8/29/2011

ហេតុតែគេ (ពាក្យប្រាំពីរ)


១.ហេតុគេកើតមកមានសំណាង          រាងស្វែលស្អាតស្អាងសាច់សថ្លា
វិមានធំស្កឹមចាយដុល្លារ                       ចូលផ្សារក៏មានកងការពារ។
២.តើគេសាងអ្វីពីជាតិមុន?                   បានជាធានទុនគេហូរហៀរ
ខុសពីរូបខ្ញុំរស់វេទនា                            រងាររកខ្ទមជ្រកមិនបាន។
៣.កុំថាឡើយឡានម៉ូតូថ្មី                      សូម្បីពេលឆីក៏ខ្វះចាន
ខ្សោយទ្រព្យខ្សត់មិត្តស្និទ្ធរាប់អាន        ឧិប្រាណខ្ញុំអើយមិនដូចគេ។
៤.បើរឿងការងារខ្ញុំប្រឹងដែរ                  ឥតល្ហែខ្ញុំខំគ្មានទំនេរ
មិនថាចម្ការឬស្រែទេ                            ទុក្ខរឹតកើតទ្វេរខ្វះក្រោយមុខ។
៥.ឯគេមិនដែលឃើញធ្វើការ               ឃើញតែហ៊ឺហារគ្មានកើតទុក្ខ
សាច់ឈាមឥតខ្ចោះម៉ដ្ឋទ្រលុក             តពូជឪពុកម្តាយឬអ្វី?
៦.គេនៅតែស្ងៀមពួនក្នុងផ្ទះ                គេនៅតែឈ្នះគ្រោះក្រក្រី
គេមិនដែលស្គាល់ពាក្យអវចី                ស្កាល់តែចំណីឆីឆ្ងាញ់រស។
៧.រឿងនេះនឹកឡើងខ្មាសគេណាស់    ថ្ងៃខ្លះខ្ញុំរកមិនឆ្អែតពោះ
ស៊ីព្រឹកអត់ល្ងាចមិនសូវលស់               កេរ្តិ៍ឈ្មោះអាប់ឧិនគេមិនមក។
៨.គេវិញមានមិត្តរាប់ឈូឆរ                  មានខ្មៅមានសចេញចូលរក
ជំនូនសំណែនដល់ជម្រក                     ឧិចិត្តខ្ញុំភ្នកហេតុតែគេ។
ដោយ៖ ខ្មែរស្មេរ

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment