន​គ្រាន់​បើ ......................... ដល់​ដី​ចុះ​ដើរ​យក​បង់​ក។
ទម្លាប់​ខ្មែរ​យើង​មក​យូរ​យារ .................................. ចូល​វត្ត​ពានា​ស្រស់​បវរ
ទាំង​ក្រមា​សូត្រ​អំបោះ​ស ..................................... កូន​ចៅ​ប្រើ​ត​ផៅ​សន្តាន។
ចង្កេះ​បុរស​ចង​ក្រមា ............................................ ងាយ​ធ្វើ​កិច្ច​ការ​ជុំ​វិញ​ប្រាណ
មិន​ទើស​មិន​ទាស់​នាំ​រំខាន​ ................................... ការងារ​ប៉ុន្មាន​តែង​បាន​ផល។
គំនូរ​ចម្លាក់​ឆ្លាក់​លើ​ថ្ម ........................................... ញើស​ហូរ​ម្តេច​ក៏​មិន​អែក​អល់
ក្រមា​ជូត​ញើស​គ្មាន​សេស​សល់ ........................... កូន​ខ្មែរ​មិន​ខ្វល់​ទុក​ជាប់​ប្រាណ។
ក្រមា​ចង​ថ្នក់​ដក់​បន្លែ​ ........................................... អ្នក​ចំការ​ស្រែ​មិន​ដែល​ខាន
ចង​ថ្នក់​ជាយ​ពីរ​ម្ខាង​តាម​បាន​ ............................... ទម្លាប់​សន្តាន​ដូច​គ្នា​ដែរ។
ថ្ងៃ​មាន​កំដៅ​ក្តៅ​ចែង​ចាំង .................................... ក្រមា​ចង​បាំ​ង​អោយ​មាស​ស្នេហ៍
បាន​ម្លប់​អោយ​កូន​ទាំង​ពុក​ម៉ែ ............................... ធ្វើ​ចំការ​ស្រែ​តាម​ត្រូវ​ការ។
ពេល​ធ្វើ​ដំណើរ​ដើរ​ស្រុក​ឆ្ងាយ ............................. សំពាយ​ជាប់​កាយ​ទាំង​យាយ​តា
ខោ​អាវ​សំពត់​វេច​ក្រមា ........................................ ជា​រឿង​ធម្មតា​តាម​ក្រ​មាន។
ពេល​ដាច់ស​ង្វែង​ចូល​ព្រៃ​ជ្រៅ ............................. គ្មាន​ឆ្នាំង​ជាប់​ទៅ​ពេល​ពោះ​ឃ្លាន
ក្រមា​ដំា​បាយ​បាន​ត្រូវ​រៀន ................................... ក្រមា​ធនធាន​ខ្មែរ​ប្រពៃ៕
អត្ថបទ​ដើម ជា​កំណាព្យ​អម​ដោយ​រូប​ភាព

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment